កំពង់ស្ពឺ នឹងមាន​ស្ពាន​អាកាស​ថ្មើរជើង ត្រង់ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​
ជាតិ
អចលនទ្រព្យ
កំពង់ស្ពឺ នឹងមាន​ស្ពាន​អាកាស​ថ្មើរជើង ត្រង់ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​
19, May 2019 , 4:00 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ នឹង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយ​ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ក្រោម​ជំនួយ​ទឹកប្រាក់​ពី​លោកស្រី សៀង ចាន់​ហេង អគ្គនាយក​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និង​ជា​ជំនួយ​ទឹកប្រាក់​ពី​សប្បុរជន​ដែលជា​អ្នក​ខេត្តកំពង់ស្ពឺ​។ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ស្ពាន​ថ្មើរជើង​នេះ​មាន​ប្រវែង​៣០​ម៉ែត្រ​,​កម្ពស់ ៥​ម៉ែត្រ​២​ទឹក និង​ទទឹង​៣​ម៉ែត្រ​។​

 
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បញ្ជាក់ថា គម្រោង​សាងសង់​ស្ពាន​ថ្មើរជើង​នេះ នឹង​សាងសង់​ត្រង់ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ នឹង​រួចរាល់​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ បើ​គិត​ត្រឹម​ពីថ្ងៃ​ទី​២០ ខែឧសភា តទៅ​។ លោក​អះអាងថា ការកសាង​ស្ពាន​ថ្មើរជើង​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ឆ្លងកាត់​ផ្លូវ និង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។ 


រូបលោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ 
 
​ជាមួយគ្នា​ផងដែរ លោក វ៉ី សំណាង​ក៏បាន​បញ្ជាក់ទៀតថា រដ្ឋបាលខេត្ត​កំពង់ស្ពឺ ក៏​គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​២​បន្ថែមទៀត​ផងដែរ នៅត្រង់ចំណុច​វិទ្យាល័យ​កំពង់ស្ពឺ និង​ត្រង់ចំណុច​មុខ​រោងចក្រ​សា​ប្រ៊ី​ណា​។ អភិបាលខេត្ត​កំពង់ស្ពឺ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជួយ​ថែរក្សា​ស្ពាន​អាកាស​ថ្មើរជើង​ដែល​ចាត់ទុកថា​ជា​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ ប្រសិនបើ​គម្រោង​នេះ​រួចរាល់​ជា​ស្ថាពរ​។ 
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង​រួចមកហើយ គឺមាន​ដូចជា​ស្ពាន​អាកាស​ថ្មើរជើង​ដែល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​សាលាបឋមសិក្សា​ជម្ពូ​វ័​ន្ត​,​ត្រង់​វិទ្យាល័យ​ចំណេះ​ទូទៅ​ហ៊ុនសែន​ជម្ពូ​វ័​ន្ត ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​នាង​គ​ង្ហី​ង​។​
 
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ សាលា​រាជធានី​ភ្នំពេញ​អាច​នឹង​ពង្រីក​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅលើ​ផ្លូវ​ផ្សេងៗ​មួយចំនួនទៀត ដែល​ស្ពាន​អាកាស​ថ្មើរជើង​ទាំងនោះ​អាច​នឹង​សាងសង់​នៅមុខ​សាលារៀន មន្ទីរពេទ្យ និង​ផ្សារ ជាដើម ដើម្បី​បង្កើន​ការការពារ​ផ្នែក​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​នៅពេល​ឆ្លងកាត់​ផ្លូវ​៕
 

Tag:
 ស្ពាន​ថ្មើរជើង​
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com