ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
កម្ពុជា បានអនុម័តគម្រោងវិនិយោគជាង១០០ ក្នុងទឹកប្រាក់៤ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែ សម្តេច ហ៊ុន សែន ក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១៤ឧសភា
× ភ្នំពេញ៖ ៤ខែដើមឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបានអនុម័តការវិនិយោគចំនួន១១៥គម្រោង ដែលមាន ទំហំទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគ ៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ហ្វេសប៊ុកប្រមុខរដ្ឋាភិបាលកម្ពុជា បានស្រង់របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំ ពោលគឺពីឆ្នាំ២០១៤-២០១៨ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគប្រមាណ ២៣ពាន់លានដុល្លារអាមេរិក។ គម្រោងទាំងនេះ បានបង្កើតការងារដល់ប្រជាពលរដ្ឋបានចំនួន ១លានកន្លែងផងដែរ។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥- ២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។
គោលនយោបាយទាំងនោះ បានកំណត់ប្រភេទ ឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន៖ ទី១ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់។ ទី២ សហគ្រាសធុនតូចនិងមធ្យមក្នុងត្រប់វិស័យ ។ ទី៣ ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញនិងទីផ្សារក្នុងស្រុក។ ទី៤ ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល។ ចុងក្រោយ គឺប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត៕
Tag:
ជាតិ
សេដ្ឋកិច្ច
វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com