ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​បួស​ក្នុង​ថ្ងៃ​វិសាខបូជា ដើម្បី​ដឹង​ពី​ធម៌​ពុទ្ធសាសនា និង​សងគុណ​ឪពុកម្ដាយ​
18, May 2019 , 6:59 pm        
រូបភាព
​សៀមរាប​៖ ដូច​រាល់​ឆ្នាំ គណៈកម្មាធិការ​រៀបចំ​ពិធីបុណ្យ​វិសាខបូជា និង​បំបួស​កុលបុត្រ​កុលធីតា បានរៀបចំ​ពិធី​នេះ នៅ​បរិវេណ​វត្ត​អង្គរ​ខាងជើង និង​វត្ត​អង្គរ​ខាងត្បូង ដែល​ឆ្នាំនេះ​មាន​អ្នកចូលរួម​ជាង​៤០០​នាក់​។ យុវជន​ទាំងប្រុស​ទាំងស្រី បាន​ចូលរួម​ក្នុង​ពិធី​បំបួស ដើម្បី​សាង​ផ្នួស​រយៈពេល​មួយ​សប្ដាហ៍​ក្នុង​បំណង​ដើម្បី​ស្វែងយល់​ពី​វិស័យ​ពុទ្ធសាសនា រៀន​ធម៌​អារ្យ ក៏ដូចជា​ដើម្បី​សងគុណ​ឪពុកម្ដាយ ចាស់​ព្រឹទ្ធិ​ចា​រ្យ និង​អ្នកមានគុណ​ពួកគេ​ជាដើម​។ ពិធី​សាង​ផ្នួស​រយៈពេល​ខ្លី​នេះ ទាក់ទាញ​យុវជន​ទាំងប្រុស​ទាំងស្រី ចាស់​ក្មេង ដែល​មកពី​បណ្ដា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​


 
 
​បុណ្យ​វិសាខបូជា ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ទាក់ទង​នឹង​ព្រះសម្មាសម្ពុទ្ធ រួមមាន ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន​។ នៅ​ប្រទេស​កម្ពុជា ពី​ធី​បុណ្យ​នេះ ត្រូវបាន​ចាត់​ចូល​ជា​ពិធីបុណ្យ​ជាតិ​។ ជាងនេះទៅទៀត​នោះ ប្រទេស​ជិត​២០០ នៃ​សមាជិក​អង្គការសហប្រជាជាតិ​បានអនុម័ត និង​ទទួលស្គាល់​វិសាខបូជា ជា​បុណ្យ​អន្ដរជាតិ​កាលពី​ឆ្នាំ ១៩៩៩​។​


 
​នៅ​បរិវេណ​វត្ត​អង្គរ​ខាងត្បូង នៅ​ថ្ងៃទី​១៤ ឧសភា បានរៀបចំ​ពិធី​បំបួស​កុលបុត្រ កុលធីតា ជាង​៤០០​នាក់ និង​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជាច្រើន​។ បរិវេណ​វត្ត​នេះ ត្រូវបាន​រៀបចំ​ជា​កន្លែង​ពិធី និង​កន្លែង​ស្នាក់នៅ​របស់​សាមណេរ និង​សីលវតី​។ ពិធី​នេះ​ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដើម្បី​អបអរ​ពិធីបុណ្យ​វិសាខបូជា ដែល​ទាក់ទង​យ៉ាង​ស៊ីជម្រៅ​ទៅនឹង​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​


 
​មាន​សង្ឃដីកា​ក្នុង​ពិធី​បំបួស​កុលបុត្រ​កុលធីតា​ដែល​រៀបចំ​នៅ​បរិវេណ​វត្ត​អង្គរ​ខាងត្បូង ព្រះគ្រូ​ធម្ម​វិសុទ្ធិ​កោសល ឥន្ទ​បាលី កែវ អាន ព្រះ​វិន័យ​ធម៌​អនុគណ​ក្រុង​សៀមរាប និង​ជា​ចៅអធិការ​វត្ត​អង្គរ​ខាងត្បូង បានលើកឡើង​ពី​ការរៀបចំ​ពិធីបុណ្យ​នៅពេលនោះ​។ ព្រះអង្គ​មាន​សង្ឃដីកា​នៅពេលនោះ​ថា នេះ​ជា​ឆ្នាំ​ទី​៩​ហើយ ដែល​គណៈកម្មាធិការ​បា​ន​រៀបចំ​បុណ្យ​វិសាខបូជា និង​បំបួស​កុលបុត្រ​កុលធីតា ហើយ​នៅ​ឆ្នាំនេះ​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៩ ឧសភា​។ ព្រះអង្គ កែវ អាន មាន​សង្ឃដីកា​ទៀតថា ពិធី​នេះ​ប្រារព្ធ​ឡើង​ក្នុង​បំណង​ដើម្បីឱ្យ​កុលបុត្រ​កុលធីតា​ខ្មែរ​មានឱកាស​ចូល​សាង​ផ្នួស​តបស្នង​សងគុណ​ដល់​អ្នកមានគុណ អប់រំ​និ​ស្សិ​យ​ដល់​ពួកគេ​ឱ្យ​ដើរ​តាម​មាគ៌ា​ព្រះពុទ្ធសាសនា ក៏ដូចជា​ឱ្យ​ពួកគេ​មានការ​ភ្ញាក់រ​ឮ​ក​លះបង់​ភាពខុស​មករក​ភាពត្រឹមត្រូវ​ឡើងវិញ និង​ប្រណិប័តន៍​ខ្លួន​ជាម​នុស្ស​ល្អ​៥​យ៉ាង មានកូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ និង​ពុទ្ធសាសនិក​ល្អ​។​


 
 
​បើតាម​សង្ឃដីកា​ព្រះគ្រូ​ចៅអធិការ​វត្ត​អង្គរ​ខាងត្បូង មេរៀន​សំខាន់ៗ​ដែល​បង្រៀន​ដល់​សាមណេរ សីលវតី អំឡុងពេល​សាង​ផ្នួស​រយៈពេល​ខ្លី​នេះ មានដូចជា​មេរៀន​ទាក់ទង​នឹង​ពុទ្ធសាសនា កំណើត​បទ​នគររាជ បទ​ពង្សាវតា​ខ្មែរ រៀនសូត្រ​ធម៌ មេរៀន​សីលធម៌​ក្នុងសង្គម ពុទ្ធប្រវត្តិ មេរៀន​វប្បធម៌ និង​ការបណ្ដុះ​គំនិត​ឱ្យ​ស្រឡាញ់​វប្បធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​ជាដើម​។​


 
 
​លោកយាយ ហេង វ៉ាន់ ដែល​នាំ​ចៅ​មក​បួស​នឹង​គេ​ដែរ​បាន​និយាយថា លោកយាយ​មិនបាន​ដឹង​ពី​គោលបំណង​ច្បាស់លាស់​របស់​ចៅ​ទេ គ្រាន់តែ​ដឹងថា ចៅ​ចង់​បួស ហើយក៏​ធ្វើតាម​បំណង​ចៅ​ទៅ​។ លោកយាយ​មិន​យល់​ទាស់​ជាមួយនឹង​ការសម្រេចចិត្ត​នេះ​ទេ ឱ្យតែ​ការសម្រេចចិត្ត​នេះ​ទៅរក​ផ្លូវ​ដែល​ល្អ និង​តាម​មាគ៌ា​ត្រឹមត្រូវ​។ លោកយាយ ហេង វ៉ាន់ មានចិត្ត​សប្បាយរីករាយ​ពេល​ឃើញ​ចៅ​បួស និង​ក្លាយជា​បុគ្គល​ម្នាក់​ដើរ​តាម​ធម៌​ព្រះពុទ្ធសាសនា​។​


 
 
​រីឯ​អ្នកស្រី ភា​រ៉ា វិញ​ក៏បាន​នាំ​កូនប្រុស​អាយុ​១៧​ឆ្នាំ មក​បួស​ក្នុង​ថ្ងៃ​វិសាខបូជា​នេះដែរ​។ កូន​អ្នកស្រី ភា​រ៉ា ចង់​បួស​ដោយ​ខ្លួនឯង និង​មានបំណង​ចង់​បួស​រៀន​ស្នាក់នៅ​ក្នុង​វត្ត បម្រើ​ព្រះពុទ្ធសាសនា​រហូត​។ អ្នកស្រី ភា​រ៉ា ថា​នឹង​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​កូន ឱ្យតែ​កូន​ដើរ​តាមផ្លូវ​ល្អ​។​
 


 
​យុវជន ហេង រតនា ដែល​បាន​ចូល​បួស​នឹង​គេ​ដែរ​បាន​លើកឡើងថា ការ​បួស​នេះ​ក្នុង​បំណង​ដើម្បី​សងគុណ​ឪពុកម្ដាយ និង​ដើម្បី​រៀន​ធម៌ និង​ច្បាប់​នានា​ពី​ព្រះសង្ឃ​។ ដ្បិត​ជាការ​បួស​រៀន​រយៈពេល​ខ្លី​ក៏ពិតមែន តែ​យុវជន​រូបនេះ​យល់ថា ជា​ពិធី​ល្អ​សម្រាប់​យុវជន​ក្នុងការ​ដាស់តឿន និង​អប់រំ​ផ្លូវចិត្ត​ដោយ​ធម៌​អារ្យ​។​
 


 
​យុវជន រក្សា ដែល​នៅ​ជិត រតនា ក៏​ប្រាប់​ពី​បំណង​នៃ​ការ​បួស​នេះដែរ​។ រក្សា សាង​ផ្នួស​ដើម្បី​សងគុណ​ឪពុកម្ដាយ និង​ចង់ដឹង​សុខទុក្ខ​ក្នុងការ​បួស​។ ក្នុងអំឡុងពេល​មួយ​សប្ដាហ៍​នេះ រក្សា​ដាក់ចិត្ត​ត្រងត្រាប់​រៀនសូត្រ​តាម​ព្រះសង្ឃ​ដែល​បង្រៀន ពិសេស​ស្វែងយល់​ពី​ធម៌​ព្រះពុទ្ធ​។​
 
​ងាក​ទៅ​ស្ដាប់​ការយល់ឃើញ​របស់​យុវតី លី​ណា វិញ​ពី​គោលបំណង​នៃ​ការចូលរួម​សាង​ផ្នួស​នេះ​។ លី​ណា​ថា ការ​សាង​ផ្នួស​រយៈពេល​ខ្លី​នេះ គឺជា​ការយល់ឃើញ​ដោយ​ខ្លួនឯង និង​មានការ​ជំរុញ​ពី​ឪពុក​ដែល​ប្រាប់ថា ការ​បួស​នេះ​នឹងធ្វើ​ឱ្យ​ចិត្ត​យើង​ស្ងប់​។ សម្រាប់ លី​ណា ការអប់រំ​ចិត្ត​ពិតជា​សំខាន់​ណាស់ ព្រោះ​បច្ចុប្បន្ន​អ្នកមាន​ជំងឺ​បាក់​ទឹកចិត្ត​ច្រើន ដូច្នេះ​ត្រូវ​រៀន​ពី​វិធី​រំងាប់​ចិត្ត​មុននឹង​ជួប​បញ្ហា​នេះ​នៅពេល​ក្រោយ​។​
 
​ចំណែក ឆេង​វ័​ន្ត វិញ ក៏​មិន​ខុសពី​លី​ណា​ប៉ុន្មាន​ដែរ​។ ឆេង​វ័​ន្ត សាង​ផ្នួស​ដើម្បី​សងគុណ​ឪពុកម្ដាយ ចង់ឱ្យ​អារម្មណ៍​ស្ងប់​ស្រួល និង​ចង់​សិក្សា​ពី​មេរៀន​អប់រំ​ចិត្ត ដែល​អាចជួយ​ខ្លួន​នាង​ពី​បញ្ហា​បាក់​ទឹក​ចិត្តបាន​មួយផ្នែក​៕
 
 

Tag:
 ​វិសាខបូជា​
 ​ព្រះពុទ្ធ​
 ​សាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com