ជាតិ
សង្គមជាតិ
ស្ថានទូតចិន៖ ព្រោះស្រវឹង ទើបចិនមួយក្រុម បង្ហោះវីដេអូព្រមានបង្កអសន្តិសុខនៅព្រះសីហនុ
17, May 2019 , 8:51 pm        
រូបភាព
ការស៊ើបអង្កេតរបស់សមត្ថកិច្ចចិន បង្ហាញលទ្ធផលថា ដោយសារតែស្រវឹង ទើបបានជាជនជាតិចិនប្រមាណ២០នាក់ នាំគ្នាបង្ហោះវីដេអូព្រមានបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។ នេះបើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។



ស្ថានទូតចិន សរសេរថា ក្រោយពីស្រវឹង ពួកគេ ក៏បង្ហោះវីដេអូនោះ ដោយគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ស្ថានទូតចិន បញ្ជាក់បែបនេះថា៖«បុគ្គលទាំងឡាយនៅក្នុងវីដេអូនោះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ»។

អត្ថបទទាក់ទង




ស្ថានទូតចិន បានឲ្យដឹងទៀតថា ក្រុមជនជាតិចិនទាំងនោះ ធ្លាប់បានមកធ្វើការនៅកម្ពុជា កាលពីអំឡុងខែមីនា ឆ្នាំ២០១៩។ ហើយពួកគេ បានថតបង្ហោនោះ ពីក្រុង Chongqing ប្រទេសចិន ក្រោយពីពួកគេ ត្រឡប់ទៅដល់ប្រទេសចិនវិញ។ ស្ថានទូតចិន ពុំបានបញ្ជាក់ទេថា សមត្ថកិច្ច​ ចាប់ខ្លួនឬចាត់វិធានការយ៉ាងណាចំពោះពួកគេ។ 

ស្ថានទូតចិន លើកឡើងយ៉ាងដូច្នេះថា៖«ឆ្នាំនេះ គឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា។ ភាគីទាំងពីរ នឹងចាត់វិធានការជាក់ស្ដែងឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ដែលនឹងនាំមកនូវភាពសុខដុមរមនា និងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ»។

តាមរយៈវីដេអូឃ្លីបប្រមាណ១០វិនាទី ជនជាតិចិនទាំងនោះ ព្រមានថា ពួកគេ ចង់ឲ្យខេត្តព្រះសីហនុ វឹកវរ គឺវឹកវរ ចង់ឲ្យមានសន្តិសុខ គឺមានសន្តិសុខ៕

Tag:
 ចិន
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com