កីឡាជាតិ
ជាតិ
ណាហ្គាវើលឲ្យអង្គរថាយហ្គឺរស្គាល់ចាញ់លើកដំបូង រីឯវិសាខា និងសូលទីឡូ បាន៣ពិន្ទុដូចគ្នា បរាជ័យលើកដំបូងរបស់អង្គរថាយហ្គឺរ ក្រោយប្រកួតបាន៨សប្តាហ៍។ រូបថត CNCC
× សប្តាហ៍ទី៨នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ជាសប្តាហ៍ដ៏ខកចិត្តរបស់អង្គរថាយហ្គឺរ ដោយពួកគេបានស្គាល់បរាជ័យលើកដំបូងជាមួយនឹងលទ្ធផល ៤-០ ដោយសារណាហ្គាវើល ស្របពេលដែលវិសាខា យកឈ្នះយុវជនបាទី ៥-១។ រីឯជំនួបនៅទីលានស្វាយធំ ខេត្តសៀមរាប ភ្នំពេញក្រោនរងការខកចិត្តក្នុងលទ្ធផល ១-០ ដោយសារម្ចាស់ផ្ទះសូលទីឡូអង្គរ។
សុះ ស៊ូហាណា បានទាត់បាល់បញ្ចូលទីនៅពាក់កណ្តាលតង់ទីមួយ និងដើមតង់ទីពីរ មុនពេលដែល Athuheire Kipson និង Esoh Omogba បន្ថែមម្នាក់១គ្រាប់ទៀត ដើម្បីនាំជ័យជម្នះ ៤-០ លើអង្គរថាយហ្គឺរនៅលើទីលានស្តាតចាស់នាល្ងាចថ្ងៃទី១៨ ខែឧសភា។
៣ពិន្ទុបន្ថែម នាំឲ្យណាហ្គាវើលឡើងឈរលេខ១បណ្តោះអាសន្ន ដោយសរុបឡើងដល់២១ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀងដែលត្រូវប្រកួតនៅថ្ងៃអាទិត្យ មាន១៩ពិន្ទុ។ ផ្ទុយទៅវិញ អង្គរថាយហ្គឺរ បានបញ្ចប់កំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ខ្លួន ក្រោយឈ្នះ៤លើក និងស្មើ៣លើក។ ទោះបីជាយ៉ាងណាក៏ដោយ អង្គរថាយហ្គឺរនៅតែមានចំណាត់ថ្នាក់ល្អប្រសើរដោយមាន១៥ពិន្ទុ។
សម្រាប់ជំនួបនៅកីឡដ្ឋានវិសាខាឯណោះវិញ តង់ទីមួយ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដោយទិត្យ ឌីណា បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់ម្ចាស់ផ្ទះ ហើយ សៀង ចន្ធា តាមស្មើវិញសម្រាប់ក្រុមយុវជនបាទី។ ឈានដល់តង់ទីពីរ វិសាខា បន្ថែមរហូតដល់ទៅ៤គ្រាប់ទៀត ដោយ Eliel da Cruz រកបាន២គ្រាប់ Lyuben Nikolov និង សារី ម៉ាត់ណូរ៉ូទីន ជួយបានម្នាក់១គ្រាប់។
វិសាខាឡើងទៅឈរលេខពីរជាបណ្តោះអាសន្ន ដោយមាន១៩ពិន្ទុស្មើព្រះខ័នរាជស្វាយរៀង ខណៈយុវជនបាទី ទើបតែមាន៣ពិន្ទុប៉ុណ្ណោះក្រោយប្រកួតបាន៨សប្តាហ៍។
ដោយឡែក ជំនួបគូដំបូងនៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប សូលទីឡូអង្គរ បានធ្វើឲ្យភ្នំពេញក្រោនខកចិត្ត តាមរយៈការស៊ុតបាល់បញ្ចូលទីនៅនាទី១៤របស់ លី សារ័ត្ន ដែលផ្ទេរមកពីព្រះខ័នរាជស្វាយរៀង។ លទ្ធផល ១-០ ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។
សូលទីឡូអង្គរ បន្តរកបានពិន្ទុ នាប្រកួតចុងក្រោយ ដោយស្មើ២លើក និងឈ្នះ២លើក។ បច្ចុប្បន្ន ក្រុមដែលទទួលបានការឧបត្ថម្ភពីលោក Keisuke Honda មួយនេះ ឡើងដល់៩ពិន្ទុស្មើភ្នំពេញក្រោន។ ភ្នំពេញក្រោនក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក ស៊ុំ វណ្ណា នៅតែមានវាសនាឡើងចុះនៅឡើយ ដោយបរាជ័យនេះ កើតឡើងបន្ទាប់ពីពួកគេយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ កាលពីសប្តាហ៍មុន៕
© រក្សាសិទ្ធិដោយ thmeythmey.com