ជាតិ
២៥ខេត្ត/រាជធានី
របរ​ដាំ​ថ្នាំជក់​របស់​អ្នកស្រុក​កោះសូទិន មិនត្រូវ​ប៉ាន់​ទៀតឡើយ​!
19, May 2019 , 10:29 am        
រូបភាព
ដោយ:
​កំពង់ចាម​៖ ការដាំ​ថ្នាំជក់ គឺជា​របរ​ប្រពៃណី​មួយ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទី​៥ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ប៉ុន្តែ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ការដាំដុះ​ដំណាំ​ប្រពៃណី​មួយ​នេះ​របស់​ពលរដ្ឋ បាន​ថយចុះ​យ៉ាងគំហុក គឺ​រហូតដល់​៨០​ភាគរយ បើ​ធៀប​នឹង​ការ​បរិមាណ​ដាំ​ដុះ​នៅក្នុង​ឆ្នាំ​២០១៥​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក គៀត សារឿន ជា​ប្រធានភូមិ​ទី​៥​។



​ជា​អ្នក​ដាំ​ដំណាំ​ថ្នាំ​ដែរនោះ លោក​មេភូមិ​៥ បាន​បន្ត​ប្រាប់ ThmeyThmey25 ថា​មូលហេតុ​នៃ​ការថយចុះ​នេះ គឺ​ដោយសារ​ដំណាំ​ថ្នាំ​ពិបាក​រក​ទីផ្សារ និង​ជាពិសេស​គឺ​កង្វះ​កម្លាំង​ពលកម្ម​។​



លោក គៀត សារឿន បញ្ជាក់​ដូច្នេះ​៖«​រាល់​ឆ្នាំ​លក់​ចេញទៅ​វៀតណាម និង​ចិន ហើយ​ឥឡូវ​វៀតណាម​អត់​ទិញ​។ ហើយ​កម្លាំង​ពលកម្ម យ៉ាប់​រក​ណាស់ ទាល់តែ​អង្វរ​គេ​។ មើល​ថ្ងៃអាទិត្យ​កូនសិស្ស​អត់​រៀន អាច​កាច់​បាន​។ បើ​កូនសិស្ស​អត់​រៀន កាច់​អត់​បានទេ​»​។​


 
​លោក សារឿន ឲ្យ​ដឹង​ទៀតថា ថ្នាំ​គេ​កាច់​នៅពេល​យប់ ចាប់ពី​ពាក់កណ្តាល​អា​ធ្រា​តុ ដល់​ម៉ោង​៧​ព្រឹក​។ បើ​កាច់​ពេល​ថ្ងៃ សន្លឹក​ថ្នាំ​នឹង​ខូច ដោយសារ​កម្តៅថ្ងៃ​។ ម្ចាស់​ចម្ការ​ថ្នាំ ត្រូវ​ចំណាយ​២​ម៉ឺន​រៀល ដើម្បី​ជួល​កម្មករ​ម្នាក់ ឲ្យ​កាច់​ថ្នាំ និង​ថ្លៃ​១​ពាន់​រៀល ថ្លៃ​ដោត​សន្លឹក​ថ្នាំ​ជា​ចង្កាក់ៗ ចំនួន​១០០​ចង្កាក់ មុននឹង​យកទៅ​ចំហុយ​នៅក្នុង​ឡ​។ ដោយសារតែ​ពិបាក​ស្វែងរក​ទីផ្សារ​លក់ និង​ខ្វះ​កម្លាំង​ពលកម្ម​នេះហើយ បានជា​កសិករ​ភាគច្រើន បាន​ដូរ​ពី​ការដាំ​ថ្នាំ ទៅ​ដាំពោត​វិញ ព្រោះ​សម្បូរ​ទីផ្សារ​ជាង ហើយ​ងាយស្រួល​ពេល​ប្រមូល​ផល​ជាង​ថ្នាំ​។ នេះ​បើតាម​មេភូមិ​ដដែល ។​


 
 បើតាម​លោក គៀត សារឿន ថ្នាំ​ដែលមាន​គុណភាព​ល្អ អាច​លក់បាន​តម្លៃ​៦​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​ថ្នាំ​ដែល​គុណភាព​អន់ លក់​បានតែ​៨០០​រៀល​ប៉ុណ្ណោះ​រៀល ក្នុង​មួយ​គីឡូក្រាម​។ ទោះជា​កំពុង​ប្រឈម​ទាំង​ទីផ្សារ និង​ពិបាក​រក​កម្លាំង​ពលរដ្ឋ​ក្តី ប៉ុន្តែ​នៅតែមាន​ពលរដ្ឋ​បន្ត​ដាំ ហើយ​បើតាម​លោក សារឿន ក្នុង​មួយ​រដូវៗ កសិករ​អាច​ទទួល​ចំណូល​ពី ១​ពាន់​ដុល្លារ ទៅ​១,៥០០​ដុល្លារ ពី​ចម្ការ​ថ្នាំ​១​ហិកតា​៕













 
 
 

Tag:
 ថ្នាំជក់​
 ​កោះសូទិន​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com