ជាតិ
២៥ខេត្ត/រាជធានី
ធ្លាប់​រង​ការកេងប្រវ័ញ្ច​ញើស​ឈាម​នៅ​ថៃ អ្នកស្រី ទុំ ពៅ ងាក​មក​ចិញ្ចឹម​មាន់ ដាំ​បន្លែ​ដើម្បី​ចិញ្ចឹម​ម្ដាយ​វ័យ​៨០​ឆ្នាំ​វិញ​
22, May 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖   អ្នកស្រី ទុំ ពៅ បាន​វិល​ត្រឡប់មក​ស្រុកកំណើត​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់ វិញ បន្ទាប់ពី​ស៊ី​ឈ្មួ​ល​ដាំដំឡូង និង​សណ្តែកសៀង​នៅ​ប្រទេស​ថៃ អស់​រយៈពេល​៥​ឆ្នាំ​។ អ្នកស្រី ទុំ ពៅ  ជា​ស្ត្រី​មេម៉ាយ និង​ជា​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​-​ចិញ្ចឹមសត្វ​លក្ខណៈ​គ្រួសារ ដើម្បី​ចិញ្ចឹម​ម្តាយ​ដែលមាន​អាយុ​ជាង​៨០​ឆ្នាំ និង​កូន​១​នាក់ រួមទាំង​ក្មួយ​កំពុង​សិក្សា​៤​នាក់​ទៀត  ។ បើតាម​ស្ត្រី​មេម៉ាយ​រូបនេះ របរ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ បានធ្វើ​ឲ្យ​អ្នកស្រី​រួចផុត​ពី​បំណុល​គេ និង​ធ្វើឱ្យ​ជីវភាព​គ្រួសារ​ធូរធារ មានមុខមាត់​នៅក្នុង​សង្គម​។

 
​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ដែល​អ្នកស្រី ទុំ ពៅ បាន​ប្រក​បរបរ​ដាំ​ប​ន្លៃ និង​ចិញ្ចឹម​មាន់ នៅក្នុង​ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ការ​ត្រឡប់មក​ប្រកប​របរ​កសិកម្ម​លើ​ទឹកដី​កំណើត​ខ្លួន​ជាថ្មី​នេះ គឺ​កើតឡើង​ក្រោយ​ភាពឈឺចាប់ ដែល​អ្នកស្រី ទុំ ពៅ បាន​ជួប​ការមើល​ងាយ និង​រង​ការកេងប្រវ័ញ្ច​ប្រាក់​ការងារ​ពី​ជនជាតិខ្មែរ​គ្នាឯង នៅក្នុង​ទឹកដី​ប្រទេស​ថៃ កាលពី​អំឡុង​ឆ្នាំ​២០០៥​។ 


 
​ក្រោយ​ចាក​ចេញពី​ទឹកដី​ថៃ មក​រស់នៅ​កម្ពុជា​វិញ​នោះ អ្នកស្រី ពៅ បាន​សម្លឹង​ឃើញ​របរ​កសិកម្ម ដែលជា​ក្តីសង្ឃឹម​របស់ខ្លួន  ក្នុងការ​ចិញ្ចឹមជីវិត រួមទាំង​ម្ដាយ​ចាស់ជរា និង​កូនក្មួយ​៥​នាក់​ទៀត​នៅក្នុង​បន្ទុក​។ សល់​ប្រាក់​បន្តិចបន្តួច​ពី​ការងារ​ដាំដំឡូង និង​សណ្ដែកសៀង​នៅ​ប្រទេស​ថៃ អ្នកស្រី ពៅ ក៏​សម្រេច​យកប្រាក់​ទាំងនោះ ទៅ​ទិញ​ពូជស្រូវ ពូជ​បន្លែ ដើម្បី​ដាំ​ដុះ​នៅលើ​ដី​ជុំវិញ​ផ្ទះ​ប្រហែល​កន្លះ​ហិកតា​។ ប៉ុន្តែ​ការធ្វើ​កសិកម្ម​គ្រានោះ មិន​អាចជួយ​ជីវភាព​គ្រួសារ​អ្នកស្រី ទុំ ពៅ ឱ្យបាន​ល្អប្រសើរ​ទេ ព្រោះ​អ្នកស្រី​គ្មាន​ប​ច្ចេ​ទេស​ដាំ​ដុះ ដោយ​ធ្វើស្រែ​-​ចម្ការ​អាស្រ័យ​ផល​ទៅលើ​ធម្មជាតិ​ទាំងស្រុង ពោលគឺ​ដាំ​ច្រើន ប៉ុន្តែ​បានទទួល​ផល​តិច​។​


 
​ការដាំដុះ​គ្មាន​បច្ចេកទេស ហើយ​ទទួលបាន​ផល​តិច​នេះ បានធ្វើ​ឲ្យ​អ្នកស្រី ទុំ ពៅ ជួប​បញ្ហា​ជីវភាព ដោយបាន​អូសបន្លាយរ​ហូត​ដល់​ឆ្នាំ​២០១១ ទើប​អ្នកស្រី ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​មាន់​យក​សាច់ ចិញ្ចឹម​កូន​មាន់ និង​ដាំ​បន្លែ​សុវត្ថិភាព ពី​គម្រោង​អភិវឌ្ឍ​កសិកម្ម​និរន្ត​ភាព សម្រាប់​គ្រួសារ​កសិករ​ក្រីក្រ របស់​អង្គការ​GRET​។ តាមរយៈ​ការបណ្ដុះបណ្ដាល​នោះ អ្នកស្រី ពៅ អាច​ដាំ​បន្លែ​ចម្រុះ​មុខ ដូចជា​ក្រូចឆ្មារ ស្ពៃ ត្រប់ ដំឡូង ម្ទេស​ជាដើម ដោយ​ទទួលផល​បាន​ច្រើន​គ្រប់​ខែ និង​គ្រប់​រដូវ រួមទាំង​ចិញ្ចឹម​មាន់ ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ក្រៅពី​ធ្វើស្រែ​ចម្ការ​ទៀតផង​។  



ស្ត្រី​មេម៉ាយ​វ័យ​៤៦ ឆ្នាំ​រូបនេះ បាន​សារព័ត៌មាន​ThmeyThmey ដូច្នេះ​ថា​៖« ក្រៅពី​ចំណូល​ប្រចាំថ្ងៃ​៤​ទៅ​៥​ម៉ឺន​រៀល​ពី​បន្លែ​នៅ​ជុំវិញ​ផ្ទះ ខ្ញុំ​អាច​លក់​កូន​មាន់បាន​៣០​ទៅ​៤០​ម៉ឺន​រៀល​ក្នុង​មួយខែៗ​។ ប្រាក់​ទាំងនេះ បាន​រ៉ាប់រង​ទាំងស្រុង​លើ​ការចំណាយ​របស់​កូនក្មួយ​រៀនសូត្រ​, សង់​ដោះ​បំណង​គេ​, ទិញ​ថ្នាំពេទ្យ មើលជំងឺ​ម្តាយ និង​ចំណាយ​ផ្សេងៗ​ទៀត ធ្វើឱ្យ​គ្រួសារ ខ្ញុំ​រស់នៅក្នុង​ជីវភាព​មួយ​ធូរធារ មាន​គេ​រាប់រក​ច្រើន​នៅក្នុង​ភូមិ​-​ស្រុក និង​ក្លាយជា​កសិករ​គំរូ​ក្នុងភូមិ​ផងដែរ​»​។​
 
​បើតាម​ស្ត្រី​មេម៉ាយ​រូបនេះ អ្នកស្រី​អាច​ទទួល​ប្រាក់ចំណេញ​សុទ្ធ​ពី​មុខរបរ​កសិកម្ម​នេះ ពី​៥​ទៅ​៦​លាន​រៀល ក្នុង​មួយឆ្នាំ​ផងដែរ​។  មែនទែនទៅ​! ភាពល្អប្រសើរ​នៃ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី ទុំ ពៅ បច្ចុប្បន្ន គឺ​ផ្ដើមចេញពី​ក្តី​រង​ទុក្ខលំបាក​នៅ​ប្រទេស​ថៃ រយៈពេល​៥​ឆ្នាំ ដោយសារ​ការកេងប្រវ័ញ្ច​ញើស​ឈាម​ការងារ​។​
 
​មូល​ហេតុដែល​អ្នកស្រី ពៅ ត្រូវ​រង​ការលំបាក​នៅ​ប្រទេស​ថៃ​គ្រានោះ ដោយសារតែ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី ជួប​បញ្ហា​បំណុល​ច្រើន បន្ទាប់ពី​ឪពុក​បានទទួល​មរណៈភាព ដោយសារ​ជំងឺ​។ ជំពាក់​បំណុល​គេ​ជុំ​ទិស រួមទាំង​ដីស្រែ​-​ចម្ការ​បញ្ចាំ​គេ ស្របពេល​ខ្លួន​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ប្រាក់ចំណូល​ប្រចាំ​ថ្ងៃនោះ វា​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​អ្នកស្រី ទុំ ពៅ  ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​គេ​នៅឯ​ប្រទេស​ថៃ ដើម្បី​ដោះបំណុល​គេ​អស់​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០០០​ដល់ ២០០៥​។​
 
​មាន​សម្បុរ​ខ្មៅ​ស្រអែម សក់​ព័ណ៌​ក្រហម ស្ថិតក្នុង​វ័យ​ជាង​៤០​ឆ្នាំ ស្ត្រី​មេម៉ាយ​រូបនេះ បាន​រៀបរាប់​រឿងរ៉ាវ​អតីតកាល ទាំង​ទឹកមុខ​ស្រពោន​ដូច្នេះ​ថា​៖« បន្ទាប់ពី​ឪពុក​ខ្ញុំ​បាន​ស្លាប់ គ្រួសារ​ទាំងមូល​បាន​ជំពាក់​ប្រាក់​គេ​ច្រើន បងៗ​ក៏​គ្មាន​លទ្ធភាព​ដោះ​ស្រោ​យ​។ ដូច្នេះ​ខ្ញុំ​ពីរ​នាក់​បងស្រី​ធំ បានសម្រេច​ចិត្ត​ទៅ​ស៊ី​ឈ្មួ​ល​នៅ​ប្រទេស​ថៃ ដោយ​ទុក​ម្តាយ​នៅតែ​ម្នាក់ឯង​។ ទៅ​ស៊ី​ឈ្មួ​ល​គេ​នៅ​ថៃ​ហ្នឹង ថ្ងៃ​ខ្លះ​មានការ​ងារ​ធ្វើ​...​ថ្ងៃ​ខ្លះទៀត​ក៏​គ្មានអ្វី​ធ្វើ ព្រោះ​មេការ​មិនឱ្យ​ខ្ញុំ​ដាំ​...​គេ​ឱ្យតែ​គ្នា​គេ​ដាំ​។ ថ្ងៃ​ណា​ខ្វះ​កម្លាំង​ដាំ បាន​មេកា​ខ្មែរ​ហៅ​ខ្ញុំ​ទៅ​ដាំដំឡូង​។ ដាំ​ហ្នឹង​គេ​បាន​១៥០​ទៅ​២០០​បាត ខ្ញុំ​បានតែ​៥០​ទៅ​៧០​បាត​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​។ ខ្ញុំ​គិតថា​ចំណូល​តិចពេក ក៏​ខ្ញុំ​សុំ​គេ​ដាំ​គិត​ម៉ែត្រ​វិញ​។ មួយថ្ងៃ​ខ្ញុំ​ប្រឹង​ដាំដំឡូង​ឱ្យបាន​មួយ​រ៉ៃ (​ស្មើ​ផ្ទៃដី​៤០​ម៉ែត្រ​បួន​ជ្រុង​) បាន​ប្រាក់​៣៥០​បាត​។ ខ្ញុំ​គិតថា​ប្រាក់​នេះ​ច្រើនណាស់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ជាក់ស្តែង​មួយ​រ៉ៃបាន​៥០០​បាត​ដែល​តម្លៃ​ថៅកែ​ថៃ​កំណត់ឱ្យ​កម្មករ​ទូទៅ​»​។  
 
​ទោះបី​ដឹងថា​កេង​យកប្រាក់​លើ​កម្លាំង ញើស​ឈាម​របស់ខ្លួន​ក៏ដោយ ក៏​អ្នកស្រី ទុំ ពៅ នៅតែ​ប្រឹង​ប្រែ​ធ្វើ​ការងារ​ទាំង​លំបាក​ផ្លូវចិត្ត នៅក្នុង​ទឹកដី​ប្រទេស​ថៃ រហូតដល់​សងបំណុល​គេ​រួច និង​សន្សំ​ប្រាក់​បាន​មួយចំនួន​ត្រឡប់មក​ស្រុកកំណើត ដើម្បី​ធ្វើស្រែ​ចម្ការ​របស់ខ្លួន​វិញ រហូត​ទទួលបាន​ភាពប្រសើរ​នៃ​ជីវិត នាពេល​បច្ចុប្បន្ននេះ​៕
 
 

Tag:
 ជាតិ​
  កសិកម្ម​
  មេម៉ាយ​
  មាន់​
  បន្លែ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com