អភិបាល​ខេត្តកំពត ចង់​ពង្រីក​ការនាំចេញ​ទុរេន ស្វាយ មៀន តា​ង៉ែ​ន ទៅ​ផ្សារ​អឺរ៉ុប ឲ្យ​ដូច​ម្រេច​ដែរ​
ជាតិ
សេដ្ឋកិច្ច
អភិបាល​ខេត្តកំពត ចង់​ពង្រីក​ការនាំចេញ​ទុរេន ស្វាយ មៀន តា​ង៉ែ​ន ទៅ​ផ្សារ​អឺរ៉ុប ឲ្យ​ដូច​ម្រេច​ដែរ​
18, May 2019 , 6:10 pm        
រូបភាព
​ភ្នំពេញ​៖ អភិបាល​ខេត្តកំពត លោក ជាវ តា​យ បាន​ជំរុញ​ឲ្យ​អ្នកវិនិយោគ​គិ​ន​ទាំង​ក្នុង និង​ក្រៅប្រទេស​បណ្តាក់ទុន​វិនិយោគ​វិស័យ​កសិកម្ម និង​ពង្រឹង​ការសហការ​នាំចេញ​ផលិតផល​ដែលមាន​នៅ​ខេត្តកំពត​បន្ថែមទៀត ដើម្បី​ជួយ​ឲ្យ​ផលិតផល​ខ្មែរ​មានការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ឲ្យ​កាន់តែ​សន្ទុះ​ឡើង​។ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP_ បាន​ស្រង់​សម្តី​លោក ជាវ តា​យ អភិបាលខេត្ត​កំពត​ថា ដំណាំ​ដែល​កំពុង​នាំ​ចេញទៅ​ផ្សារ​អន្តរជាតិ​ខ្លាំងជាងគេ គឺ​ម្រេច​កំពត ដែលជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​។



​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា ខេត្តកំពត​ជា​ខេត្ត​មាន​សក្តានុពល​លើ​ដំណាំ​នាំចេញ​មួយចំនួន​ដូចជា ម្រេច ទុរេន មៀន ស្វាយ តា​ង៉ែ​ន និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត ដែល​ទទួលបាន​ការគាំទ្រ​ពី​ទីផ្សារ​បរទេស​។  លោក​បាន​បន្ថែមថា ខេត្តកំពត គឺជា​ច្រក​មួយ​សម្រាប់​នាំចេញ​ទំនិញ​កសិកម្ម​ទៅកាន់​ក្រៅប្រទេស តាមរយៈ​កំពង់ផែ​ចំនួន​៤ និង​កំពង់ផែ​ទឹក​ជ្រៅ​១៤​ម៉ែត្រ របស់លោក វិញ ហួរ ,​កំពង់ផែ​របស់លោក ទ្រី ភាព និង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ដែល​អនុញ្ញាត​ឲ្យ​នាវា​មកពី​ប្រទេស​វៀតណាម និង​ថៃ​ចូល​ចត​បាន​។  


 
​ក្រៅពី​ម្រេច​កំពត ជា​ដំណាំ​គោល​របស់​ខេត្តកំពត ផ្លែ​ទុរេន ក៏​ជា​ដំណាំ​ដែល​តំណាង​ឲ្យ​ខេត្ត​នេះ​ផងដែរ ប៉ុន្តែ​ដំណាំ​នេះ​មិនទាន់មាន​ការដាំដុះ​ជា​លក្ខណៈ​​វិនិយោគ​ទ្រង់ទ្រាយធំនៅឡើយ​ទេ ភាគច្រើន​ជា​ការដាំដុះលក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ។ ដូច្នេះហើយ វា​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​ទូទាំងប្រទេស​បានឡើយទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ជាវ តា​យ អភិបាល​ខេត្តកំពត​។  
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​កត់សម្គាល់ថា ការនាំចេញ​ដំណាំ​ម្រេច មៀន តា​ង៉ែ​ន ស្វាយចន្ទី និង​ស្វាយកែវ​រមៀត ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ។ ចំណែក ​ផលិត​បន្លែក៏មានសក្តានុពលដូចគ្នា ប៉ុន្តែមិនទាន់មាន​ការនាំ​ចេញប្រសើរឡើងទេទៅកាន់ទីផ្សារ​អឺរ៉ុប​។ 
 
​ត្រង់ចំណុច​នេះ លោក វេ​ង សាខុន បាន​បញ្ជាក់ថា កម្ពុជា​នៅ​មិនទាន់មាន​ក្រុមហ៊ុន​យន្តហោះ​ដែល​អាច​ដឹក​បន្លែ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដោយផ្ទាល់​ឡើយ ហើយ​ម្យ៉ាងទៀត​ព្រលានយន្តហោះ​កម្ពុជា​នៅមាន​ទំហំ​តូច​នៅឡើយដែលជាការលំបាកសម្រាប់ការនាំចេញ។  លោកយល់ថា នៅពេលដែល​កម្ពុ​ជាមានព្រលាន​យន្តហោះ​ធំនោះ កម្ពុជា​នឹង​អាច​នាំ​បន្លែកាន់តែច្រើន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​​៕ 
 
 
 
 
 

Tag:
 អភិបាល​ខេត្តកំពត​
 ​ដំណាំ​
 ​ទីផ្សារ​អឺរ៉ុប​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com