អន្តរជាតិ
ចិន​បង្កើន​ការដាំ​ដំណាំ​ស្រូវ​លើ​«​ដីប្រៃ​»​ឲ្យ​លើស ៦០០ ហិកតា​
18, May 2019 , 9:29 pm        
រូបភាព
​ដោយៈ យ៉​ន សុខន
 
​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំណាំ​ស្រូវ​​ប្រើ​ទឹកប្រៃ​ដែល​ឈានមុខ​គេ​របស់​ចិន និង​មាន​មូលដ្ឋាន​នៅ​ភូមិភាគ​ខាងកើត​នៃ​ខេត្ត សាន​ទុង បានសម្រេច​នៅ​ដើមខែ​ឧសភា​នេះ​ថា ខ្លួន​នឹង​ពង្រីក​ទំហំ​ដី​ពិសា​ធន៍​ដំណាំ​ស្រូវ​របស់ខ្លួន​ឲ្យ​ដល់​លើស ៦៦៦ ហិកតា​ឯណោះ​។​



​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដំណាំ​ស្រូវ​ដីប្រៃ​ដែលមាន​ទីតាំងនៅ​ទីក្រុង​ឆ្នេរ ឈី​ង​តាវ (Qingdao) បាន​លើកឡើងថា​ការធ្វើ​នេះ​មាន​គោលបំណង​ព​ន្លឿ​ន​ល្បឿន​នៃ​ការស្រាវជ្រាវ អភិវឌ្ឍ និង ជ្រើស​ប្រភេទ​ពូជស្រូវ​សម្រាប់​ដីប្រៃ​។ បន្ថែម​ពីនេះ គោលដៅ​ដ៏​សំខាន់បំផុត​មួយទៀត​គឺ​ការពង្រីក​ដី​ដាំ​ដុះ គឺ​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ល្អ​ក្នុង​ការដាំដុះ​។​


 
​មជ្ឈមណ្ឌល​ដដែល​បានធ្វើ​ការកំណត់​ផែនការ​ទិន្នផល​ស្រូវ ដោយ​ធ្វើយ៉ាងណា​ផលិត​ឱ្យបាន ជា​មធ្យម​៣០០ គីឡូក្រាម​ក្នុង​ផ្ទៃដី ៦៦៦ ម៉ែត​ការ៉េ ឬ​ត្រូវ​នឹង​៤,៥​តោន​ក្នុង​មួយ​ហិកតា​។ ជាមួយគ្នា​នោះដែរ អ្នកស្រាវជ្រាវ នឹងសិក្សា​អំពី​ប្រភេទ​ស្រូវ ដែល​សមប្រកប​ជាមួយនឹង​ដី​ប្រភេទ​ជាក់លាក់​ណាមួយ និង​ប្រភេទ​ដី​មាន​ជាតិ​អំបិល នឹងត្រូវ​កែលម្អ​គុណភាព​។​
 
​ប្រទេស​ចិន​មាន​ដី​ជាតិ​ប្រៃ​ប្រមាណ​១០០​លាន​ហិកតា ដែល​ក្នុងនោះ ផ្ទៃដី​ចំនួន​មួយ​ភាគ​ប្រាំ​អាច​កែលម្អ​ឱ្យក្លាយ​ជា​ដី​មាន​ជីជាតិ​ដើម្បី​ដាំ​ដំណាំ​បាន​។​


 
​ក្រៅពី​ស្រូវ​ដាំ​ដុះ​ប្រើប្រាស់​ទឹកប្រៃ ចិន​ក៏មាន​ប្រភេទ​ស្រូវ​ដាំ​ដុះ​លើដី​ស្ងួត​ហែង​ដែរ​។ គម្រោង​ថ្មី​នេះ​ត្រូវបាន​គេ​សាកល្បង​នៅ​ខេត្ត Hebei តាំងពី​ឆ្នាំ ២០១៧ ហើយ​ទិន្នផល​ស្រូវ​ដែល​គេ​អាច​ផលិត​បាន​នោះ​មាន​ទំហំ​ដល់​ទៅ​ជាង ៦​តោន ទោះ​មិនសូវ​មានទឹក​ស្រោចស្រព​គ្រប់​ក្តី​។​
 
​លើសពីនេះ ចិន​ក៏​ស្រាវជ្រាវ​បាន​ប្រភេទ​ពូជស្រូវ​យក្ស​ដែល​អាច​ផ្តល់​ទិន្នផល​ខ្ពស់​រហូតដល់ ១៥ តោន​ក្នុង​មួយ​ហិកតា​ដែរ​។ ស្រូវ​នេះ​មាន​កម្ពស់​ជាង ២​ម៉ែត្រ និង​អាច​ផ្តល់​ជម្រក​ឲ្យ​ត្រី បាន​សុខសាន្ត និង​មិនមាន​ផលប៉ះពាល់​ចំពោះ​ទឹក​ឡើយ​។​
 
​សូមបញ្ជាក់ថា ស្រូវ​អង្ករ​ជា​ប្រភេទ​អាហារ​មូលដ្ឋាន​របស់​ប្រជាជន​ចិន ហើយ​វា​មាន​ប្រវត្តិ​នៅ ចិន​យូរអង្វែង​មកហើយ​។ បច្ចុប្បន្ន​ការដាំដុះ​ស្រូវ​នេះ​ធ្វើ​ឡើងលើ​ផ្ទៃដី​មួយ​ភាគ​បួន​នៃ​ផ្ទៃដី​សម្រាប់​ដំណាំ​ទូទាំងប្រទេស​ចិន​ទាំងមូល​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com