អន្តរជាតិ
ពាក្យ «OK» បង្កើតឡើង​ដំបូង​ដោយ​អ្នកកាសែត​អាមេរិក​ម្នាក់ តាំងពី​ជាង​១៨០​ឆ្នាំមុន​
20, May 2019 , 8:29 am        
រូបភាព
​ពាក្យ​អង់គ្លេសពីរម៉ាត់ «OK» អាចជា​ពាក្យ​មួយ ​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​។ វា​ជួយ​សម្រួល​ដល់​ការនិយាយ និង​យល់​គ្នា ដោយពេល​ខ្លះ​មិន​ប្រកាន់ពូជសាសន៍ ភាសា ឬ​អរិយធម៌​ឡើយ​។ ពាក្យ «​អូ​ខេ​» នេះ ត្រូវបាន​គេ​សរសេរ​នៅតាម​សៀវភៅ រូបគំនូរ លិខិត ពាណិជ្ជកម្ម ឬ​នៅតាម​ផលិតផល​ជាច្រើន​នានា​។ តើ​«​អូ​ខេ​»​មាន​ដើមកំណើត​មកពីណា​? តាំងពី​ពេលណា​មក​?

 
​គេហទំព័រ smithsonianmag.org បាន​ពន្យល់ថា ពាក្យ​ដ៏​សាមញ្ញ​មួយ​នេះ​បានចាប់កំណើត​ក្នុង​ឆ្នាំ​១៨៣៩ ពោលគឺ​១៨០​ឆ្នាំមុន ដោយ​លោក Charles Gordon Green ។ មាន​តួនាទី​ជា​អ្នកកាសែត​បម្រើការ​នៅ​ស្ថាប័ន​ព័ត៌មាន Boston Morning Post លោក Charles ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​បង្កើត​ពាក្យ​នេះ​ឡើង​។ OK ត្រូវបាន​គេ​សរសេរ​ជា​លក្ខណៈ​ពេញលេញ​ថា «Oll Korrect» ឬ​មានន័យថា «All Correct»​។ 
 
​កាលនោះ គោលបំណង​របស់លោក គឺ​គ្រាន់តែ​សរសេរ​លេង​ពាក្យ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកអាន​ប៉ុណ្ណោះ​។ ដូចជា​ពេល​សព្វថ្ងៃ អ្នក​អាច​សង្កេតឃើញ​ពាក្យ​ដទៃ​ដូចជា ASAP (As Soon As Possible), HBD (Happy Birthday), LOL (Laugh Out Loud), ឬ TBH (Throw Back Thursday) ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក Charles ក៏បាន​បង្កើត​ពាក្យ​ដូចជា «OW» សម្រាប់ «Oll Wright» ឬ «Alright» ផងដែរ​។ 
 
​ក្រោយមក គេ​នាំគ្នា​ចាប់ផ្តើម​ប្រើប្រាស់​ពាក្យ «OK» នេះ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​តេ​លេ​ក្រា​ហ្វ  សម្រាប់​សម្តែង​ការទទួលបាន ឬ​យល់ព្រម​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​ប្រធានាធិបតី​ទី​៨ របស់​សហរដ្ឋអាមេរិក លោក Martin Van Buren ក៏បាន​ប្រើប្រាស់​ពាក្យ​នេះ​សម្រាប់​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ខ្លួន​លោក​ផ្ទាល់​ផងដែរ​។ ដោយ​លោក​បាន​ប្រើពាក្យ OK សម្រាប់​បង្ហាញ​ពី​ឈ្មោះ​ហៅ​ក្រៅ និង​ឈ្មោះ​ស្រុកកំណើត​របស់គាត់​។ គាត់​ប្រើប្រាស់ OK សម្រាប់​ឃ្លា Old Kinderhook ដែលជា​ឃ្លា​មួយ​សម្រាប់​គណបក្ស​រប​ស់គា​ត់​។ ដូចនេះ​គាត់​អាច​និយាយបានថា «Vote for O.K.» ឬ «​សូម​បោះឆ្នោត​ជូន O.K.»​។ 
 
​ដោយសារតែ​ការផ្សព្វផ្សាយ​ដំណឹង​មាន​ភាពប្រសើរ និង​លឿន​ជាមុន​ច្រើន ពាក្យ​ដ៏​សាមញ្ញ​មួយ​នេះ​ត្រូវបាន​រីក​សាយភាយ​ទៅកាន់​ពិភពលោក​។ អ្នក​អាច​យល់​ខ្លះៗ​បាន​ថា ពាក្យ OK មិនមែន​មាន​ប្រជាប្រិយភាព​ភ្លាម​នោះទេ​។ វា​ត្រូវការ​ពេលវេលា និង​មនុស្ស​មួយចំនួន​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ឲ្យ​ពាក្យ​នេះ ទទួលបាន​ការប្រើប្រាស់​លើ​ឆាក​អន្តរជាតិ​៕

Tag:
 អាមេរិក​
 OK
© រក្សាសិទ្ធិដោយ thmeythmey.com