ជាតិ
សង្គមជាតិ
ទស្សនា​មជ្ឈមណ្ឌល​អភិ​រក្ស​អណ្តើក និង​កន្ធាយ​មេគង្គ ស្មើនឹង​លោក​-​អ្នកចូលរួម​អភិរក្ស​ផងដែរ​
18, May 2019 , 4:16 pm        
រូបភាព
​លោក ប្រាន់ ស៊ីណា​ល់ ក្នុងពេល​កំពុង​ជូន​ដំណើរ​គូស្នេហ៍ ស្វ៊ី​ស​-​បារាំង ដើរ​ទស្ស​និ​កិច្ច​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក កន្ធាយ​មេគង្គ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​លោក ប្រាន់ ស៊ីណា​ល់ ក្នុងពេល​កំពុង​ជូន​ដំណើរ​គូស្នេហ៍ ស្វ៊ី​ស​-​បារាំង ដើរ​ទស្ស​និ​កិច្ច​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក កន្ធាយ​មេគង្គ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ:
​លោក ប្រាន់ ស៊ីណា​ល់ អាយុ ៣៣​ឆ្នាំ ជា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក និង​កន្ធាយ​មេគង្គ ដែលមាន​ទីតាំង​ក្នុង​វត្ត​ព្រះវិហារ​ធំ​សសរ​១០០ ស្ថិតក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ មាន​ចម្ងាយ​ប្រហែល ៣២​គីឡូម៉ែត្រ នា​ភាគ​ខាងជើង​ទី​រួម​ខេត្ត​។ មជ្ឈមណ្ឌល​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១១ ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ (CI)  ក្នុង​គោលបំណង​ដើម្បី​អភិរក្ស​ប្រភេទ​សត្វ​អណ្តើក​-​កន្ធាយ​ទន្លេមេគង្គ ដែល​ជិត​ផុត​ពូជ​មួយចំនួន ដូចជា​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មេច​ជាដើម ដែល​វា​អាច​លូតលាស់​រហូតដល់​ទម្ងន់​អតិបរមា រាប់រយ​គីឡូក្រាម​។ 



​ការងារ​ចម្បង​របស់​មជ្ឈមណ្ឌល គឺ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ក្នុង​តំបន់ ដែលមាន​អណ្តើក កន្ធាយ​ទន្លេមេគង្គ​រស់នៅ​ឲ្យ​យល់ដឹង និង​ជួយ​អភិរក្ស ដោយ​វា​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​។ ក្នុងនោះ​ផងដែរ មជ្ឈមណ្ឌល​ក៏មាន​បង្កាត់ និង​ភ្ញាស់​ស៊ុត​ដែល​ប្រមូល​បានមកពី​ធម្មជាតិ ក្នុង​តំបន់​ដែល​វា​រស់​នៅតាម​បណ្តោយ​ទន្លេមេគង្គ រួច​ថែបំប៉ន​រហូតដល់​វា​លូតលាស់​ធំ​ល្មម ហើយក៏​យក​វា​ទៅ​លែង​ឲ្យ​ត្រឡប់​ចូលទៅ​រស់នៅក្នុង​ធម្មជាតិ​វិញ​។​


​លោក ប្រាន់ ស៊ីណា​ល់ កំពុង​លើក​បង្ហាញ​អណ្តើក​មួយគូ ដល់​ភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នកយកព័ត៌មាន​ពី National Geographic នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​អណ្តើក កន្ធាយ​មេគង្គ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​

ក្រោយ​ការចាកចេញ​របស់​អង្គការ​អង្គការ​អភិរក្ស​អន្តរជាតិ (CI) ចាប់​តាំង​ឆ្នាំ ២០១៥ រហូតមកដល់​បច្ចុប្បន្ន​នេះ ស៊ីណា​ល់ នៅតែ​គ្រប់គ្រង​មជ្ឈមណ្ឌល​បន្ត តែ​ការចំណាយ​គ្រប់បែបយ៉ាង ព្រមទាំង​ប្រាក់បៀវត្ស​សម្រាប់​គាត់ និង​សម្រាប់​បុគ្គលិក​ចំនួន​បីនាក់​ទៀត បូក​រួមទាំង​ការចំណាយ​លើ​ការទិញ​ចំណី​សម្រាប់​អណ្តើក​-​កន្ធាយ​ទាំងអស់ ព្រមទាំង​ការចំណាយ​ផ្សេងៗ ទាំង​លើ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល និង​ការអប់រំ​ផ្សព្វផ្សាយ​ផងដែរ​នោះ ត្រូវ​ធ្លាក់​មកលើ​ស៊ីណា​ល់ ជា​អ្នកទទួលបន្ទុក​។ ជាទូទៅ ចំណី​សម្រាប់​អណ្តើក កន្ធាយ មានដូចជា​៖ ចេក ផ្លែឈើ​គ្រប់​ប្រភេទ កំពឹស ក្តាម​ជាដើម​។

​ស៊ីណា​ល់​និយាយថា​៖ «​ថវិកា​សម្រាប់​ទ្រទ្រង់​មជ្ឈមណ្ឌល​សព្វថ្ងៃនេះ គឺ​បានមកពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​មជ្ឈមណ្ឌល​»​។ មជ្ឈមណ្ឌល បើក​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា ចាប់ពី​ម៉ោង ៨ ៣០​នាទី​ព្រឹក ដល់​ម៉ោង ៤ ៣០​ល្ងាច ដោយ​បើក ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ បូករួម​ទាំង​ថ្ងៃ​ឈប់សម្រាក​ផ្សេងៗ​ផងដែរ​។

​ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​៖ ភ្ញៀវ​ជាតិ តម្លៃ ១៥០០ (​មួយ​ពាន់​ប្រាំ​រយ​រៀល​) ភ្ញៀវ​អន្តរជាតិ តម្លៃ ៤​ដុល្លា​។ ប្រាក់ចំណូល​ទាំងអស់ ក្រៅពី​សម្រាប់​ចំណាយ​លើ​ប្រាក់បៀវត្ស ចំណី​សម្រាប់​អណ្តើក​-​កន្ធាយ​ទាំងអស់ ព្រមទាំង​ការចំណាយ​ផ្សេងៗ លើ​ការអភិវឌ្ឍ និង​ការអប់រំ​ផ្សព្វផ្សាយ និង​មួយផ្នែក​សម្រាប់​ប្រគេន​ព្រះសង្ឃ និង​ជូន​គណៈកម្មការ​វត្ត​សសរ​មួយរយ ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ ជាប្រចាំ​ឆ្នាំ​ផងដែរ​។

​ជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ​ប្រចាំខេត្ត នៅទីនេះ ក៏មាន​រូបភាព​ប្រភេទ​សត្វ​អណ្តើក កន្ធាយ ដែលមាន​ដើមកំណើត​នៅ​ប្រទេស​កម្ពុជា​ចំនួន ១៥​ប្រភេទ ដែល​ភាគច្រើន​ជា​ប្រភេទ​ជិត​ផុត​ពូជ សម្រាប់​បង្ហាញ​ភ្ញៀវទេសចរ ដែល​ចង់​ស្វែងយល់​បន្ថែម​ផងដែរ​។ ការចូលទៅ​ទស្សនា​មជ្ឈមណ្ឌល ស្មើនឹង​លោក​-​អ្នក​កំពុង​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ ជាមួយ ស៊ីណា​ល់ ផងដែរ​។​

ដោយ​សកម្ម​ក្នុង​កិច្ចការងារ​អភិរក្ស ស៊ីណា​ល់ ត្រូវបាន​ជ្រើសរើស​ជា «​វីរបុរស​អភិរក្ស​ទន្លេមេគង្គ​» ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម និង​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រតិបត្តិ​ដោយ​គម្រោង «​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​»  ផងដែរ​៕





© រក្សាសិទ្ធិដោយ thmeythmey.com