កូនលោក ឌូ​ទើ​តេ បី​រូប ជាប់ឆ្នោត​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​
អន្តរជាតិ
កូនលោក ឌូ​ទើ​តេ បី​រូប ជាប់ឆ្នោត​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​
19, May 2019 , 12:47 pm        
រូបភាព
ក្រុមគ្រួសារលោក ឌូទើតេ (រូបភាព៖ ABS-CBN)
ក្រុមគ្រួសារលោក ឌូទើតេ (រូបភាព៖ ABS-CBN)
​ហ្វីលីពីន បានរៀបចំ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​អាសនៈ​ទាំង​ក្នុង​ព្រឹទ្ធសភា រដ្ឋសភា និង​តំណាងរាស្ត្រ​តាម​ថ្នាក់មូលដ្ឋាន​ជាដើម​កាលពីដើម​សប្តាហ៍​នេះ​។ ជា​លទ្ធផល​បឋម បេក្ខជន​ដែលជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋបាល​ដឹកនាំ​លោក​ប្រធានាធិបតី​ហ្វីលីពីន បានទទួល​ជ័យជម្នះ​ភាគច្រើន​។​



​តាម​លទ្ធផល​បឋម​តែ​មិនទាន់​ផ្លូវការ ប្រជាពលរដ្ឋ​ហ្វីលីពីន បាន​បោះឆ្នោត​ឲ្យ​បេក្ខជន​ដែលជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ជាមួយនឹង​ជ័យជម្នះ​ភាគច្រើន​។ ជាក់ស្តែង​នោះ ក្នុង​អាសនៈ​ព្រឹទ្ធសភា​សរុប​ទាំង​១២ បេក្ខជន ដែល​លោក​ប្រធានាធិបតី ឌូ​ទើ​តេ ប្រកាស​គាំទ្រ បាន​ដណ្តើម​យកបាន ៨ អាសនៈ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Inquirer​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កូន​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ ទាំងបី ដែល​ឈរឈ្មោះ​ប្រកួតប្រជែង​ក្នុង​តំណែង​អ្នកតំណាងរាស្ត្រ​នៅ​មូលដ្ឋាន​បានឈ្នះ​ឆ្នោត​ជាថ្មី​។ តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នក​ទាំងបី​នោះ បាន​ជាប់ឆ្នោត​ជា​អភិបាល , អភិបាលរង និង​អ្នកតំណាងរាស្ត្រ​ក្រុង​ដា​វ៉ា​វ ដែលជា​ស្រុកកំណើត​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ​តែម្តង​។ លោកស្រី Sara Duterte ជាប់ឆ្នោត​ជា​អភិបាលក្រុង​, Sebastian Duterte ជា​អភិបាលរង និង​លោក Paolo Duterte ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​។ 
 
​លទ្ធផល​បោះឆ្នោត​នេះ ក៏​អាចជា​សញ្ញា​មួយ​បង្ហាញថា ប្រជាពលរដ្ឋ​ហ្វីលីពីន​ភាគច្រើន​គាំទ្រ​ការដឹកនាំ​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ ក្នុង​រយៈពេល​ពាក់កណ្តាល​អាណត្តិ​របស់លោក​មក​នេះ​។ នេះ ក៏​អាច​និយាយបានថា លោក​ឌូ​ទើ​តេ នឹងមិន​ចាំបាច់​មានកា​រ​ព្រួយបារម្ភ​ខ្លាំងពេក​ឡើយ​សម្រាប់​ការដាក់​គោលនយោបាយ​របស់លោក​ទៅកាន់​សភា​ដើម្បី​អនុម័ត​ទទួលស្គាល់​នៅពេល​ក្រោយ​។​
 
​គួរ​ជម្រាប​បន្តិច​ថា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែលជា​អតីត​អភិបាលក្រុង​ដា​វ៉ា​វ បាន​កាន់អំណាច​ដឹកនាំ​ប្រទេស​ចាប់ពី​ឆ្នាំ​២០១៦​មក​។ លោក នឹងត្រូវ​បានបញ្ចប់​អាណត្តិ​នៅក្នុង​ឆ្នាំ​២០២២ ដែល​តាម​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​បច្ចុប្បន្ន ប្រធានាធិបតី អាច​កាន់អំណាច​បាន​៦​ឆ្នាំ ក៏ប៉ុន្តែ​មិនអាច​ឈរឈ្មោះ​បាន​ពីរ​អាណត្តិ​ឡើយ​។​
 
​ក្នុង​រយៈ​ដឹកនាំ​ប្រទេស​បី​ឆ្នាំ​កន្លងមកនេះ  រដ្ឋបាល​ដឹកនាំ​របស់លោក ឌូ​ទើ​តេ ហាក់​ទទួលរង​ការរិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​នោះ​ក្រុម​សិទ្ធិមនុស្ស ដោយសារតែ​គោលនយោបាយ​បោសសម្អាត​គ្រឿងញៀន​របស់លោក​។ តាម​របាយការណ៍​រប​ស់​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស មាន​មនុស្ស​ច្រើន​ពាក់​នាក់ ត្រូវបាន​ស្លាប់ និង​សម្លាប់ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​មួយ​នេះ​៕ 

Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com