ដោយ សុធី
ក្លិប«Prodal» ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ។ តើក្លិបថ្មីនេះមានសម្ភារទំនើបកម្រិតណា និង ដើរតួសំខាន់យ៉ាងណាខ្លះដើម្បីបណ្ដុះកីឡាករប្រដាល់ ឬ គុនចម្រុះថ្មីៗនៅកម្ពុជា? សូមតាមដានបទសម្ភាសន៍សំណួរចម្លើយជាមួយលោក Derek Bidaut ដែលជាស្ថាបនិក និង ជានាយកគ្រប់គ្រងក្លិបខាងលើនេះដូចតទៅ។
ជម្រាបសួរលោក Derek Bidaut តើការបង្កើតក្លិប «Prodal» ត្រូវចំណាយអស់ប៉ុន្មានដែរ ហើយសម្ភារប្រើប្រាស់ក្នុងក្លិបទំនើបកម្រិតណា?
Derek Bidaut ៖ បាទជម្រាបសួរបង! បើនិយាយអំពីខ្ទង់ចំណាយលើការបើកក្លិបនេះនិងសម្ភារប្រហែលកន្លះលានដុល្លារអាមេរិកនោះ ព្រោះយើងមានសម្ភារស្ដង់ដារដែលស្ថិតនៅផ្ទះលេខ 31B ផ្លូវ ៥៩៨ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ទំហំក្លិបរបស់យើងធំទូលាយដែលស្ថិតនៅលើផ្ទៃដី ជាង ១៥០០ ម៉ែត្រក្រឡា។ ក្នុងក្លិបយើងមានសម្ភារទំនើបដូចជាសង្វៀនថ្មីសម្រាប់ហ្វឹកហាត់១ , បាវសាក់ថ្មីៗចំនួន ១០, ហ្គង់ ស៊ីបដៃ ស៊ីបជើង កង្ហារពីធំខាងលើល្ហើយស្រួល សម្ភារGymដុំដែក រទេះរុញ កង់ឡាន មានកន្លែងរត់ទូលាយ មានភោជនីយដ្ឋាន ស្ទីម សូណា និង កន្លែងហ្វឹកហាត់យ៉ូហ្គាជាដើម។
តើទីតាំង និងសម្ភារទាំងនេះតើបានការសហការ ពីខាងណាខ្លះ? ឬ លោកជាអ្នកបើកផ្ទាល់តែម្ដង?
Derek Bidaut៖ បាសូមអរគុណ! ការបើកក្លិបរបស់យើងនេះគឺ មានការគាំទ្រពីអ្នកជំនួញម្នាក់ដែលគាត់ស្រលាញ់កីឡា និង សុខភាព ហើយខ្ញុំជាអ្នកមើលការខុសត្រូវនៅទីនេះ។ សូមទោស ខ្ញុំមិនទាន់អាចប្រាប់ឈ្មោះរបស់គាត់បានទេ។
តើអ្វីជាគោលបំណងអ្វីសំខាន់បំផុតក្នុងការដំណើរការក្លិបនេះឡើង?
Derek Bidaut៖ ការពិតទៅ ខ្ញុំអ្នកស្រលាញ់ក្បាច់គុន និង សុខភាព។ មុនពេលខ្ញុំមកស្រុកខ្មែរឆ្នាំ ២០១០ ខ្ញុំហ្វឹកហាត់ កុងហ្វូ និង មួយថៃ នៅស្រុកបារាំងព្រោះនៅស្រុកបារាំងភាគច្រើនមិនសូវស្គាល់គុនខ្មែរទេ។ ប៉ុន្តែពេលខ្ញុំមកស្រុកខ្មែរឆ្នាំ ២០០៩ ម្ដងរយៈ១ខែ បន្ទាប់មក ខ្ញុំទៅបារាំងវិញ ហើយក៏ត្រលប់មករស់នៅស្រុកខ្មែរតាំងពីឆ្នាំ ២០១០ មកតែម្នាក់ឯង។ មកទីនេះខ្ញុំស្គាល់គុនខ្មែរកាន់តែច្បាស់ ខ្ញុំហ្វឹកហាត់គុនខ្មែរជាមួយគ្រូមាស សុខគ្រី និង ឈិត សារឹម ជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំចង់ដឹងខ្លាំងនោះគឺ ល្បុក្កតោ ដែលខ្ញុំរៀនតាំងឆ្នាំ ២០១០ មកជាមួយគ្រូសាន គឺមស៊ាន នៅអូរឫស្សី មុនផ្លាស់ទីតាំងទៅ ចាក់អង្រែ។ ហើយខ្ញុំក៏បានទៅហ្វឹកហាត់ល្បុក្កតោជាមួយលោកគ្រូតា សាន គឺមស៊ាន រយៈពេល ៣ ខែនៅសៀមរាប។ កម្រិតល្បុក្កតោខ្ញុំ គឺ ក្រមាខ្មៅដែលអាចធ្វើជាគ្រូបាន។ ខ្ញុំស្រលាញ់ល្បុក្កតោ ព្រោះខុសពីគុនខ្មែរខ្លះៗ ដ្បិតជាក្បាច់គុនរបស់ខ្មែរតែមួយ។ សរុបទៅខ្ញុំស្រលាញ់ក្បាច់គុន ហើយចិត្តខ្ញុំចង់បើកក្លិបបែបនេះតាំងពីខ្ញុំ អាយុ ២០ ឆ្នាំមកម្ល៉េះ ហើយឥឡូវនេះខ្ញុំអាយុ ៣១ ឆ្នាំទើបសម្រេចបានលទ្ធផលនេះ។ គោលដៅសំខាន់គឺ ដើម្បីបណ្ដុះបណ្ដាលកីឡាករជំនាន់ក្រោយនៅស្រុកខ្មែរ ទោះបីខ្ញុំជាជនជាតិបារាំង ហើយ ខ្ញុំកំពុងរត់ការដើម្បីចូលសញ្ជាតិខ្មែរដែរ។ ខ្ញុំស្រលាញ់ការរស់នៅទីនេះ។ មួយវិញទៀត គឺ ខ្ញុំចង់រួមចំណែកលើកតម្កើងសុខភាពនៅក្នុងតំបន់របស់បងប្អូនដែលអ្នកខ្លះគេហាត់ដើម្បីរក្សារាង ឬ ធ្វើឲ្យសុខភាពមាំមួន។
ចុះបច្ចុប្បន្ន មានកូនសិស្សហាត់សុខភាព និង ហាត់អាជីពចំនួនប៉ុន្មានដែរ? ហើយមានបុគ្គលិកក្នុងបន្ទុកចំនួនប៉ុន្មាននាក់?
Derek Bidaut៖ បើសរុបឥឡូវនេះមានកូនសិស្សមកកាន់តែច្រើន រហូតជាង ១០០ នាក់។ គ្រូបង្វឹកប្រដាល់មិនបញ្ហា ប៉ុន្តែខ្វះគ្រូបង្វឹកផ្នែកកម្លាំង (Fitness) ខ្ញុំត្រូវការ ១ ឬ ២ នាក់ដែលកំពុងស្វែងរក។ ខ្ញុំអត់ទាន់មានកូនសិស្សអាជីពច្រើនទេ ប៉ុន្តែ លោកគ្រូ ឡុង សាលវ័ន្ត គាត់មកបង្ហាត់ទីនេះ ហើយកូនសិស្សគាត់ទាំងអស់មកហាត់នៅក្លិបខ្ញុំដែរ។ នេះជាការរួមចំណែកមួយដើម្បីឲ្យកីឡាករមានសមត្ថភាពខ្ពស់តាមរយៈការហ្វឹកហាត់ឧបករណ៍គ្រប់គ្រាន់។ កូនសិស្សមិនមែនអាជីពបុកហាត់នៅវេនល្ងាចច្រើនជាងវេនព្រឹក និង រសៀល។ ក្លិបរបស់យើងទើបតែបើកមិនទាន់ដល់ ១ ឆ្នាំទេ ដូច្នេះ មិនទាន់មានកូនសិស្សអាជីពនៅឡើយ ប៉ុន្តែខ្ញុំសង្ឃឹមថាទទួលបាននាពេលឆាប់ខាងមុខ។ គោលបំណងរបស់យើងគឺ ជួលគ្រូអាជីព និង បង្កើតឲ្យបានកូនសិស្សអាជីពដើម្បីប្រកួតក្នុងស្រុក និង អន្តរជាតិ។ ចំណែកបុគ្គលិកនៅទីនេះ គឺ មានជាង ១០ នាក់ ដូចជាអ្នកធ្វើការនៅ ភោជនីយដ្ឋាន អ្នកមើលការខុសត្រូវសម្ភារ អ្នកទទួលភ្ញៀវ និង អ្នកសំអាតជាដើម។
តើរាល់ថ្ងៃ ក្លិប «Prodal» មានការផ្សព្វផ្សាយយ៉ាងណាខ្លះ ហើយមានដៃគូសហការជាមួយក្រុមហ៊ុនណាខ្លះ?
Derek Bidaut៖ សព្វថ្ងៃយើងមានដៃគូសហការក្រុមហ៊ុនលក់សម្ភារកីឡា Venum និង Under Amour ដែលគេលក់ឲ្យយើងក្នុងតម្លៃថោកជាងតម្លៃធម្មតា បើសិនជាយើងត្រូវការ ឬ បញ្ជាទិញ។ ហើយយើងក៏បានចុះកិច្ចសន្យាឧបត្ថម្ភផ្ដល់កន្លែងហ្វឹកហាត់កាយសម្បទារយៈពេល ១ ឆ្នាំដល់ ក្លិបបាល់ទាត់ភ្នំពេញក្រោនក្នុងឆ្នាំ ២០១៩នេះដែរ។ នេះជាដៃគូសហការសំខាន់ៗរបស់យើង។ ក្រៅពីនេះយើងមាន ទំព័រ ហ្វេសប៊ុករបស់យើងProdal Fight & Fitness Studio ដើម្បីផ្សព្វផ្សាយព័ត៌មាន ឬ សកម្មភាពជាប្រចាំរបស់យើង។ នៅថ្ងៃមុខ យើងនឹងបន្តសហការជាមួយដៃគូក្នុងស្រុកជាបន្តបន្ទាប់៕