កីឡាអន្តរជាតិ
អន្តរជាតិ
លោក Massimiliano Allegri ចាកចេញពី Juventus ពេលចប់រដូវកាល
× គ្រូបង្វឹកអ៊ីតាលី លោក Massimiliano Allegri បានប្រកាសពីការចាកចេញពីក្លិប Juventus នៅក្រោយចប់រដូវកាល បន្ទាប់ពីលោកបានជោគជ័យដ៏ធំធេងជាមួយសេះបង្កង់ នារយៈពេល៥រដូវកាលកន្លងមក។
វ័យ៥១ឆ្នាំ លោក Allegri បានដឹកនាំ Juventus តាំងពីឆ្នាំ២០១៤មក ដោយឈ្នះជើងឯក Serie A របស់អ៊ីតាលី ទាំង៥រដូវកាល។ ក្លិបដែលមានរហស្សនាមថា សេះបង្កង់ បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា អ្នកចាត់ការទូទៅអ៊ីតាលីរូបនេះ នឹងមិនមានវត្តមានឡើយសម្រាប់រដូវកាល២០១៩-២០២០។
លោក Allegri កាលពីរដូវកាលមុន បានទិញយក Cristiano Ronaldo ពី Real Madrid ក្នុងតម្លៃ១១៥លានដុល្លារអាមេរិក ប៉ុន្តែក្រៅពីឈ្នះ Serie A ក្លិប Juventus បានត្រឹមឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League និង Coppa Italia ។
លោក Allegri នៅសល់២ប្រកួតនៅក្នុងដៃ ដោយនាំ Juventus ទទួល Atalanta នាថ្ងៃអាទិត្យ មុនបិទរដូវកាលនៅទឹកដី Sampdoria នាថ្ងៃទី២៦ ខែឧសភា។
ក្រៅពីឈ្នះពាន Serie A ៥លើក Coppa Italia ៤លើក Suppercoppa Italina ២លើក និងរងជើងឯក Champions League ២លើកជាមួយ Juventus លោក Allegri ធ្លាប់មានប្រវត្តិនាំ Sassuolo លើកពាន Serie C1 ១លើក និងនាំ AC Milan ឈ្នះ Serie A និង Suppercoppa Italiana ១លើកផងដែរ។
ក្រៅពីនេះ លោកបានជាប់ជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំក្នុងក្របខណ្ឌ Serie A ចំនួន៤លើក ហើយក៏ធ្លាប់បានចំណាត់ថ្នាក់លេខបី ក្នុងពាន The Best FIFA Men’s Coach កាលពីឆ្នាំ២០១៧ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com