កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ! Man City ឈ្នះពាន៣ក្នុង១រដូវកាល ហើយបានផ្តល់ផលដល់ក្រុមបីទៀត
× Manchester City បានក្លាយជាម្ចាស់ជើងឯក FA Cup បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ៦-០ លើ Watford នៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។ ជោគជ័យនេះ បាននាំឲ្យមេឃខៀវ ក្លាយជាក្រុមបុរសដំបូងបំផុតនៅអង់គ្លេសដែលឈ្នះពានក្នុងស្រុកចំនួន៣នៅរដូវកាលតែមួយ បន្ទាប់ពីពួកគេបានឈ្នះរួចហើយនូវពាន EFL Cup និង Premier League។
David Silva, Raheem Sterling រកបានម្នាក់១គ្រាប់នៅតង់ទីមួយ ហើយ Kevin De Bruyne និង Gabriel Jesusបន្ថែមម្នាក់១គ្រាប់ទៀតនៅតង់ទីពីរ។ Serling រកបាន២គ្រាប់ទៀតមុនចប់ការប្រកួត ដែលនាំឲ្យ Man City ឈ្នះពាន FA Cup ជាលើកទី៦ ដោយលើកចុងក្រោយសម្រេចបានកាលពីឆ្នាំ២០១១។
សម្រាប់លោក Pep Guardiola នេះ ជាពាន FA Cup លើកដំបូង បើគិតចាប់តាំងពីគ្រូបង្វឹកអេស្ប៉ាញរូបនេះ ដឹកនាំបង្វឹក Man City តាំងពីឆ្នាំ២០១៦មក ហើយក៏ជាពានទី៦របស់លោកជាមួយមេឃខៀវផងដែរ ក្រោយឈ្នះ Premier League ២លើក EFL Cup ២លើក និង Community Shield ១លើក ដោយមិនគិតពីពាន Community Shield ដែលពួកគេបានកាលពីបើករដូវកាល។
ថ្វីត្បិតនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រដែល Man City ឈ្នះពានក្នុងស្រុកបីក្នុងរដូវកាលតែមួយក៏ដោយ តែ កាលពីឆ្នាំ១៩៩៩ Man Utd ក្រោមការដឹកនាំរបស់លោក Alex Ferguson ក៏ធ្លាប់ឈ្នះពាន Premier League, FA Cup និង Champions League ក្នុងរដូវកាលតែ១ផងដែរ ខណៈ Liverpool ដែលដឹកនាំដោយលោក Gerard Houllier បានឈ្នះ FA Cup, League Cup និង Uefa Cup នៅឆ្នាំ២០០១។
សម្រាប់ក្រុមបុរស Man City ជាម្ចាស់កំណត់ត្រា ប៉ុន្តែបើគិតជារួមពួកគេជាក្រុមទីពីរ បន្ទាប់ពីក្រុមស្ត្រី Arsenal ដែលលើកពាន Premier League, FA Cup និង League ក្នុងរដូវកាលតែមួយកាលពីឆ្នាំ២០០៧។
ដោយឡែកជ័យជម្នះរបស់ Man City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup នេះ បានផ្តល់បច្ច័យល្អសម្រាប់ក្រុម៣ផ្សេងទៀត។ Man United ដែលជាប់លេខ៦នៅ Premier League បានតំណែងលេខនៅវគ្គចាប់ពូល Europa League នារដូវកាលក្រោយ ដែលធម្មតា ជាកៅអីរបស់ម្ចាស់ពាន FA Cup។
Wolverhampton Wanderers ដែលស្ថិតនៅលេខ៧ មានវាសនាលេងនៅវគ្គជម្រុះជុំទីពីរ Europa League នារដូវកាលក្រោយ ខណៈទីតាំងនេះ ត្រូវបានទៅលើម្ចាស់ពាន EFL Cup។
ដោយឡែក Liverpool ក៏នឹងក្លាយជាគូប្រជែងរបស់ Man City ផងដែរ សម្រាប់ការប្រកួតប្រជែងពានបើករដូវកាលថ្មី Community Shield ដែលជាទូទៅម្ចាស់ពាន Premier League និង FA Cup ត្រូវប្រជែងគ្នា។ ដោយសារ Man City ជាម្ចាស់ពានទាំងអស់ស្រាប់ហើយនោះ ពានបើករដូវកាល ត្រូវប្រជែងគ្នារវាងក្រុមលេខ១ និងលេខ២ Premier League វិញ៕
Tag:
បាល់ទាត់
Premier League
Man City
FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com