អន្តរជាតិ
​សាកលវិទ្យាល័យ​នាំមុខគេ​នៅ​កូរ៉េខាងជើង ពង្រីក​កម្មវិធីសិក្សា​ភាសា​ចិន​
19, May 2019 , 10:29 pm        
រូបភាព
ដោយ: ធីតា
​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ក្រុង​ព្យុងយ៉ាង (PUST) បានដាក់​ដំណើរការ​កម្មវិធី​វាស់​ស្ទង់​សមត្ថភាព​ភាសា​ចិន Hanyu Shuiping Kaoshi (HSK) ដើម្បី​ឲ្យ​និស្សិត​អាច​សិក្សា​ភាសា​ចិន​តាម​ស្តង់ដា​លើ​មុខជំនាញ​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន NK News​។​

 
​ការពង្រឹង​សមត្ថភាព​ភាសា​ចិន ដើម្បី​ពង្រីក​ទំនាក់ទំនង និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​ប៉េកាំង​។ នា​ដំណាក់កាល​ដំបូង និស្សិត​៤៥​នាក់​របស់​សាកលវិទ្យាល័យ PUST បាន​ចូលធ្វើ​តេ​ស្តិ៍​ភាសា​ចិន HSK ប្រកបដោយ​ជោគជ័យ​។​
 
​លោក Li Jinjun ទូត​សារ​ធារ​ណ​រដ្ឋ​ចិន ប្រចាំ​កូរ៉េខាងជើង បានលើកឡើង​ពី​សារសំខាន់​ក្នុង​វិស័យ​អប់រំ ជាពិសេស​ការពង្រីក​ការបណ្តុះបណ្តាល​ភាសា​ចិន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​វប្បធម៌​នៃ​ប្រទេស​ជា​មិត្ត​ទាំងពីរ​។​


 
​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ PUST ក៏បាន​គូសបញ្ជាក់ថា កម្មវិធី​បណ្តុះបណ្តាល​ភាសា​ចិន​នេះ នឹង​បន្ត​ពង្រីក​ដល់​សហគមន៍​កូរ៉េខាងជើង​ទាំងមូល ពោលគឺ​មិនមែន​ត្រឹមតែ​ក្របខណ្ឌ​សាកលវិទ្យាល័យ​នោះឡើយ​។​
 
«​ពិតណាស់ កម្មវិធី​បង្រៀន​ចម្បង គឺ​ភាសា​អង់គ្លេស ប៉ុន្តែ​ភាសា​ក្លាយជា​ភាសា​ទី​ពីរ ដែលមាន​សារសំខាន់​ខ្លាំង​ណាស់ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ ដោយបាន​អះអាងថា និស្សិត​ជាច្រើន​ចង់​ប្រើប្រាស់​ភាសា​ចិន​នាពេល​អនាគត ហើយ​ពួកគេ​ក៏​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​ផងដែរ​។​
 
​ចិន និង​កូរ៉េខាងជើង កាន់តែ​ខិតចូល​គ្នា បន្ទាប់ពី​ជំនួប​ច្រើនលើក​រវាង លោក​ប្រធានាធិបតី ស៊ី ជិន​ភីង និង​លោក គឹម ជុង​អ៊ុន នៅ​ប៉េកាំង​។ លោក ស៊ី ក៏​នឹងមាន​គម្រោង​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​ព្យុងយ៉ាង​វិញ​ផងដែរ​។​
 
PUST ជា​សកល​វិទ្យាល័យ​ឯកជន​តែមួយគត់​នៅ​កូរ៉េខាងជើង ដែល​ពង្រីក​ការសិក្សា​ភាសាបរទេស ដោយ​ក្រៅពី​អង់គ្លេស និង​ចិន ក៏មាន​ការបង្រៀន​ភាសា​អាល្លឺម៉ង់​ផងដែរ​។ យោងតាម​ការផ្សាយ​រប​ស់ NK News សកល​វិទ្យាល័យ​នេះ កើតចេញពី​កិច្ចសហប្រតិបត្តិការ​កូរ៉េ​-​អាមេរិក ប៉ុន្តែ​គម្លាត​ប្រទេស​ទាំងពីរ​កាន់តែ​ឆ្ងាយ ដោយសារ​អាមេរិក​ដាក់​កំហិត​ពលរដ្ឋ​របស់ខ្លួន​ទាក់ទង​នឹង​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​៕
 

Tag:
 ​អប់រំ​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com