អន្តរជាតិ
តើ​អ្នក​គួរ​យល់ដឹង​អ្វីខ្លះ​ពី​ព្រះ​ចន្ទ​?
18, May 2019 , 6:29 pm        
រូបភាព
​ដោយ​៖​យ៉​ន សុខន​
 
​ព្រះ​ចន្ទ​គឺជា​អង្គធាតុ​មួយ​នៅក្នុង​លំហ ដែល​មនុស្ស​ប្រទះឃើញ​នៅលើ​មេឃ​ស្ទើរតែ​រៀងរាល់​រាត្រី ជាពិសេស​នៅ​រាត្រី​ថ្ងៃពេញបូណ៌មី ដែល​កើតមាន​រៀងរាល់​មួយខែ​ម្តង​។ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ  ល្អ គ្មាន​ពពក នៅ​យប់​ថ្ងៃ​នោះគេ​នឹង​ឃើញ​រូបរាង​ព្រះ​ចន្ទ​ដ៏​មូល​ក្រឡង់ រះ​ដោយ​បញ្ចេញ​រស្មី​ភ្លឺ ស្រទន់​មកលើ​ភពផែនដី​។

 
​ទោះជា​យ៉ាងណាក៏ដោយ នៅ​យប់​ថ្ងៃខែដាច់ គេ​មិនអាច​មើលឃើញ ព្រះ​ចន្ទ​ទេ​។ ផ្ទុយទៅវិញ ប្រសិនបើ​ផ្ទៃមេឃ​មិនត្រូវ​បាំង​ដោយ​ពពក​ទេនោះ គេ​នឹង​សង្កេតឃើញ   មានតែ​ដួងតារា​រាប់រយ​លាន​ដែល​រះ​ជាមួយនិង​ពន្លឺ​ភ្លឺ​ព្រាកៗ​។​
 
​ព្រះ​ចន្ទ​គឺជា​ភព​រណប​របស់​ភពផែនដី​។ ដូចគ្នា​ទៅនឹង​ភព​រណប​របស់​អង្គធាតុ​ផ្សេងៗ​ទៀត នៅក្នុង​លំហ​ដែរ ព្រះ​ចន្ទ​ធ្វើដំណើរ​គោចរ​ជុំវិញ​ផែនដី នៅលើ​គន្លង​មួយ​ដែលមាន​រាង​ស្ទើរ​មូល ហើយ​ចម្ងាយ​របស់​វា​ធៀប​នឹង​ផែនដី​មានការ​ប្រែប្រួល អាស្រ័យ​ទៅតាម​ពេល​វា​លា​។​
 
 ពេលខ្លះ ទីតាំង​របស់​ព្រះ​ចន្ទ​ធៀប​នឹង​ភពផែនដី​គឺមាន​ចម្ងាយ​ឆ្ងាយ​ជាង​សព្វដង ហើយក៏​ពេលខ្លះ​ក៏​ស្ថិតនៅ ទីតាំង​ដែល​ជិត​នឹង​ផែនដី​បំផុត​ដែរ​។ ការណ៍​នេះ ធ្វើឱ្យ​ទំហំ​របស់​ព្រះ​ចន្ទ​មើល​ពី​ភពផែនដី មានការ ប្រែប្រួល​ទៅតាម​ពេលវេលា ដែល​ពេលខ្លះ​មាន​ទំហំ​តូច ហើយ​ពេលខ្លះទៀត​មាន​ទំហំ​ធំ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ដោយសារតែ​កម្លាំង​ទំនាញ​ដែល​អង្គធាតុ​ទាំងពីរ​ទាញ​គ្នា​ទៅវិញទៅមក​មាន​ទំហំ ធំធេង ទើប​ធ្វើឱ្យ​គំរូ​គន្លង រវាង​ភព​ទាំងពីរ​នៅ​រក្សា​ដដែល​ពោល​អង្គធាតុ​ទាំងពីរ​មិនដែល​រសាត់ អណ្តែត​ដាច់ចេញ​ឆ្ងាយ​ពីគ្នា​ឡើយ​។ គេ​ដឹងថា កម្លាំង​ទំនាញ​នៅលើ​ព្រះ​ចន្ទ​មាន​ទំហំ​តូច​ជាង​កម្លាំង ទំនាញ នៅលើ​ភពផែនដី​៦​ដង​។ 
 
​នេះ​មានន័យថា​កម្លាំង​ឬ​ទម្ងន់​របស់​មនុស្ស​នៅលើ​ព្រះ​ចន្ទ​គឺ​ស្មើនឹង ១/៦ នៃ​កម្លាំង​ឬ​ទម្ងន់​នៅលើ ភពផែនដី​។ មួយវិញទៀត​ផ្ទៃ​របស់​ព្រះ​ចន្ទ​មាន​ទំហំ​តូច​ជាង​ផ្ទៃ​របស់​ភព ផែនដី​ខ្លាំង ព្រោះថា​អង្កត់ផ្ចិត​របស់​វា​មាន​ប្រវែង ៣ ៤៧២.២ គីឡូ​ម៉ែត​ដែល​ត្រូវ​នឹង​១/៤ នៃ​អង្កត់ ផ្ចិត​របស់​ផែនដី​។ គម្លាត​ជា​មធ្យម​រវាង​ព្រះ​ចន្ទ​និង​ផែនដី​គឺ​៣៨៤,៤០០ គីឡូ​ម៉ែត ហើយ​សីតុណ្ហភាព ជា​មធ្យម​នៅលើ​ភព​រណប​នេះ​គឺ -២០​អង្សា​សេ ដែល​ក្នុងនោះ សីតុណ្ហភាព​ទាប​បំផុត​គឺ -១៨៣ អង្សា​សេ នៅពេល​យប់ និង​សីតុណ្ហភាព​ខ្ពស់បំផុត​គឺ ១០៦​អង្សា​សេ នៅពេល​ថ្ងៃ​។​
 
​តាម​ការសង្កេត​ដោយ​ភ្នែក​ទទេ​ពី​ដែនដី ព្រះ​ចន្ទ​ហាក់បីដូចជា​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​រៀងរាល់ថ្ងៃ​ក្នុង​រយៈ ពេល​មួយខែ ដូចជា​ពេល​ខែរនោច ពេល​ខែខ្នើត ពេល​ពេញវង់ និង​ពេល​ខែ​ដាច់​ជាដើម​។ បាតុភូត​នេះ កើតឡើង​ដោយសារ​មនុស្ស​មើលឃើញ​ត្រឹមតែ​ផ្នែក​មួយ​របស់​ព្រះ​ចន្ទ​ដែល​ទទួល​ពន្លឺ​ពី​ព្រះអាទិត្យ ប៉ុណ្ណោះ​។​
 
 ក្នុងនោះ​ផែនដី​ធ្វើដំណើរ​ជុំវិញ​ព្រះអាទិត្យ ហើយ​ព្រះ​ចន្ទ​ធ្វើដំណើរ​ជុំវិញ​ផែនដី​។ នៅពេល ដែល​ព្រះ​ចន្ទ​ស្ថិតនៅ​ចន្លោះ​ផែនដី​និង​ព្រះអាទិត្យ ព្រះ​ចន្ទ​មាន​ពណ៌​ខ្មៅ​ដែល​យើង​មិនអាច​មើលឃើញ ពី​ភពផែនដី​ទេ ហើយ​អ្វីដែល​យើង​មើល​ឃើញតែ​តារា​ព្រោងព្រាង​រះ​មីរដេរដាស​។ មួយ​ចំហៀង​ទៀត ដែល​គេ​មើលមិនឃើញ បានទទួល​ពន្លឺ​ពី​ព្រះអាទិត្យ​។ 
 
​ក្រៅពី​ធ្វើដំណើរ​ជុំវិញ​ផែនដី ព្រះ​ចន្ទ​ធ្វើ​ចលនារ​ង្វិ​ល​ខ្ញាល់​ជុំវិញ​របស់​អ័ក្ស​របស់​ខ្លួនឯង​ក្នុង​ថេរវេលា ២៧​ថ្ងៃ​។  ផ្ទុយ​ពី​គំហើញ​ប​ស់មនុស្ស ព្រះ​ចន្ទ​ធ្វើ​ចលនា​ពី​លិចទៅ​កើត​បើ​ធៀប​ជាមួយនឹង​ផែនដី តែដោយសារ​ផែនដី​ធ្វើ​ចលនារ​ង្វិ​ល​ខ្ញាល់​តាម​ទិសដៅ​ស្រប​នឹង​ទ្រនិចនាឡិកា​គឺ​ពី​លិចទៅ​កើត​ដែរ ហើយ​មាន​ល្បឿន​លឿន​ជាង​ចលនា​របស់​ព្រះ​ចន្ទ មនុស្ស​នៅលើ​ផែនដី​បែរជា​មាន​អារម្មណ៍​ថា ព្រះ​ចន្ទ​កំពុងតែ​ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​វិញ​។​
 
​នៅលើ​ផ្ទៃ​របស់​ព្រះ​ចន្ទ គេ​សង្កេតឃើញ​មាន​ថ្ម​និង​ធូលី ដែល​ក្នុងនោះ​ថ្ម​នៅ​ផ្ទៃ​ខាងលើ​ត្រូវបាន​បំបែក ឱ្យក្លាយ​ជា​កូន​បំណែក​តូចៗ​ដោយសារ​ការប៉ះទង្គិច​ជាមួយនឹង​អាចម៍ផ្កាយ​។ លើសពីនេះ ការប៉ះទង្គិច ទាំងនោះ ក៏បាន​បង្កើតឱ្យមានរ​ង្វះ​តូចធំ​ជាច្រើន​នៅលើ​ឋាន​ព្រះ​ចន្ទ​ផងដែរ ដែល​រង្វះ​ទាំងនោះ​មាន អង្កត់ផ្ចិត​ចាប់ពី​តូច​បំផុត​(២-៣cm) រហូតដល់​ទៅ​រាប់ពាន់​គីឡូ​ម៉ែត​។ ក្នុងចំណោម​នោះ រង្វះ​ដែល​ធំ ជ្រៅ និង​មាន​អាយុ​ចំណាស់​ជាងគេ​បង្អស់​មាន​ឈ្មោះថា អាង​អៃ​កេ​ន​(Aitken basin) ដែលមាន​អង្កត់ ផ្ចិត​ប្រមាណ​២៥០០​គីឡូ​ម៉ែត​។ ភ្នំ​ជាច្រើន​ដែលមាន​កម្ពស់​រាប់ពាន់​ម៉ែត​ស្ថិតនៅ​ព័ទ្ធជុំវិញ​គែម នៃ​រង្វះ​ដ៏​ធំ​មួយ​នេះ​៕
 
​ឯកសារពិគ្រោះ​
 
 
 
 
 

Tag:
 វិទ្យាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com