ជាតិ
មជ្ឈមណ្ឌលអាស៊ាន-ចិនសន្យាជួយបណ្តុះធនធានមនុស្ស និងជំរុញការវិនិយោគមកកម្ពុជា រូបភាពពីក្រសួងទេសចរណ៍
× លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍បានជួបពិភាក្សាជាមួយលោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន លើបរិបទនៃកិច្ចសហប្រតិបត្តិការថ្មីៗ ដែលនឹងជួយកម្ពុជាលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញអ្នកវិនិយោគនិងទេសចរចិនមកកម្ពុជាបន្ថែម។
នាកិច្ចពិភាក្សាដែលរៀបចំនៅក្រុងប៉េកាំង កាលពីថ្ងៃទី១៧ ខែឧសភា កន្លងមកនេះ លោក ថោង ខុន បានស្នើដល់លោក Chen Dehai ឲ្យជួយគ្រាំទ្រកម្ពុជាបន្ថែម ក្រោមខ្លឹមសារនៃសហគមន៍វាសនារួម កម្ពុជា-ចិន ក៏ដូចជាចាប់យកកាលានុវត្តភាពនានា នៃអភិវឌ្ឍរបស់ចិននិងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងវិថី រួមជាមួយការអភិវឌ្ឍទេសចរណ៍វប្បធម៌អាស៊ីស៊ីផងដែរ។
តាមការឆ្លើយតបនៃសំណើកម្ពុជា មជ្ឈមណ្ឌលអាស៊ាន-ចិន សន្យាបន្តពង្រឹកផែនការនានារបស់ក្រសួងទេសចរណ៍ ហើយនឹងជួយកម្ពុជាលើការបន្តជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងបណ្ដាញសារព័រមាន តាមក្រុមហ៊ុនឯកជន ជាពិសេសក្នុងព្រឹត្តិការណ៍នានារបស់មជ្ឍមណ្ឌលអាស៊ាន ចិន។
មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជួយផលិតឯកសារផ្សព្វផ្សាយទេសចរណ៍ រៀបចំឲ្យមានដំណើរទស្សនកិច្ចស្វែងយល់របស់អ្នកសារព័តមាន ប្រតិបត្តិករចិន នៅកម្ពុជា ដើម្បីចងក្រងការផ្សព្វផ្សាយ និងរៀបចំកញ្ចប់ទស្សនកិច្ចមកកម្ពុជា។ ក្រៅពីនេះ មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជួយពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សរួមមាន ការបង្រៀនភាសាចិនដល់មគ្គុទ្ទេសក៍ទេសចណ៍ និងប្រតិបត្តិករនានា ដោយបានឯកភាពរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី១ ឆ្នាំនេះ នៅចុងខែឧសភាខាងមុខ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជន និងជំរុញឲ្យមានការចុះកម្មសិក្សានៅប្រទេសចិន ព្រមទាំងជួយគាំទ្រការអនុវត្តបន្ថែមទៀត លើសៀវភៅស ស្ដីពី China Ready និងធ្វើឲ្យឯកសារជាយុទ្ធសាស្ត្រនេះអាចឆ្លើយតបនឹងបរិបទនៃកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីផ្សព្វផ្សាយដល់អ្នកវិនិយោគចិនឲ្យមកវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត៕
Tag:
មជ្ឈមណ្ឌលអាស៊ាន-ចិន
គាំទ្រកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com