អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ ៥ ឆ្នាំ​ក្រោម​រដ្ឋបាល​លោក​ចូ​កូ​វី ទូក​នេសាទ​ខុសច្បាប់​ជាង​៥០០ ដែលមាន​ទូក​វៀតណាម​ជាង​ពាក់កណ្តាល​ត្រូវកម្ទេច
19, May 2019 , 2:59 pm        
រូបភាព
ប្រជាជនថតរូបទូកដែលត្រូវគេកម្ទេចចោល (រូបភាព៖ Reuters)
ប្រជាជនថតរូបទូកដែលត្រូវគេកម្ទេចចោល (រូបភាព៖ Reuters)
ដោយ:
​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​អនុវត្ត​គោលនយោបាយ​តឹងរ៉ឹង​ក្នុង​ការចាត់​វិធាន​ទៅលើ​ទូក​នេសាទ​បរទេស​ទាំងឡាយណា ដែល​ចូលទៅ​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នៅក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​។ ក្នុង​រយៈពេល​ពេញ​មួយ​អាណត្តិ​ដឹកនាំ​របស់លោក មាន​ទូក​នេសាទ​ខុសច្បាប់​បរទេស​ជាង​៥០០​គ្រឿង​ហើយ ដែល​ត្រូវបាន​ពន្លិច និង​កម្ទេចចោល​។​

 
​តាម​របាយការណ៍​រប​ស់​ក្រសួង​កិច្ចការ​ដែនសមុទ្រ និង​នេសាទ​ឥណ្ឌូណេស៊ី នៅក្នុង​ឆ្នាំ​២០១៤-២០១៩ ឥណ្ឌូណេស៊ី បាន​ពនិ្ល​ច និង​បំផ្លាញ​ទូក​នេសាទ​បរទេស​ដែល​ប្រតិបត្តិ​ការខុសច្បាប់​ក្នុង​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​ចំនួន​៥៣៩​គ្រឿង ដែល​ក្នុងនោះ​ទូក​នេសាទ​មកពី​វៀតណាម មាន​ជាង​ពាក់កណ្តាល​នៃ​ទូក​សរុប ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post ១២ ឧសភា​។​
 
​តាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់ នៃ​កងកម្លាំង​ប្រយុទ្ធប្រឆាំង​បទល្មើស​នេសាទ​ឥណ្ឌូណេស៊ី ទូក​នេសាទ​ខុសច្បាប់​បរទេស​ដែល​មកពី​ចិន ម៉ាឡេស៊ី ថៃ មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស និង​វៀតណាម​ជាដើម​នោះ ភាគច្រើន​ត្រូវបាន​រឹបអូស​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលជា​តំបន់​ប្រទេសជិតខាង​មួយចំនួន​របស់​ឥណ្ឌូណេស៊ី នៅតែ​បន្ត​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ​ផង​នោះ​។​
​មន្ត្រី​រូបនេះ បាន​បន្តថា ជាមួយនឹង​ការ​ពន្លិច ឬ​បំផ្លាញ​ទូក​នេសាទ​ហើយ​នោះ ឥណ្ឌូណេស៊ី មិនបាន​បញ្ជូន​អ្នកនេសាទ​ទាំងនោះ ដែល​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ទៅ​ដាក់ពន្ធនាគារ​នោះទេ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​បង់ថ្លៃ​ពិន័យ​ជា​ទឹកប្រាក់​ជំនួស​វិញ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ឥណ្ឌូណេស៊ី ដែល​រដ្ឋ​អាស៊ាន​មួយ ដែល​សម្បូរ​ទៅដោយ​កោះ និង​មាន​ដែនសមុទ្រ​ស្ទើរតែ​គ្របដណ្តប់​ដែន​អធិបតេយ្យ​ទាំងមូល​។ កត្តា​នេះហើយ​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី មាន​សក្តានុពល​ខ្លាំង​លើ​ធនធាន​សមុទ្រ ជាពិសេស​នោះ ត្រី​តែម្តង​។ កន្លងមក​ដោយសារតែ​ការ​លួច​ចូល​នេសាទ​ពី​ទូក​បរទេស ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី ខាតបង់​ចំណូល​ជាច្រើន​ជាច្រើន​លាន​ដុល្លារ ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ​រដ្ឋបាល​ដឹកនាំ​របស់លោក​ចូ​កូ​វី ត្រូវ​ចាត់​វិធាន​តឹងរឹង​បំផុត​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com