ភ្នំពេញ៖ បច្ចុប្បន្នសិល្បករ«ចាប៉ីដងវែង» មាន១០៧រូប ដែលកំពុងរស់នៅនិងលេងឧបករណ៍ភ្លេងខ្មែរប្រភេទនេះ នៅតាមបណ្តាខេត្តនានាក្នុងប្រទេស។ ក្នុងចំណោម២៥ខេត្ត-ក្រុង មានខេត្តកោះកុង រតនៈគិរី និងមណ្ឌលគិរី ពុំមានសិល្បករប្រភេទនេះរស់នៅឡើយ។ បើតាមលោក សាន ផល្លា អ្នកស្រាវជ្រាវសិល្បករចាប៉ីដងវែង នៃនាយកដ្ឋានបច្ចេកទេសវប្បធម៌របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករចាប៉ីដងវែងទាំងនេះ មានអាយុចន្លោះ១៥ទៅ៨០ឆ្នាំ។
លោក សាន ផល្លា ប្រាប់សារព័ត៌មានThmeyThmey ក្នុងបទសម្ភាសតាមទូរសព្ទនាព្រឹកថ្ងៃទី១៩ឧសភា ដូច្នេះ«គោលបំណងនៃការធ្វើបច្ចុប្បន្នភាពរបស់សិល្បករចាប៉ីដងវែងទូទាំងប្រទេសនេះ គឺយើងចង់ដឹង ពីស្ថានភាពរស់នៅរបស់អ្នកចាប៉ី តើពួកគាត់នៅទីណាខ្លះ។ មានវ័យណាខ្លះដែលចេះលេងចាប៉ីនេះ។ ពួកគាត់អាចរកប្រាក់ចំណូលបានប៉ុន្មានក្នុងមួយឆ្នាំៗ។ ហើយតើពួកគាត់ចេញទៅលេងចាប៉ីនេះ ក្នុងកម្មវិធីអ្វីខ្លះ...។ ក្រៅពីនេះ ក៏យើងចង់ដឹងពីប្រវត្តិសិក្សារបស់ពួកគាត់ផងដែរ។ តើរៀននៅឯណា រៀនប៉ុន្មានបានចេះ ជាដើម»។
លោកបានបន្តថា ការធ្វើបច្ចុប្បន្នភាពនៃសិល្បករចាប៉ីដងវែងនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ១៤-១៧ឧសភា ឆ្នាំ២០១៩ ដោយមានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ សហការជាមួយមន្ត្រីនៃមន្ទីរវប្បធម៌តាមនិងវិចិត្រសិល្ប: ខេត្តនីមួយៗ។ លោក សាន ផល្លា អះអាងថា «សិល្បករចាប៉ីដងវែងដែលយើងរកឃើញនៅទូទាំងប្រទេសចំនួន១០៧នាក់នេះ គឺមិនទាន់ជាក់លាក់ទេ ព្រោះយើងប្រមូលទន្និន័យ បានតែត្រឹមតាមរយៈសហគមផ្សេងៗ និងតាមរយៈកន្លែងដែលពួកគាត់ចូលប្រឡងជាដើម។ យើងជឿជាក់ថា ចំនួនអ្នកចេះលេងចាប៉ីប្រភេទនេះ គឺលើសពីអ្វីដែលយើងរកឃើញ ព្រោះយើងគិតថានឹងមានអ្នកចេះលេងចាប៉ីនេះរស់នៅឆ្ងាយដែលយើងទៅដល់ ឬមិនទាន់រកឃើញ»។
សូមរម្លឹកថា ទម្រង់សិល្បៈនៃចាប៉ីដងវែង បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែឧសភា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ សហការជាមួយមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តស្វាយរៀង និងព្រៃវែង បានចុះពិនិត្យ និងស្រង់ស្ថិតិសិល្បករចាប៉ីដងវែងបានចំនួន១០នាក់។
សិល្បករទាំងនោះ រួមមាន៖
១. លោក អិន សារ៉េន អាយុ៥៨ឆ្នាំ ស្ថិតនៅក្នុង ភូមិព្រៃឈើទាល ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង
២. លោក ប៊ុន បឿង អាយុ៥៤ឆ្នាំ ស្ថិតនៅក្នុង ភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជុំ ខេត្តស្វាយរៀង
៣. លោក អ៊ិន សារុន អាយុ៧៦ឆ្នាំ ស្ថិតនៅក្នុង ភូមិត្រពាំងរុនទី២ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង
៤.លោក ឱក អាង អាយុ៧៣ឆ្នាំ ស្ថិតនៅក្នុង ភូមិតាគោ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង
៥.លោក នេត្រ ប៉េ អាយុ៥៩ឆ្នាំ ស្ថិតនៅក្នុង ភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេចខេត្តព្រៃវែង
៦.លោក ព្រុំ អឿន អាយុ៥៨ឆ្នាំ ស្ថិតនៅក្នុង ភូមិទួលការ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៧.អ្នកស្រី ស៊ិន សួយ អាយុ៥៤ឆ្នាំ ស្ថិតនៅក្នុង ភូមិបល្ល័ង្គ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៨.លោក ឯ យិន អាយុ៦២ឆ្នាំ ស្ថិតនៅក្នុង ភូមិប្រហួត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង
៩.លោក ម៉ម ឆុន អាយុ៧៧ឆ្នាំ ស្ថិតនៅក្នុង ភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
១០.លោក ប៊ុន គឿន អាយុ៦៧ឆ្នាំ ស្ថិតនៅក្នុង ភូមិចំរេះ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
១១.លោក នូ ផន ឈ្មោះក្នុងសិល្បៈ នូ សុរ៉ាផន ភេទប្រុស អាយុ៦៧ឆ្នាំ ស្ថិតនៅក្នុង ភូមិចាន់រ៉ា២ ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង៕