ជាតិ
សេដ្ឋកិច្ច
GCG Asia ចុះបញ្ជីត្រឹមត្រូវ តែជនបរទេសយកក្រុមហ៊ុនមួយទៀតដែលឈ្មោះដូចគ្នាទៅបង្កបញ្ហា ក្រសួងពាណិជ្ជកម្មអះអាងថាបុគ្គលបរទេសបានប្រើប្រាស់ឈ្មោះក្រុមហ៊ុន GCG ASIA CO,. LTD. ផ្សេងដែលមិនមែនជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅកម្ពុជា បង្កបញ្ហា
× ក្រសួងពាណិជ្ជកម្មតាមរយៈសេចក្តីជូនដំណឹងមួយនាថ្ងៃទី១៧ ខែឧសភា បានអះអាងថា ក្រុមហ៊ុន GCG ASIA Co., LTD. បានចុះបញ្ជីត្រឹមត្រូវកាលពីឆ្នាំ២០១៦ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ហើយក្រុមហ៊ុននេះ មិនពាក់ព័ន្ធទៅនឹងករណីយកឈ្មោះ និងរូបភាពសម្តេច ហ៊ុន សែន ក៏ដូចជាធនាគារជាតិ ទៅបង្ហោះនៅលើគេហទំព័រនោះឡើយ។ ក្រសួងបានបញ្ជាក់ថា ករណីដែលបានកើតឡើងគឺបង្កដោយជនបរទេសដែលបានប្រើឈ្មោះ GCG ASIA Co., LTD. ដូចគ្នា តែមិនមែនជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅកម្ពុជា។
«ក្រសួងបានចុះបញ្ជីក្រុមហ៊ុនឈ្មោះ ជីស៊ីជី អេស៊ា ឯ.ក GCG ASIA CO,. LTD. អត្តលេខចុះបញ្ជី ០០០១៨២០៥ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដែលមានអាសយដ្ឋានទីស្នាក់ការនៅអគារ Intelligent Office Center (IOC) លេខ R០១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ»។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងលើកឡើងបន្ថែមថា ក្រុមហ៊ុននេះ មានម្ចាស់ភាគហ៊ុនតែម្នាក់ និងជាអភិបាលក្រុមហ៊ុនដែលមានសញ្ជាតិខ្មែរ ដោយរកស៊ីពាក់ព័ន្ធនឹងអចលនទ្រព្យ សំណង់ នាំចេញនាំចូល សណ្ឋាគារ សេវាអប់រំ និងភោជនីយដ្ឋាន។
ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រុមហ៊ុននោះមិនពាក់ព័ន្ធនឹងករណី យកឈ្មោះ និងរូបភាពសម្តេច ហ៊ុន សែន ក៏ដូចជាធនាគារជាតិ ទៅបង្ហោះនៅលើគេហទំព័រនោះឡើយ គឺបុគ្គលបរទេសទេដែលបានប្រើប្រាស់ឈ្មោះក្រុមហ៊ុន GCG ASIA CO,. LTD. ផ្សេងដែលមិនមែនជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com