ក្នុងឆ្នាំ១៩៩៧ ចក្រភពអង់គ្លេសបានប្រគល់ការគ្រប់គ្រង និងឥទ្ធិពលរបស់ខ្លួនទៅលើទីក្រុងហុងកុង ទៅកាន់ចិនវិញ។ ទឹកដីដែលមានទំហំប្រមាណ១១០៦គីឡូម៉ែត្រការ៉េនេះ គឺជាទីតាំងសេដ្ឋកិច្ច ទេសចរណ៍ និងភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ និងសម្រាប់ពិភពលោកផងដែរ។
តើមានរឿងរ៉ាវអ្វីខ្លះដែលធ្វើឲ្យចិនព្រមប្រគល់ហុងកុងទៅឲ្យអង់គ្លេស? ហេតុអ្វីបានជាអង់គ្លេសប្រគល់ដីនេះទៅចិនវិញ? នេះគឺជាការសង្ខេបខ្លីពីគេហទំព័រ thoughtco.com ក្រោមចំណងជើងថា «Why did China lease Hong Kong to Britain» ។
បើតាមការកត់ត្រាប្រវត្តិសាស្ត្រ ហុងកុងបានក្លាយជាផ្នែកមួយនៃទឹកដីចិនអស់រយៈពេលជាង ២ពាន់ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២៤៣ មុនគ្រឹស្តសករាជ ក្នុងរជ្ជកាលរាជវង្ស Qin ។ ច្រើនសតវត្សក្រោយមក ក្នុងអំឡុងឆ្នាំ១៨០០ ទៅឆ្នាំ១៩០០ ចក្រភពអង់គ្លេស ដែលជាចក្រភពមួយមានអំណាចធំធេងខាងនាវាចរណ៍ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង «តែ» ដែលជាផលិតផលមួយដាំដុះនៅប្រទេសចិន។
កាលពីសម័យកាលនោះ ស្លឹកតែ ពិតជាមានតម្លៃយ៉ាងខ្លាំងសម្រាប់ជនជាតិអឺរ៉ុប។ មានតែក្រុមត្រកូលអភិជន និងសែរស្រឡាយរាជរង្សប៉ុណ្ណោះដែលមានធនធានដើម្បីទិញវាមកបរិភោគ។ ចំពោះចិនវិញ ប្រទេសនេះ មិនទាមទារអ្វីក្រៅពីមាស និងប្រាក់នោះទេ។ ដោយសារតែទីផ្សារទំនិញផលិតផល «តែ» បន្តកើនឡើងខ្ពស់ ចក្រភពអង់គ្លេស មិនចង់ប្រើប្រាស់ «លោហៈប្រាក់ និងមាស» ឲ្យអស់ពីធនាគាររបស់ខ្លួនទេ។ ក្រោយមកពួកគេបានអនុវត្តគម្រោងថ្មីមួយ។
ការយក «អាភៀន» ទៅដោះដូរជាមួយ «តែ» របស់ចិន ជំនួសការប្រើប្រាក់និងមាស
គម្រោងនេះ កើតឡើងបែបនេះ។ ចក្រភពអង់គ្លេសបានទាញយក «អាភៀន» ពីប្រទេសដែលស្ថិតក្រោមអាណានិគមរបស់ខ្លួន មានដូចជាឥណ្ឌា និងមីយ៉ាន់ម៉ា រួចដឹកអាភៀនទាំងនោះតាមនាវា ទៅកាន់ប្រទេសចិន ក្នុងគោលបំណងដោះដូរជាមួយនឹងផលិតផល «តែ» ជំនួសការប្រើប្រាស់មាស និងប្រាក់។
ចំពោះអង់គ្លេស អាភៀនមិនទាន់ត្រូវបានគេចាត់ទុកថា ជាសារធាតុគ្រោះថ្នាក់ដល់រាងកាយមនុស្សប៉ុន្មាននោះទេ។ គេបានគិតថា វាគ្រាន់តែជាសារធាតុមួយប្រើប្រាស់សម្រាប់ព្យាបាលសុខភាព ក្នុងសកម្មភាពវេជ្ជសាស្ត្រប៉ុណ្ណោះ។
អ្នកមានអំណាចមួយចំនួននៅចក្រភពអង់គ្លេស បានដឹងពីផលអាក្រក់របស់វាចំពោះប្រទេសចិន តែពេលខ្លះពួកគេមិនបានចេញមកទទួលខុសត្រូវទេ ដោយសារតែផលចំណេញផ្នែកហិរញ្ញវត្ថុដ៏ច្រើនលើសលប់ តាមរយៈទីផ្សារមួយនេះ។ នៅពេលដែលអាភៀនបានជ្រាបចូលទៅកាន់មនុស្សភាគច្រើននៅក្នុងទឹកដីមួយនេះ តាមរយៈការជួញដូរលួចលាក់ រដ្ឋាភិបាលចិនមិនអាចទប់ស្កាត់វាឲ្យបានទាន់ពេលវេលានោះទេ។
រដ្ឋាភិបាលចិន ឆ្លើយតបនឹងទង្វើអាក្រក់របស់ចក្រភពអង់គ្លេសដោយការប្រកាសសង្គ្រាម
ដោយការខឹងសម្បារ ក្នុងឆ្នាំ១៨៣៩ ប្រទេសចិនបានកម្ទេចដុំអាភៀនអស់ជាងពីរម៉ឺនដុំ ដែលក្នុងមួយដុំមានទម្ងន់ប្រមាណជា២២៦គីឡូក្រាម រួចប្រកាសសង្គ្រាមជាមួយនឹងចក្រភពអង់គ្លេសដោយសារជួញដូរសារធាតុខុសច្បាប់មួយនេះ។ សង្គ្រាម បានផ្ទុះឡើងរហូតដល់ឆ្នាំ១៨៤១។ កាលនោះ ចិន ព្រមចុះចាញ់ ហើយសម្រេចប្រគល់ទឹកដីនេះទៅឲ្យអង់គ្លេស ក្រោមសន្ធិសញ្ញា «ណានជីង» ក្នុងឆ្នាំ១៨៤១។ តែការយល់ព្រមទីមួយនេះ មិនបានប្រព្រឹត្តទៅដោយរលូននោះទេ។ ការប្រយុទ្ធគ្នាតូចៗនៅតែបន្តកើតមាន។
ក្រោយមក នៅពេលចិន កំពុងតែមានការគាបសង្កត់ពីប្រទេសជប៉ុន ចក្រភពអង់គ្លេស ក៏បានទាមទារថា ហុងកុង រួមទាំងតំបន់ជុំវិញទាំងនោះនឹងក្លាយជាទឹកដីអង់គ្លេស សម្រាប់ពេល៩៩ឆ្នាំ។ ប្រទេសទាំងពីរក៏បានយល់ព្រម។ ចាប់តាំងពីពេលនោះមក ហុងកុងបានក្លាយទៅជាតំបន់ផែដ៏សំខាន់សម្រាប់អង់គ្លេស ហើយគេបានគិតថា៩៩ឆ្នាំមិនមែនជាពេលវេលាយូរប៉ុន្មាននោះទេ។
នៅឆ្នាំ១៩៨៤ ភាគីទាំងពីរបានចុះហត្ថលេខា សម្រេចប្រគល់ហុងកុង និងតំបន់ជុំវិញមកចិនវិញ នៅពេលដែលសន្ធិសញ្ញាគ្រប់គ្រងនេះត្រូវអស់សុពលភាព។ តែកិច្ចព្រមព្រៀងក៏បាននិយាយដែរថា ហុងកុងនឹងក្លាយជាតំបន់គ្រប់គ្រងពិសេសរបស់ចិន និងអង់គ្លេស ក្នុងរយៈពេល៥០ឆ្នាំទៀត ទោះបីជាសន្ធិសញ្ញាខាងលើអស់សុពលភាពមែនក្តី។
ការប្រគល់សិទ្ធិអំណាចកាន់កាប់ទាំងស្រុង ដោយភ្ជាប់ជាមួយចំណងប្រជាធិបតេយ្យ
នេះជាការប្រគល់ ដោយមិនទាន់ដាច់ស្រេចនោះទេ។ នៅឆ្នាំ១៩៩៧ អង់គ្លេសបានប្រគល់ហុងកុង និងទឹកដីជុំវិញទៅកាន់ចិនវិញ ដោយនៅតែមានការគ្រប់គ្រងពីភាគីទាំងពីរ។ អង់គ្លេសបានបញ្ចូលប្រព័ន្ធប្រជាធិបតេយ្យនៅកាន់ហុងកុង តែចិនមិនពេញចិត្តនឹងគំនិតនេះទេ។ ចាប់តាំងពីឆ្នាំ១៩៩៧មក ការប្រគល់មកវិញនូវទឹកដីនេះ នៅតែទទួលប្រឈមបញ្ហាមួយចំនួន ដែលពិបាកក្នុងការដោះស្រាយ៕