ONE Championship
កីឡាជាតិ
ជាតិ
ស សី បង្ហាត់​គុន​ខ្មែរ​ដល់​កូន និង​ក្មេងៗ​នៅ​ស្រុក​មុខកំពូល ក្រោយ​គ្រួសារ​ប្រាប់​ឲ្យ​ឈប់​វ៉ៃ​
18, May 2019 , 5:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​កីឡាករ​គុន​ខ្មែរ​ជើងចាស់ ស សី បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០១៨​។ ដោយសារ​វ័យ​កាន់តែ​ជ្រេ កម្លាំង​ធ្លាក់ចុះ ហើយ​គ្រួសារ​ផ្ទាល់​ប្រាប់​ឲ្យ​ឈប់​វ៉ៃ​ផង កីឡាករ​វ័យ ៣៧ ឆ្នាំ​រូបនេះ​បែ​ទៅ​បង្ហាត់​កូនប្រុស​ខ្លួន និង​ក្មេងៗ​មួយចំនួន​ក្នុង​មូលដ្ឋាន​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។


 
​ការងា​កមក​បណ្ដុះបណ្ដាល​យុវជន​ក្នុង​វិស័យ​គុន​ខ្មែរ​គឺ​ដោយសារ​ក្ដី​ស្រលាញ់ និង រួមចំណែក​អភិរក្ស​គុន​ខ្មែរ​ហើយ​ម្យ៉ាងទៀត​ភាពកើនឡើង​នៃ​តម្លៃ​ខ្លួន​ពី​ការឡើង​រេញ​ក៏​ជា​ចំណែក​មួយ​សម្រាប់​ការជំរុញ​ទឹកចិត្ត​នេះ​ផងដែរ​។ អតីត​កូនសិស្សលោក អេ ភូ​ថង បញ្ជាក់ថា ៖«​ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ​រៀន ផង និង​ហាត់​ក្បាច់គុន​ប្រដាល់​ផង​។ កូន​ខ្ញុំ​ឈ្មោះ សី កុសល់ ជា​កូន​ទី​២ អាយុ ១១ ឆ្នាំ រៀន​ថ្នាក់​ទី​៣​។ ខ្ញុំ​បង្ហាត់​កូន​ខ្ញុំ ប្រហែលជា ៥ ខែ​មកហើយ​។ គេ​ឆាប់​ចេះ ឆាប់​ចាំ ការ​វ៉ៃ​ល្អ ប៉ុន្តែ​មិនទាន់​ចេះ​ប្រើ​ទម្ងន់ដៃ ដៃ​គេ​នៅ​ស្រាល តែ​វ៉ៃ​ចេញ​បាន​លឿន​។ ប្រហែល​មួយ ឬ ពីរ​ឆ្នាំ​ទៀត បើ​រឹតតែ​ល្អ​ខ្ញុំ​នឹង​ស្វែងរក​សង្វៀន​ឲ្យ​កូន​ខ្ញុំ​ប្រកួត​។ នេះ​ជា​ឱកាស​មួយ​ដែល​ខ្ញុំ​បង្ហាត់​កូន​ខ្ញុំ ព្រោះ​ពីមុន​តម្លៃ​ខ្លួន​តិច​ណាស់ មិន​ដូច​ឥឡូវ​ទេ​ឡើង​រេញ​បាន​ថ្លៃ ហើយ បើ​យើង​ខ្លាំង នោះ​តម្លៃ​ខ្លួន​នឹង​ឡើង​តាម​ហ្នឹង​ដែរ​»​។ 


 
 កីឡាករ​ដែល​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​បាន​ចំនួន ៨​ដង​រូបនេះ​បាន​រៀបរាប់​ទៀតថា ក្រៅពី​កូន​របស់ខ្លួន លោក​មានកូន​សិស្ស​វ័យ​ក្មេង ចំនួន ៧ នាក់​ផ្សេងទៀត​ដែល​កំពុង​ហាត់​យ៉ាងសកម្ម​។ ក្នុងនោះ​មាន​យុវជន​គុន​ខ្មែរ​ពីររូប​អាយុ ១៧ និង ១៨ ឆ្នាំ​ទទួលបាន​ការបង្ហាត់​ខ្លាំងក្លា និង​ត្រៀម​ចាប់​គូ​ឲ្យ​ឡើង​សង្វៀន​ទៀតផង​នាពេល​ឆាប់ៗ​ខាងមុខ ព្រោះថា​សមត្ថភាព​របស់​ពួកគេ​អាច​ឡើង​វ៉ៃ​បាន​ហើយ​។ 
 
​ដ្បិត​ជួប​ការលំបាក​ខ្លះៗ​លើ​ការហ្វឹកហាត់​ដោយសារតែ​ខ្វះ​សម្ភារ ប៉ុន្តែ​លោក​នៅតែ​ក្រាញននាល​ក្នុងនាម​ជា​គ្រូបង្វឹក​ដើម្បី​លើកមុខ​មាត់​នៅ​សហគមន៍​របស់ខ្លួន និង ចង់​ទទួលបាន​ធនធាន​ល្បីឈ្មោះ​កើតចេញពី​ស្រុក​មុខកំពូល​នៃ​ទឹកដី​ខេត្តកណ្ដាល​។ លោក​សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​មាន​បាវ​សាក់​មួយ​ខ្ញុំ​ទិញ​ខ្លួនឯង ហើយ​សម្ភារ​មួយចំនួន​បាន​ពី​លោកគ្រូ ហ៊ុន ច័ន្ទ​រាជ្យ នៃ​ក្លិប Cambodian Top Team ផ្ដល់​ឲ្យ ដូចជា ស៊ី​ប​១​គូ ហ្គ​ង់​សម្រាប់​ក្មេងៗ ២​គូ បង់​រុំ​ដៃ​៣​គូ ឧបករណ៍​ពាក់​ស្នង​ជើង​២​គូ និង​កម្រាល​ហ្វឹកហាត់​ជាដើម​។ ប៉ុន្តែ​នៅ​ខ្វះ​សម្ភារ​ហាត់​ជាច្រើន​ទៀត​ដូចជា សម្ភារ​សម្រាប់​ធាក់​ក្បាលពោះ និង ស៊ី​ប​ជាដើម​។ យ៉ាងណាក្ដី យើង​មាន​ប៉ុណ្ណា គឺ ហាត់​ប៉ុណ្ណឹង​សិន ពេលណា​ខ្ញុំ​អាច​លៃ​ទិញ​បាន ខ្ញុំ​នឹង​ទិញ​បន្តបន្ទាប់​ទៀត​»​។ 


 
​ទោះ​បែបណាក៏ដោយ កីឡាករ​ដែល​ទទួល​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​កម្មវិធី​ប្រដាល់​ខ្សែក្រវាត់​នៅ​សង្វៀន​ស៊ី​ធី​អិន​កាល ១០ ឆ្នាំមុន​បានដាក់​គោលដៅ​មួយ​ជា​យូរ​មកហើយ​ក្នុងការ​បង្កើត​ក្លិប​ប្រដាល់​។ ឥឡូវនេះ​ជិត​ចេញ​រូបរាង បន្ទាប់ពី​ទទួល​លិខិតអនុញ្ញាត​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ពោល​រង់ចាំតែ​លិខិតបញ្ជាក់​ពី​ភូមិ​ឃុំ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ក្លិប​ប្រដាល់​នេះ​មិនទាន់​ដឹងថា​ដាក់ឈ្មោះ​អ្វី​ឲ្យ​ប្រាកដ​នោះ ដោយ​រង់ចាំ​ការពិភាក្សា​សិន​។ អតីត​កូនសិស្ស​របស់លោក ឈិ​ត សារឹម បញ្ជាក់​អំពី​ជំហរ​នៃ​ការបង្កើត​ក្លិប​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ចង់ឃើញ​កីឡាករ​ល្អៗ​ចេញពី​ភូមិ​ឃុំ​របស់ខ្ញុំ ហើយ ខ្ញុំ​រីករាយ​ពេល​ពួក​ទទួលបាន​តម្លៃ​ខ្លួន​ច្រើន​ទៅ​ថ្ងៃ​អនាគត​ព្រោះ​ឥឡូវនេះ​ប្រដាល់​មាន​ទីផ្សារ ហើយ​មិន​ដូច​ខ្ញុំ​កាលពី​ជំនាន់​ខ្ញុំ​ទេ​»​។ 
 
​គួរ​ដឹង​ដែរ​ថា ស សី មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។ ថ្វី​ត្បិត​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​តាំងពី​ថ្នាក់​ទី ៥ ប៉ុន្តែ គេ​បាន​ឡើង​ប្រកួត​នៅ​សង្វៀន​គុន​ចម្រុះ​ចំនួន ៨ ដង​ក្នុងនោះ ឈ្នះ ៤ ដង និង ចាញ់ ចំនួន ៣ ដង គិត​ចាប់​តាំង​ឆ្នាំ ២០១៦ មក​។ បុរស​កូន​៤​រូបនេះ​ចាប់ផ្ដើម​ហ្វឹកហាត់​ប្រដាល់​ជាមួយ​គ្រូ ណុល នៅ​ស្រុក​មុខកំពូល​, លោកគ្រូ សឹង សារិទ្ធ នៅ​ក្លិប​ទ័ពជើងទឹក​,​គ្រូ អេ ភូ​ថង នៅ​ក្លិប​អេ​ភូ​ថង និង គ្រូ ឈិ​ត សារឹម នៅ​ក្លិប​ក្រសួងការពារជាតិ មុន​ប្រកួត​ក្បាច់គុន​ចម្រុះ​នៅ​ឆ្នាំ ២០១៦ ជាមួយ​គ្រូ​ហ៊ុន ច័ន្ទ​រាជ្យ និង គ្រូបង្វឹក​សញ្ជាតិ​អាមេរិក Fernando៕ 
 

Tag:
 MMA
  ស សី
© រក្សាសិទ្ធិដោយ thmeythmey.com