ក្រៅពី​ប្រដាល់ នៅ ស្រី​ពៅ ចូលចិត្ត​កីឡាហែលទឹក
ONE Championship
កីឡាជាតិ
ជាតិ
ក្រៅពី​ប្រដាល់ នៅ ស្រី​ពៅ ចូលចិត្ត​កីឡាហែលទឹក
19, May 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​បច្ចុប្បន្ននេះ នៅ ស្រី​ពៅ បាន​ក្លាយជា​កីឡាការិនី​ប្រដាល់​គុន​ខ្មែរ និង គុន​ចម្រុះ​កំពូល​ម្នាក់​នៅក្នុង​ចំណោម​កីឡាករ​នៅ​កម្ពុជា​។ មុន​ឈាន​ជើង​ចូលក្នុង​វិស័យ​កីឡាប្រដាល់​តាំងពី​ដើមឆ្នាំ ២០១៤ ស្រី​ពៅ សារភាពថា​នាង​ចូលចិត្ត​កីឡាហែលទឹក បន្ទាប់ពី​ប្រដាល់​។

 
​កីឡាការិនី​វ័យ ២៤​ឆ្នាំ​បញ្ជាក់​បែបនេះ ៖«​ខ្ញុំ​ចូលចិត្ត​កីឡាហែលទឹក​តាំងពី​តូច ទោះ​ធំ​ឡើង​មិនមែន​ក្លាយជា​កីឡាការិនី​ហែល​ទឹក​ក៏ដោយ​។ ប៉ុន្តែ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ខាង​គ្រូ​ហាត់​ប្រដាល់​ខ្ញុំ គាត់​ឲ្យ​ទៅ​ហែល​ទឹក ឬ ទាត់​បាល់​។ ប៉ុន្តែ​ឥឡូវ​ខកខាន​មួយរយៈ​រឿង​ហែល​ទឹក​ព្រោះ​គេ​ជួសជុល​អាងទឹក​ថ្មី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ខ្ញុំ​ចូលចិត្ត​ហែល​ទឹក​តាំងពី​តូច អាយុ​ប្រហែល ១០ ឆ្នាំ​។ ក្បែរ​ផ្ទះ​ម៉ាក់​ប៉ា​ខ្ញុំ​នៅ​ចំការ​ដូង​ចិញ្ចឹម​ទា​នៅ​បឹង ហើយ ប៉ា​ខ្ញុំ​ប្រាប់ថា​ខ្ញុំ​ចេះ​ហែល​ទឹក​នៅ​បឹង​នោះ​ដោយ​គ្មាន​អ្នក​បង្ហាត់​ទេ​។ កាល​នៅ​ក្មេង​ហែល​ទឹក​សឹង​មួយ​ព្រឹក​ទល់​ល្ងាច​ក៏មាន​»​។ 
 
​កីឡាការិនី​ដដែល​នេះ​រៀបរាប់​ទៀតថា កីឡាហែលទឹក​ធ្វើ​ឲ្យ​សុខ​ភាពល្អ និង រក្សា​រាងរៅ​បាន​ស្អាត​ដែល​ខុសពី​ប្រដាល់​ដែល​ធ្វើ​ឲ្យ​ឈឺ​សាច់​។ យ៉ាងណាក្ដី កីឡា​ទាំងពីរ​នេះ​មាន​ចំណុច​ល្អ​រៀងៗ​ខ្លួន​។ ប៉ុន្តែ​បើ​ហាត់​ប្រដាល់​សាច់ដុំ​ឡើង​កង់ៗ ស្របពេល ហែល​ទឹក​ជួយ​ឲ្យ​រាងកាយ​រឹងមាំ និង​ស្អាត​ជាង​។ ការមិន​បាន​ចាប់​អាជីព​យក​កីឡាហែលទឹក ដោយសារ​មាន​បងប្រុស​របស់ខ្លួន​ឈ្មោះ នៅ ស៊ីថា ហ្វឹកហាត់​ប្រដាល់​។ ការស្រលាញ់​ជា​រឿង​មួយផ្នែក ខណៈ មានការ​ជំរុញ​ពី​បងប្រុស​ផង​នេះ ធ្វើ​ឲ្យ ស្រី​ពៅ មានឈ្មោះ​ក្នុង​វិស័យ​ប្រដាល់​ដល់​សព្វថ្ងៃ​។ យ៉ាង​ក្ដី​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship នា​ប្រទេស មី​យ៉ាន់​ម៉ា បាន​បន្ថែមថា​៖«​កីឡាការិនី​ហែល​ទឹក​ដែល​ខ្ញុំ​ស្គាល់​នាពេល​បច្ចុប្បន្ននេះ គឺ ហែម ថុ​ន​វិ​ទិ​នី​។ ការលេង​កីឡាហែលទឹក​ធ្វើ​ឲ្យ​រាងកាយ​របស់គាត់​ស្អាត សាច់​ណែន​។ យ៉ាងណា យើង​ហាត់​ប្រដាល់​មិនអាច​ទៅ​ច្រណែន​ជាមួយ​អ្នក​ហែល​ទឹក​ទេ​បង​...​ព្រោះ​កីឡា​ខុសគ្នា​»​។ 
 
​នាពេលនេះ​កីឡាប្រដាល់​បានធ្វើ​ឲ្យ​ជីវភាព​របស់ ស្រី​ពៅ បាន​ប្រសើរឡើង​បន្ទាប់ពី​ធ្លាប់​បម្រើ​ការងារ​នៅ​រោងចក្រ​មួយកន្លែង​ម្ដុំ​ព្រែក​ថ្លឹង អំឡុង​ឆ្នាំ ២០១៣​។ ក្ដី​ស្រលាញ់​ក្នុង​វិស័យ​កីឡាប្រដាល់​ធ្វើ​ឲ្យ​កីឡាការិនី​ជម្រើសជាតិ​រូបនេះ​ដកខ្លួន​លែងរួច និង ខិតខំ​ហ្វឹកហាត់​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ជាពិសេស​កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​តំណាង​ឲ្យ​កម្ពុជា​នៅ​ចុងឆ្នាំ ២០១៩ នេះ​នៅ​ប្រទេស​ហ្វីលីពីន​។ 
 
​គួរ​រំលឹក​ដែរ​ថា នៅ ស្រី​ពៅ ឈាន​ជើង​ចូល​ហ្វឹកហាត់​ប្រដាល់​ដំបូង​ជា​គ្រូបង្វឹក ញ៉ូ​វ ម៉ាក និង លោក ម៉ាក សា​ខន នៅ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​។ ពេល​ហាត់​បាន​ត្រឹម រយៈពេល​មួយខែ ស្រី​ពៅ ក៏មាន​ទីផ្សារ​ឡើង​ប្រកួត​បណ្ដើរៗ​តាំងពី​ពេលនោះ​មក​។ គេ​ចាំបាន​ថា ការប្រកួត​ដំបូង​គឺ​តតាំង​ជាមួយ​ប្អូន វី ស្រី​ខួច ឈ្មោះ វ័ ស្រី​ល័​ក្ខ នៅ​សង្វៀន​ប៉ុស្ដិ៍​បាយ័ន ហើយ ស្រី​ពៅ ជា​អ្នកឈ្នះ​ពិន្ទុ ដោយ​ទទួលបាន​តម្លៃ​ខ្លួន ៣០ ម៉ឺន​រៀល​។ កូនសិស្ស​របស់លោក ញ៉ូ​វ ម៉ាក មាន​ទីផ្សារ​ហក់​ឡើងជា​ហូរហែ​ជាពិសេស​ឡើង​សង្វៀន ONE Championship ក្រោយ​ហាត់គុន​ចម្រុះ​ជាមួយ​លោក ហ៊ុន ច័ន្ទ​រាជ្យ​។ កំណត់ត្រា​គួរ​ឲ្យ​ចងចាំ​ចុងក្រោយ​នេះ ស្រី​ពៅ បាន​យកឈ្នះ​កីឡាការិនី​មានបទពិសោធន៍​ច្រើន​ថៃ Rika Ishige មុនពេល​ចាញ់​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol ដោយ​ពិន្ទុ​នា​ដើមខែ ឧសភា នេះ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម