ជាតិ
២៥ខេត្ត/រាជធានី
កសិករគំរូ គី គាំ ប្រាប់បច្ចេកទេស«ភ្ញាស់ពងមាន់យកកូន»ក្នុងឡាំងស្នោរ ឬទូភ្ញាស់កូនមាន់ស្វ័យប្រវត្តិ
× សៀមរាប៖ ការភ្ញាស់ពងមាន់ក្នុងទូ ឬឡាំស្នោរ គឺជាបច្ចេកទេសថ្មីមួយ ដែលផ្តល់ភាពងាយស្រួលដល់កសិករ។ អ្នកស្រី គី គាំ ជាកសិករគំរូមួយរូបក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលបានចាប់យករបរចិញ្ចឹមមាន់ និងភ្ញាស់ពងមាន់យកកូនលក់ ជាង៤ឆ្នាំមកហើយ។ បច្ចុប្បន្ន ផ្ទះរបស់អ្នកស្រីមានទូភ្ញាស់កូនមាន់ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យចំនួន២ ដែលអាចភ្ញាស់កូនមាន់បានពី១៥០ ទៅ ២០០ក្បាលក្នុងមួយសប្តាហ៍។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី គី គាំ បានឲ្យដឹងថា ការភ្ញាស់ពងមាន់ក្នុងទូ ឬក្នុងឡាំងនេះ គឺត្រូវការពេលតែ៣សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែនៅសប្តាហ៍ទី១ ត្រូវថែទាំឃ្លាំមើលពងឲ្យបានដិតបំផុត។ ចំណែកឯឡាំងស្នោរ ឬទូភ្ញាស់ពងមាន់នេះ ត្រូវធ្វើឡើងមានលក្ខណៈបិទជិតល្អ គ្មានពន្លឺថ្ងៃចេញ-ចូល ប៉ុន្តែមានអំពូលសម្រាប់បំភ្លឺ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្តៅ និងសំណើម។ បើតាមអ្នកស្រី គាំ កម្តៅនៅក្នុងទូ ឬឡាំងស្នោរ ត្រូវរក្សាសីតុណ្ហភាព ពី៣៧-៣៨អង្សាសេ និងសំណើម ពី៦០-៧០អង្សាសេជានិច្ច ទើបពងមាន់ទាំងនោះ ញាស់ជាកូនមាន់បានល្អ។
អ្នកស្រី គី គាំ រៀបរាប់ពីបច្ចេកទេសភ្ញាស់ពងមាន់បន្តថា៖«យើងត្រូវកូរ ឬវីពងមាន់ដែលដាក់ភ្ញាស់ក្នុងទូ ឬឡាំងស្នោ ៣ដងក្នុងមួយថ្ងៃ។ ធ្វើរប្រៀបនេះបានមួយសប្តាហ៍ យើងត្រូវយកភ្លើងពិល ឬភ្លើងទូរសព្ទ មកឆ្លុះមើលពងមាន់ទាំងនោះ ដែលមិនបង្កជាកូនត្រូវដកចេញ។ ការឆ្លុះនេះ គឺត្រូវធ្វើឡើងនៅពេលយប់ ទើបអាចមើលឃើញ និងដឹងថា ពងមាន់កើតជាកូន ឬមិនកកើតជាកូន។ កាលណាឆ្លុះទៅឃើញថ្លា គ្មានសរសៃក្រហម នោះមិនអាចបង្កជាកូនមាន់បានឡើយ។ ការឆ្លុះមើលនេះ គឺធ្វើឡើងតែមួយម្តងនៃពងមាន់នីមួយៗ បន្ទាប់មក យើងត្រូវកូរពងមាន់ទាំងនោះ៣ដងដដែល ក្នុងមួយថ្ងៃ រហូតដល់ថ្ងៃភ្ញាស់ជាកូនមាន់»។
អ្នកស្រី គី គាំ បានឲ្យដឹងទៀតថា ការភ្ញាស់ពងមាន់ នៅក្នុងរដូវប្រាំង និងរដូវវស្សាមានភាពខុសគ្នាបន្តិច។ នៅរដូវវស្សា ត្រូវយកពងមាន់ដាក់ចូលក្នុងទូភ្ញាស់ បន្ទាប់ពីមេពងបាន៧ថ្ងៃ ប៉ុន្តែនៅរដូវប្រាំងដែលមានអាកាសក្តៅ ពិសេសពីខែមីនា ដល់ខែឧសភា ត្រូវយកពងមាន់ដាក់ចូលក្នុងទូភ្ញាស់ បន្ទាប់ពីមេពងបាន៤ថ្ងៃ។ ប្រសិនបើទុកយូរ ពងមាន់ទាំងនោះនឹងខូចអស់។
អ្នកស្រី គី គាំ អ្នកភ្ញាស់ពងមាន់ យកកូនលក់ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប
បើតាមអ្នកស្រី គាំ ក្រោយកូនមាន់ញាស់ បាន៣ថ្ងៃ អ្នកស្រី ត្រូវចាក់វ៉ាក់សាំការពារជំងឺផ្សេងៗ មុននឹងយកទៅលក់នៅលើទីផ្សារ។ កូនមាន់មួយក្បាល អ្នកស្រី គាំ លក់បានតម្លៃ ៤,៥០០រៀល។
ក្រៅពីភ្ញាស់ពងមាន់ អ្នកស្រីគាំ ក៏មានមាន់មេចំនួន២៥០ ចិញ្ចឹមយកពង និងមាន់ចិញ្ចឹមយកសាច់ ៣០០ក្បាលដែរ។ បើតាមកសិកររូបនេះ ទាំងកូនមាន់ និងមាន់សាច់មានទីផ្សារល្អដូចគ្នា គ្រាន់តែថាគាត់រីករាយនឹងការភ្ញាស់កូនមាន់ជាង ព្រោះត្រូវការពេលយ៉ាងយូរ២៥ថ្ងៃអាចលក់បាន រីឯមាន់សាច់ ត្រូវចំណាយពេលចិញ្ចឹម និងថែទាំរហូតដល់ទៅ៣ខែកន្លះ ទើបធំល្មមអាចលក់បាន៕
Tag:
កសិកម្ម
ចិញ្ចឹមមាន់
ភ្ញាស់ពងមាន់
សូទ្រនិគម
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com