ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច​៖ លោក សម រង្ស៊ី មិន​ចូល​ស្រុក ព្រោះ​ប្រពន្ធ​មិន​អនុញ្ញាត​
17, May 2019 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា មិន​ជឿថា លោក សម រង្ស៊ី ហ៊ាន​ចូល​ស្រុក ដូច​ការប្រកាស​របស់​លោក​នោះទេ​។ ប្រធាន​បណ្ឌិត្យសភា លើក​ហេតុផល​៥​យ៉ាង នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។


 
​ទី​១ លោក សម រង្ស៊ី ធ្លាប់​សន្យាថា នឹង​វិល​មក​កម្ពុជា​វិញ​ជាច្រើនលើក​មកហើយ តែ​បានត្រឹមតែ​សន្យា​ខ្យល់​ប៉ុណ្ណោះ​។ ទី​២ កាលពី​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅមាន លោក សម រង្ស៊ី  បាន​លាលែង ហើយ​ដេក​រង់​ចាំមើល​សកម្មភាព​រដ្ឋាភិបាល​កម្ពុជា​។ ត្រង់ចំណុច​ទី​២​នេះ លោក សុខ ទូច​ច ទំនងជា​ចង់​មានន័យថា កាលពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅមាន​រចនាសម្ព័ន្ធ លោក សម រង្ស៊ី  មិន​ហ៊ាន​ចូល​ស្រុក​ផង ដោយ​រង់​ចាំមើល​ការ​បន្ធូរដៃ​ពី​រដ្ឋាភិបាល ចុះ​ទម្រាំ​តែ​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ទៅហើយនោះ តើ​ឲ្យ​លោក សម រង្ស៊ី  ហ៊ាន​មក​យ៉ាងម៉េច​កើត​។ 
 
​ទី​៣ អ្នកស្រី ជូ​ឡុង សូ​មួ​រ៉ា ភរិយា​របស់លោក សម រង្ស៊ី  អាច​នឹងមិន​ផ្តល់ឱកាស​ឲ្យ​លោក វិល​មក​កម្ពុជា​នោះទេ ព្រោះ​អ្នកលេង​នយោបាយ​នៅ​ពី​ខាងក្រោយ​ឆាក គឺ​ភរិយា​របស់លោក សម រង្ស៊ី  មិនមែន​លោក សម រង្ស៊ី ឡើយ​។ ទី​៤ លោក សម រង្ស៊ី អាចធ្វើ​ព្យុះ​-​ធ្វើ​ភ្លៀង​នៅក្រៅ​ស្រុក តែ​ពេល​ចូល​ស្រុក លោក បាន​លើក​ជើងពាន​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ ដូចជា ករណី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី ២/៣ មក ៥០ + ១ ជាដើម​។​
 
​ទី​៥ លោក សម រង្ស៊ី នឹង​មក​កម្ពុជា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល និង​មក​ចាប់​សម្តេច ហ៊ុន សែន ដោយ​របៀប​ណា បើ​ពេល​ខ្លួន​នៅមាន​សមត្ថភាព​និង​លទ្ធភាព លោក ធ្វើ​អ្វី​មិនកើត​ផង ចុះ​ទម្រាំ​ពេលនេះ ខ្លួន​ជា​ទណ្ឌិត ហើយ​ជាប់​បណ្តឹង​ជាច្រើន​ករណី​ផ្សេងទៀត​នោះ​? ដូច្នេះ រដ្ឋាភិបាល មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​។ 
 
​លើក​ហេតុផល​ទាំង​៥​នេះហើយ ប្រធាន​បណ្ឌិត្យសភា ក៏​សន្និដ្ឋាន​បែបនេះ​ថា «​ជារួម​មក អ្វីដែល លោក សម រង្ស៊ី បំផុស​ចលនា​វិល​ចូល​ស្រុក​នេះ វា​គ្រាន់តែ​ជា​សារ​មួយ​ប្រាប់​ទៅ​មហាជន​ថា លោក សម រង្ស៊ី មិន​ដេកលក់​ទេ ហើយ​ខ្លួន​អាចធ្វើ​អាជីវកម្ម​ក្នុងការ​ប្រមូល​ថវិកា​ពី​ការវិល​ចូល​ស្រុក​នេះ​ទៀតផង​។ ម្យ៉ាងវិញទៀត សកម្មភាព​របស់លោក​ដែល​នៅ​កូរ៉េ​កាលពីពេល​ថ្មីៗ​នេះ ថា​ជា​ភាពជោគជ័យ ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​មើល​ពី​ចំនួន​អ្នកចូលរួម​ក្នុង​មហា​បាតុកម្ម​ភ្លើងទៀន​កាលពី​ចុងខែ​មេសា​នេះ គឺ​មិន​ដល់​១​ម៉ឺន​នាក់​ផង ខណៈពេលដែល​ពលករ​ខ្មែរ​នៅ​កូរ៉េ​មាន​ដល់​ជាង​៦​ម៉ឺន​នាក់​ឯណោះ​។ ជាងនេះទៅទៀត​ក្រោយ​បាតុកម្ម​នោះ​ចប់ ក្រុមយុវជន​នៅ​កូរ៉េ​បាន​បែកបាក់​ផ្ទៃក្នុង​ទៀតផង​»​។​
 
​មិនមែន​តែ​លោក សុខ ទូច ទេ មន្ត្រី​រដ្ឋាភិបាល និង មន្ត្រី​គណបក្សកាន់អំណាច ដោយ​រួមទាំង​សម្តេច ហ៊ុន សែន ផង​នោះ ក៏បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី  ដែរ ថា​បានតែ​ប្រកាស​ប៉ុណ្ណោះ ដោយ​មិន​ហ៊ាន​វិល​មក​កម្ពុជា​នោះទេ​។ សម្តេចនាយក​រដ្ឋមន្ត្រី ព្រមាន​វាយខ្នោះ​លោក សម រង្ស៊ី  ឲ្យ​តែ​លោក មកដល់​កម្ពុជា​នៅពេលណា​។ 
 
​លោក សម រង្ស៊ី  កំពុង​ធ្វើ​ចលនា​បំផុស​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស ឲ្យ​វិល​មក​កម្ពុជា​ជាមួយ​លោក ក្នុង​ឆ្នាំ​២០១៩​នេះ​។ លើសពីនេះ លោក ក៏​រំពឹងថា មាន​ប្រជាពលរដ្ឋ​ក្នុងស្រុក ចាំ​ទទួល​លោក​ផងដែរ​៕
 

Tag:
 សុខ ទូច​
  សម រង្ស៊ី
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com