កីឡាអន្តរជាតិ
អន្តរជាតិ
Kompany ប្រកាស​ចាកចេញ​ពី Man City ក្រោយ​រស់នៅ​ដ៏​ជោគជ័យ​អស់​១១​រដូវ​កាល​
19, May 2019 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
Vincent Kompany បានបញ្ជាក់ ក្រោយ​ឈ្នះ​ពាន FA Cup លើ Watford កាលពី​ថ្ងៃ​សៅរ៍​ថា រូបគេ​នឹង​ចាក​ចេញពី Manchester City​។ ប្រធាន​ក្រុម​វ័យ​៣៣​ឆ្នាំ​រូបនេះ ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ក្នុង​អាជីព​ក្រោយ​រស់នៅ​១១​រដូវ​កាល​ជាមួយ​ក្រុម​មេឃ​ខៀវ​។​



Kompany ដែល​លេង​ក្នុងតួនាទី​ជា​ខ្សែការពារ បាន​ទៅ​ចូលរួម​ជាមួយ Man City តាំងពី​ឆ្នាំ​២០០៨​មក ក្រោយ​ឆ្លងកាត់​អាជីព​នៅ​ក្លិប Anderlecht និង Hamburger SV​។ រយៈពេល​១១​ឆ្នាំ​នៅ Eithad Stadium ខ្សែការពារ​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ មាន​ចំណែក​ជួយ​ឲ្យ Man City ឈ្នះ​ពាន Premier League ៤​លើក FA Cup ១​លើក និង League Cup ៤​លើក​។ គេ​បានបង្ហាញ​វត្តមាន​៣៦០​ប្រកួត និង​ស៊ុត​បាល់​បញ្ចូល​ទី​២០​គ្រាប់​។​
 
Kompany ជាប់​ក្នុង​ជម្រើសជាតិ​បែលហ្ស៊ិក​តាំងពី​ឆ្នាំ​២០០៤ មក ហើយ​បាន​ជួយ​ឲ្យ​បែលហ្ស៊ិក ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ FIFA World Cup ជា​ប្រវត្តិសាស្ត្រ​ផងដែរ​។​
 
​ខ្សែការពារ​រូបនេះ បានបញ្ជាក់​ពី​ការចាកចេញ​របស់ខ្លួន តាមរយៈ​សារ​បើកចំហរ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​។ Kompany ថា ជាការ​សម្រេចចិត្ត​ដ៏​តានតឹង ហើយ​រូបគេ​ចងចាំ​ជានិច្ច​រាល់ពេល​វេលា​នៅ​ជាមួយ​មេឃ​ខៀវ​៕
 
​តាមរយៈ​គេហទំព័រ​របស់ខ្លួន ក្លិប Man City បាន​ជូនពរ​ដល់ Kompany ហើយ​បញ្ជាក់ថា កីឡាករ​រូបនេះ នៅតែ​ជា​សមាជិកគ្រួសារ​របស់​ក្លិប​ជានិច្ច​៕

Tag:
 Man City
  Vincent Kompany
© រក្សាសិទ្ធិដោយ thmeythmey.com