កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង ទទួលបឹងកេត ក្រោយជំនួបនៅកីឡដ្ឋានបីផ្សេងទៀត គ្រូបង្វឹកសញ្ជាតិអៀរឡង់លោក Conor Nestor ត្រូវការជ័យជម្នះដើម្បីដណ្តើមយកលេខ១ពីណាហ្គាវិញ ។ រូបថត CNCC
× ក្រុមព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារកីឡដ្ឋានខ្លួន ស្វាគមន៍ភ្ញៀវបឹងកេត នាជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនៅម៉ោង៦ល្ងាចថ្ងៃទី១៩ ឧសភានេះ។ ប្រព័ន្ធការពារដ៏រឹងមាំរបស់ក្រុមនេះ ត្រូវបានគ្រូបង្វឹកក្រុមបឹងកេតចាត់ទុកជាឧបសគ្គរាំរាំងសម្រាប់ខ្លួនក្នុងការរកគ្រាប់បាល់។ ប៉ុន្តែលោកនឹងព្យាយាមរៀបចំប្រព័ន្ធប្រយុទ្ធឲ្យបានល្អនៅថ្ងៃនេះ។ ក្រៅពីគូនេះ ក៏មានការប្រកួតបីគូទៀតផងដែរ ក្នុងនោះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប៉ះអគ្គិសនីកម្ពុជា គីរីវង់សុខសែនជ័យស្វាគមន៍ក្រសួងការពារជាតិ រីឯអាស៊ីអឺរ៉ុបជួបកំពង់ចាម។
លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតបានបង្ហាញក្តីកង្វល់លើប្រព័ន្ធការពាររបស់ក្រុមព្រះខ័នរាជស្វាយរៀងថា ជាក្រុមមានប្រព័ន្ធការពារដ៏រឹងមាំ ដែលអាចជាឧបសគ្គសម្រាប់ខ្សែប្រយុទ្ធខ្លួនក្នុងការសម្រេចទី នាជំនួបលើទឹកដីខេត្តស្វាយរៀងនៅល្ងាចនេះ។ តែយ៉ាងណាគ្រូបង្វឹករូបនេះ ប្តេជាថា លោកនឹងព្យាយាមរៀបចំតំបន់ឲ្យបានល្អ ដើម្បីស្វែងរកជ័យជម្នះសម្រាប់ជំនួបក្រៅទឹកដីមួយនេះ។
«ខ្ញុំគិតថា ព្រះខ័នរាជស្វាយរៀងឆ្នាំនេះ ល្អប្រសើរជាងឆ្នាំមុន ដោយសារមានប្រព័ន្ធការពាររឹងមាំដែលជួយឲ្យរបូតគ្រាប់បាល់តិចមែនទែន។ កត្តានេះជាផលលំបាកមួយសម្រាប់ខ្សែប្រយុទ្ធរបស់យើង តែយើងនឹងព្យាយាមរៀបចំតំបន់ប្រយុទ្ធឲ្យបានល្អនៅថ្ងៃនេះ»។ នេះជាការបង្ហាញក្តីកង្វល់និងការប្តេជ្ញារបស់លោក ហៅ សុជាតិ ក្នុងផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយប្រកួតចាញ់វិសាខា ៣-២ កាលពីសប្តាហ៍មុន។
ព្រះខ័នរាជស្វាយរៀង ទើបតែរបូតគ្រាប់បាល់ពីរគ្រាប់ប៉ុណ្ណោះ សម្រាប់ការប្រកួត៧លើករបស់ខ្លួនក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ គ្រាប់បាល់ទាំងនេះរបូតក្នុងជ័យជម្នះ ៥-១ លើក្រុមភ្នំពេញក្រោន និងស្មើ ១-១ ជាមួយក្រុមអង្គរថាយហ្គឺរ។ ចំនួនគ្រាប់បាល់នេះ ធ្វើឲ្យព្រះខ័នរាជស្វាយរៀងក្លាយជាក្រុម ដែលរបូតគ្រាប់បាល់តិចជាងគេប្រចាំសប្តាហ៍ទី៧ ដែលមានណាហ្គាវើលរបូត៥គ្រាប់ និងវិសាខា៦គ្រាប់។
ព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាងក្នុងសប្តាហ៍ទី៧បានធ្លាក់មកឈរលេខរៀងទី៣បណ្តោះអាសន្ន ក្រោយណាហ្គាវើលយកឈ្នះអង្គរថាយហ្គឺរ ៤-0 ក្នុងជំនួបកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្នមាន២១ពិន្ទុ។ តែបើព្រះខ័នរាជស្វាយរៀងអាចប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះយកឈ្នះបឹងកេតនៅថ្ងៃនេះ ស្វាយរៀងបន្តគ្រងកំពូលតារាងប្រចាំសប្តាហ៍ទី៨ ដោយមាន២២ពិន្ទុ។
ក្រៅពីជំនួបរវាងព្រះខ័នរាជស្វាយរៀងជាមួយបឹងកេតនៅម៉ោង៦ល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង នៅថ្ងៃអាទិត្យទី១៩ ឧសភានេះដែរ ក៏មានការប្រកួត៣គូទៀតផលដែរ។ ក្នុងនោះកីឡដ្ឋាន EDC នឹងក្លាយជាទីតាំងកាត់សេចក្តីជំនួបរវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិជាមួយក្រុមអគ្គិសនីកម្ពុជា ខណៈគីរីសុខសែនជ័យ បើកទ្វារកីឡដ្ឋានខ្លួន ស្វាគមន៍ក្រសួងការពារជាតិ ស្របពេលអាស៊ីអឺរ៉ុបទទួលក្រុមបាតតារាងកំពង់ចាមនៅកីឡដ្ឋាន A.E.U Sport Park។ ការប្រកួតទាំង៣គូនេះ ធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលដូចគ្នា៕
Tag:
ហៅ សុជាតិ
Cambodia League 2019
បឹងកេត
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com