Bayern ឈ្នះ​ពាន Bundesliga ៧​ឆ្នាំ​ជាប់​គ្នា ខណៈ Robben, Ribery និង Rafinha ត្រូវ​លា​អ្នកគាំទ្រ​
កីឡាអន្តរជាតិ
អន្តរជាតិ
Bayern ឈ្នះ​ពាន Bundesliga ៧​ឆ្នាំ​ជាប់​គ្នា ខណៈ Robben, Ribery និង Rafinha ត្រូវ​លា​អ្នកគាំទ្រ​
18, May 2019 , 11:02 pm        
រូបភាព
ដោយ: រួបរួម
Bayern Munich ក្លាយជា​ម្ចាស់​ជើងឯក Bundesliga របស់​អាល្លឺម៉ង់​៧​រដូវ​កាល​ជាប់​គ្នា ក្រោយ​ជ័យជម្នះ ៥-១ លើ​ភ្ញៀវ Eintracht Frankfurt នា​សប្តាហ៍​ចុងក្រោយ​។ Borussia Dortmund ក៏បាន​៣​ពិន្ទុ​ផងដែរ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ Borussia Monchengladbach ២-០​។ Bayern ឈ្នះ​ជើងឯក​កំពូល​អាល្លឺម៉ង់​លើក​ទី​២៩ ដោយមាន​ពិន្ទុសរុប​៧៨ ខណៈ Dortmund តិចជាង​២​ពិន្ទុ​។​



Kingsley Coman រកបាន​គ្រាប់​បើកឆាក​នៅ​តង់​ទីមួយ​ឲ្យ Bayern ហើយ Sebastien Haller តាម​ស្មើ​នៅ​នាទី​៥០​សម្រាប់ Frankfurt​។ ទីបំផុត Bayern រកបាន​៤​គ្រាប់​បន្ថែមទៀត ដែល​សម្រេចបាន​ដោយ David Alaba, Renato Sanches, Franck Ribery និង Arjen Robben​។​

​ជ័យជម្នះ​នៅ​កីឡដ្ឋាន Allianz Arena នេះ បានធ្វើ​ឲ្យ​ជ័យជម្នះ ២-០ របស់ Dortmund លើ Monchengladbach ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Jadon Sancho និង Marco Reus គ្រាន់តែ​ជា​លទ្ធផល​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។



ការប្រកួត​នេះ ក៏​ជាការ​បង្ហាញខ្លួន​ចុងក្រោយ​របស់​ខ្សែបម្រើ​ស្លាប​បារាំង Frank Ribery ខ្សែបម្រើ​ហូ​ឡង់ Arjen Robben និង ខ្សែការពារ​ប្រេ​ស៊ី​ល Rafinha ផងដែរ​។ Ribery បាន​លេង​ឲ្យ​ក្លិប​តាំងពី​ឆ្នាំ​២០០៧​មក ដោយ​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើងឯក Bundesliga ៩​លើក​។​

Robben លេង​ឲ្យ Bayern ចាប់ពី​ឆ្នាំ​២០០៩ ដោយ​ឈ្នះ Bundesliga ៨​លើក ខណៈ Rafinha មាន​វត្តមាន​តាំងពី​ឆ្នាំ​២០១១ ដោយ​ឈ្នះ Bundesliga ៧​លើក​ជាប់ៗ​គ្នា​នេះ​។ កីឡាករ​ទាំងបី​រួមចំណែក​នាំ Bayern ឈ្នះ​ពាន​ជាច្រើន​ទៀត ជាពិសេស Champions League ១​លើក Super Cup ១​លើក និង FIFA Club World Cup ១​លើក កាលពី​ឆ្នាំ​២០១៣៕



Tag:
 Bundesliga
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com