ជាតិ
របាយការណ៍ CBRE៖ ទស្សនវិស័យ​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩
18, May 2019 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​យល់ដឹង​ឲ្យ​កាន់តែច្បាស់ ពី​វិស័យ​អចលនទ្រព្យ​កម្ពុជា យើង​គួរស្វែងយល់​ពី​កត្ដា​សំខាន់ៗ​មួយចំនួន ដូចជា​សេដ្ឋកិច្ច វិស័យ​លំនៅដ្ឋាន ការិយាល័យ ឧស្សាហកម្ម និង​ការ​លក់រាយ​។​

 
​តើ​សេដ្ឋកិច្ចកម្ពុជា​មាន​លក្ខ​ណៈ​ដូចម្តេច​?
​កត្តាសេដ្ឋកិច្ច​កម្ពុជា ទទួលបាន​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​រាំង​មាំ ប៉ុន្តែ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​ធ្លាក់ចុះ​បន្តិច គឺ​ថយ​មក​ត្រឹម ៦.៨ % ក្នុង​ឆ្នាំ​២០១៩​។​
 
​ទោះយ៉ាងណា​ក៏ដោយ ព្រោះតែ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច អត្រា​អតិផរណា​អំណោយផល និង​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព កត្តា​ទាំងនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បង្កើត​បរិយាកាស​ល្អ សម្រាប់​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។​
 
​ជាមួយគ្នានេះដែរ វិស័យ​ដែល​ជំរុញ​សេដ្ឋកិច្ច​ជាងគេ គឺ​ស័​យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​។ នៅក្នុង​ឆ្នាំ​២០១៩ វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា នឹង​កើនឡើង ១០.២% ដែល​ត្រូវបាន​គាំទ្រ​ជាសំខាន់ ដោយ​វិស័យ​ឧស្សាហកម្ម និង​សំណង់​។ រីឯ​វិស័យ​សំណង់​វិញ ត្រូវបាន​គេ​រំពឹងថា​នឹង​រក្សាបាន​នូវ​កំណើន​ដ៏​រឹងមាំ​ដដែល​។​
 
​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អត្រាកំណើន​នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស កម្ពុជា ក្នុង​ឆ្នាំ​២០១៨ មាន ១៨.១%​។​
 
​វិស័យ​ទេសចរណ៍​វិញ ប្រទេស​កម្ពុជា បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស ចំនួន ៦.២​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨ ដែល​កើនឡើង​ចំនួន ១១.៥ % ក្នុងនោះ​ប្រាក់ចំណូល​តាមរយៈ​ការលក់​សំបុត្រ​អង្គរវត្ត​បាន​កើនឡើង​ដល់ ១០៥ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​
 
​វិស័យ​លក់រាយ (​ផ្សារ​ទំនើប​)
​វិស័យ​លក់រាយ​បែប​ទំនើប បានចាប់ផ្ដើម​រីក​ធំធាត់​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​មានការ​បង្កើត​ផ្សារ​ទំនើប​កាន់តែច្រើន  និង​ការផ្លាស់ប្តូរ​ឥរិយាបទ​របស់​អ្នកទិញ ដោយបាន​ផ្លាស់ប្តូរ​ពី​ការទិញ​ទំនិញ​នៅ​ផ្សារ​ធម្មតា ឬ​ហាង មក​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​វិញ​។ វិស័យនេះ មាន​រូបរាង​ជា​ផ្សារ​បែប​សហគមន៍ និង​ផ្សារ​ទំនើប​។​
 
​អ្នក​អភិវឌ្ឍន៍​ពី​បរទេស​ដូចជា​៖ AEON និង Oxley holdings និង​អ្នក​អភិវឌ្ឍន៍​ក្នុងស្រុក​ដូចជា​៖ ប៉េង ហួត និង​ជីប ម៉ុង បាន​ប្ដេជ្ញាចិត្ត និង​បោះជំហាន​ចូលក្នុង​វិស័យ​លក់រាយ (​ផ្សារ​ទំនើប​)​។ ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសថា នឹង​បង្កើត​ផ្សារ​ចំនួន​៦ ក្នុង​រយៈពេល​៣​ឆ្នាំ​។ ដូចគ្នានេះ​ដែល ក្រុមហ៊ុន ប៉េង ហួត នឹង​បង្កើត​ផ្សារ​ចំនួន​២ ដោយ​គ្រោង​នឹង​បញ្ចប់ ក្នុង​ឆ្នាំ​២០២៣​ខាងមុខ​។​
 
​សម្រាប់​ផ្សារ​ទំនើប​បែប​សហគមន៍​វិញ ក្នុងឆ្នាំនេះ​មាន​គម្រោង​ចំនួន​៦ បានបញ្ចប់​ដូចគ្នា ដែលមាន​ដូចជា​ផ្សារ Midtown Mall ផ្សារ Downtown 93 ផ្សារ Chip Mong Noro Mall ផ្សារ WB Arena និង​ផ្សារ The Point​។​
 
​ក្នុង​វិស័យ​លក់រាយ​បែប​ទំនើប​នេះ បាន​កើនឡើង​រហូតដល់ ២០៧%  បន្ទាប់ពី Oxley Holding បាន​បោះទុន​មក​កម្ពុជា​។​
 
​វិស័យ​ឧស្សាហកម្ម​
​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច ដែលមាន​ប្រមាណ​ជា ៥៦% នៃ​កំណើន​ទិន្នផល​ក្នុងស្រុក​សរុប​(GDP)​របស់​ប្រទេសមួយ​នេះ​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា វិស័យ​ឧស្សាហកម្ម​នៅ​ឆ្នាំ​២០១៨ បាន​កើនឡើង​១០,២% ដោយ​ក្នុងនោះ វិស័យ​សំណង់​ច្រើនជាងគេ ដែលមាន​ប្រមាណ ១៨,១​ភាគរយ វិស័យ​ផលិតកម្ម​មិនមែន​វាយ​ន​ភណ្ឌ ៩,៣%  វិស័យ​ផលិតកម្ម​វាយ​ន​ភណ្ឌ ៧,៨%​។ បើតាម​ប្រភព​ដដែល កំណើន​នេះ គឺ​មកពី​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អ ដែលមាន​ដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ផ្លូវ​ល្បឿ​ង​លឿន និង​ការពង្រីក​ផ្លូវជាតិ​ជាច្រើន​។ ទីតាំង​នៃ​តំបន់ឧស្សាហកម្ម គឺ​ស្ថិតនៅ​ទិស​ខាងលិច និង​ខាងត្បូង​ឈាង​ខាងលិច  ក្នុងនោះ​មាននៅ​តាមផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ព្រោះ​តំប​ទាំ​ន់ង​នេះ មាន​ការតភ្ជាប់​ទៅ នឹង​កំពង់ផែ​ទីក្រុង​ព្រះសីហនុ​។ ម្យ៉ាងវិញទៀត ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ជា​ខណ្ឌ​ឧស្សាហកម្ម​ដ៏​មមាញឹក ដោយមាន​កំពង់ផែ​ស្ងួត និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​
 
​វិស័យ​ការិយាល័យ​
​វិស័យ​ការិយាល័យ​នៅ​ភ្នំពេញ ទាំង​នៅ​តំបន់​ពាណិជ្ជកម្ម និង​តំបន់​មិនមែន​ពាណិជ្ជកម្ម គឺ​នៅតែ​ជា​ចំណុច​ទាក់ទាញ សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​មួយ​នេះ​។​
 
​ប៉ុន្ដែ​យោងតាម​ការសង្កេត​លើ​ទីផ្សារ ការផ្គត់ផ្គង់​នៃ​ការិយាល័យ​កម្រិត C មានការ​ថយចុះ​ក្នុង​រយៈពេល ១២​ខែ​ចុង​ក្រោយនេះ ដោយសារតែ​ការផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ទីផ្សារ និង​ការជួសជុល ឬ​ការអភិវឌ្ឍ​អគារ​ការិយាល័យ​កម្រិត C​។​
 
​សម្រាប់​ការិយាល័យ​សហកម្មសិទ្ធិ ដែល​វា​គឺជា​បរិបទ​ថ្មី​នៃ​ប្រភេទ​ការិយាល័យ​នៅ​ភ្នំពេញ និង​ការិយាល័យ​កាន់កាប់​ដោយ​ម្ចាស់​កម្មសិទ្ធិ​ផ្សេងៗ​គ្នា​ក្នុង​ប្លង់​តែមួយ ដែលជា​និន្នាការ​ថ្មី បាន​លេច​ជា​រូបរាង​បណ្ដើរៗ ក្នុង​ឆ្នាំ​២០១៩​។ ត្រឹម​ត្រីមាស​ទី​១ ក្នុងនោះ​ភ្នំពេញ មាន​ការិយាល័យ​សហកម្ម​សិទ្ធិ​កម្រិត B ប្រមាណ ២០,២៦៤ ម៉ែត្រការ៉េ ក្នុងនោះ​គម្រោង TK Royal One បាន​ប្រើប្រាស់​ជា​ការិយាល័យ​សហកម្មសិទ្ធិ​ដំបូង​គេ​បង្អស់​។ ហើយ​ក្នុង​ឆ្នាំ ២០១៩ ក៏មាន​គម្រោង​ការិយាល័យ​សហកម្មសិទ្ធិ​ចំនួន ៣​គម្រោង​ទៀត នឹង​លេច​រូបរាង​ឡើង គឺ​គម្រោង Diamond Twin Tower គម្រោង Fortune Towe និង​គម្រោង Star City​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មានការ​ព្យាករ​ថា ភ្នំពេញ​នឹងមាន​ការិយាល័យ​សហកម្ម​សិទ្ធិ​កម្រិត  A នៅ​ឆ្នាំក្រោយ​ផងដែរ​។​
 
​សម្រាប់​តម្លៃ​លក់​វិញ អត្រា​តម្លៃ​ហាក់​មាន​សភាព​ថេរ ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ ដោយ​ក្នុង​មួយ​ការ៉េ ដាក់លក់​ប្រមាណ​ជា ៣,៤០០ ដុល្លារ ទៅ ៤,០០០ ដុល្លារ​។​
 
​វិស័យ​លំនៅដ្ឋាន​
​ការផ្គត់ផ្គង់​ខុន​ដូ មានការ​កើនឡើង​តាំងពី​ឆ្នាំ ២០១៤​មកម្ល៉េះ​។  អ្នកវិនិយោគ និង​អ្នកទិញ​ភាគច្រើន​ជា​ជនបរទេស ដែលមាន​ដូចជា​៖ ចិន កូរ៉េ សិង្ហ​បុរី ម៉ាឡេស៊ី និង​ជប៉ុន​ជាដើម​។ ការវិនិយោគ​ខុន​ដូ​នៅ​កម្ពុជា អាច​ទទួលបាន​អត្រា​ចំណេញ​ត្រលប់​មកវិញ មាន​រហូតដល់ ៥% ទៅ ៨ %​។​
 
​រហូតដល់​ឆ្នាំ​២០២០ ខណ្ឌចំការមន នៅតែ​ជា​ខណ្ឌ ដែលមាន​សក្ដានុពល ក្នុងការ​ផ្គត់ផ្គង់​ខុន​ដូ ដែលមាន​យូ​នី​ត​សរុប​ទាំងអស់​១២,០០០​យូ​នី​ត​។ សម្រាប់​ខណ្ឌ​ប​៧​មករា និង​សែន​សុខ​វិញ ក៏មាន​ការកើនឡើង ៧% ដែរ​។ ទាក់ទង​នឹង​តម្លៃ​ខុន​ដូ​វិញ គឺអាច​កើនឡើង ៨ %​ក្នុង​ឆ្នាំ​២០១៩​។​
 
​រីឯ​វិស័យ​អា​ផាត​មេន​វិញ ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ ពោលគឺ​មានការ​កើនឡើង​ក្នុង​អត្រា​មធ្យម ដោយ​អា​ផាត​មេន​កម្រិត A និង​កម្រិត​B មាន​ប្រមាណ​ជា ១,១៣៥ យូ​នី​ត​។ ក្នុង​ឆ្នាំ​២០២០ គេ​ព្យាករ​ថា នឹងមាន​ប្រមាណ​ជាជាង ២,៧៦៣ យូ​នី​ត ហើយ​ទីតាំង​សំខាន់ៗ​នៃ​ការជួល​អា​ផាត​មេន​នៅ​ភ្នំពេញ គឺមាន​ដូចជា​៖ តំបន់​បឹង​កេងកង​១ បឹង​កេងកង​២ ទន្លេបាសាក់ និង​ដូនពេញ​។ បច្ចុប្បន្ន ការជួល​អា​ផា​មេន​ត​កម្រិត A មាន​ចាប់ពី ១៧ ដុល្លារ រហូតដល់ ៣៤ ដុល្លារ​ក្នុង​មួយ​ការ៉េ​។ ចំណែក​អា​ផាត​មេន​កម្រិត B វិញ គឺ​ចាប់ពី ១៣ ដុល្លារ រហូតដល់ ២២ ដុល្លារ ក្នុង​មួយ​ការ៉េ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com