ជាតិ
សង្គមជាតិ
​ជនពិការ និង​ជនជាតិដើម​ភាគតិច មាន​អាទិភាព​សម្រាប់​ការដាក់​ពាក្យ​ប្រឡង​ចូល​បម្រើការ​នៅ​ក្រសួង​ដែនដី​
20, May 2019 , 8:59 am        
រូបភាព
ទិដ្ឋភាពប្រឡង​រើសក្របខណ្ឌក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ​២០១៨
ទិដ្ឋភាពប្រឡង​រើសក្របខណ្ឌក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ​២០១៨
ដោយ:
​ភ្នំពេញ​៖ ក្របខណ្ឌ «​ក​» សរុប​៤៧​កន្លែង កំពុង​រង់ចាំ​និស្សិត និង​មន្ត្រីរាជការ ដែលមាន​សមត្ថភាព​ដើម្បី​ក្លាយជា​មន្ត្រី​បម្រើការ​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ សេចក្តីជូនដំណឹង​ចុះ​កាលពី​ថ្ងៃទី​១៦ ខែឧសភា លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡង បានបញ្ជាក់​លំអិត​ពី​ជំនាញ និង​មូលដ្ឋាន​ដែល​ត្រូវ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ ខណៈ​ជនពិការ និង​ជនជាតិដើម​ភាគតិច ត្រូវបាន​លើកទឹកចិត្ត និង​ផ្តល់​អាទិភាព​។​

 
​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា ការជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ក្របខណ្ឌ​ក្រសួង​ដែនដី​មាន​ចំនួន​៤៧​កន្លែង នៅ​ទីស្តីការក្រសួង​ចំនួន​១៩​កន្លែង និង​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយា​ដី​ខេត្ត​ចំនួន​២៨​កន្លែង​។ 
 
​បេក្ខជន​ដែលមាន​ជំនាញ​ភាសា​អង់គ្លេស​, ជំនាញ​ភាសា​ជប៉ុន​,​ជំនាញ​ភាសា​ចិន​,​ជំនាញ​ភាសា​កូរ៉េ​,​ជំនាញ​ការទូត​,​ជំនាញ​នីតិសាស្ត្រ និង​រដ្ឋបាល​សាធារណៈ​, ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​ជំនាញ​ព័ត៌មានវិទ្យា​,​ជំនាញ​វិស្វកម្ម​,​ជំនាញ​ស្ថាបត្យកម្ម​,​ជំនាញ​សុរិយាដី និង​ជំនាញ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម អាចមក​ចុះឈ្មោះ​ប្រឡង​ចូល​ក្របខណ្ឌ​ទាំង​៤៧​កន្លែង​ដែលមាន​នៅ​ទូទាំង​រាជធានី​-​ខេត្ត​បាន​។​
 
​សម្រាប់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស បេក្ខជន​ត្រូវមាន​អាយុ​មិន​លើសពី ៣៥​ឆ្នាំ បើ​ករណី​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ និង​មិន​លើសពី​៤០ ឆ្នាំ បើ​ករណី​មិនមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ ចំពោះ​មន្ត្រីរាជការ​ទូទៅ និង​បេក្ខជន​ជា​និស្សិត​ដែលមាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ឡើងទៅ ត្រូវមាន​លិខិតបញ្ជាក់​ពី​ប្រធាន​ស្ថាប័ន​។ 
 
 
​បេក្ខជន​ត្រូវតែ​មក​ដាក់ពាក្យ​ប្រឡង​ឲ្យ​បាន​មុន​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ដែលមាន​អាសយដ្ឋាន​លេខ​៧៧១-៧៧៣ មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ សម្រាប់​ថ្ងៃ​ប្រឡង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២៨ ខែកក្កដា នៅ​វិទ្យាល័យ​ទួល​ទំពូង​៕ 

Tag:
 ជនពិការ​
 ​ជនជាតិភាគតិច​
 ​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com