ជាតិ
សង្គមជាតិ
សហភាព​អឺរ៉ុប​បន្ត​ប្រឆាំង​ការរើសអើង និង​ការប្រើ​ហិង្សា​លើ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​
19, May 2019 , 10:59 pm        
រូបភាព
រូបបានពីCDC ហ្វេសប៊ុកស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា
រូបបានពីCDC ហ្វេសប៊ុកស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃទី​១៧​ឧសភា គឺជា​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​កែ​ភេទ និង​អ្នក​ស្រលាញ់​ទាំងពីរ​ភេទ​។ ទិវា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​ការរំលោភ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរភេទ អ្នក​ប្តូរ​យេនឌ័រ​ជាដើម​។ សហភាព​អឺរ៉ុប​បានប្រកាសថា ខ្លួន​នៅតែ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​ចំពោះ​ករណី​រើសអើង​និង​ការប្រព្រឹត្ត​អំពើហិង្សា​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ទាំង​ក្នុង​និង​ក្រៅ​ដែនដី​របស់ខ្លួន​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​នៃ​មន្ត្រី​សហភាព​អឺរ៉ុប​។​

 
​លោកស្រី Federica Mogherini  បាន​បន្តថា សហភាព​អឺរ៉ុប​បាន​មើលឃើញថា នៅ​ទូទាំង​ពិភពលោក អ្នក​កែ​ភេទ និង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា តែងតែ​ត្រូវបាន​បរិស្ថាន​ជុំវិញ​ធ្វើទុក្ខបុកម្នេញ រើសអើង បង្ក ឬ​រំខាន និង​ធ្វើបាប​។ ពួកគេ​ជារឿយៗ​ត្រូវបាន​គេ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ នាំឱ្យ​មានការ​ស្អប់ខ្ពើម​គ្នា និង​ទទួលរង​ការប្រើ​អំពើហិង្សា​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ផ្សេងៗ ដូចជា ការធ្វើ​ទារុណកម្ម និង​ការធ្វើឃាត​ជាដើម​។ មាន​ប្រទេស​ចំនួន​៧២ បានចែង​ច្បាប់​ស្តីពី​និន្នាការ​ភេទ​នេះ ដែល​អាជ្ញាធរ​ប្រទេស​នោះ បាន​បន្ត​ចាត់ទុក​អ្នក​រួមភេទ​ដូចគ្នា ហើយ​ចោទ​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ ចំណែក​ប្រទេស​ខ្លះ ច្បាប់​ពុំបាន​ផ្តល់​ការការពារ​ក្នុង​កម្រិត​មួយ​ដែល​ចាំបាច់​នោះឡើយ​។ ប្រការនេះ​បណ្តោយឱ្យ​មានការ​រើសអើង​កើតឡើង​រាល់ថ្ងៃ​ក្នុង​ទិដ្ឋភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​នៃ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។​


លោកស្រីFederica Mogherini តំណាងជាន់ខ្ពស់នៃមន្ត្រីសហភាពអឺរ៉ុប
 
​ក្នុង​បរិបទ​នេះ​គណៈកម្មការ​អឺរ៉ុប​បានចេញ​ផ្សាយ​នូវ​«​បញ្ជី​វិធានការ ដើម្បី​លើកកម្ពស់​សមភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​» ដែល​ត្រូវអនុវត្ត​ដោយ​គណៈកម្មការ​នេះ ចាប់ពី​ឆ្នាំ ២០១៦​ដល់​២០១៩​។ ក្នុងនោះ​មាន​រៀបរាប់​ពី​សកម្មភាព​ក្នុង​ផ្នែក​គោលនយោបាយ​ពាក់ព័ន្ធ ចាប់ពី​ការមិន​រើសអើង ការអប់រំ​ការងារ សុខភាព ការដើរ​ហើរ​ដោយ​សេរី សិទ្ធិ​ជ្រកកោន សម្តី​ដែលនាំឱ្យ​មានការ​ស្អប់ខ្ពើម​គ្នា ឬ​ការប្រព្រឹត្ត​បទល្មើស​ស្អប់ខ្ពើម​គ្នា រហូតដល់​គោលនយោបាយ​ស្តីពី​ការពង្រីក មា​ជិ​ក​ភាព​និង​ការបរទេស​។ នេះ​បើ​តា​សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប តាមរយៈ​លោកស្រី Federica Mogherini​។ 


រូបភាពបានពីទំព័រហ្វេសប៊ុក សហភាពអឺរ៉ុបប្រចាំកម្ពុជា 
 
​កញ្ញា លី ពិសី សកម្មជន​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​ជា​អ្នកសម្របសម្រួល​នៃ​សមាគម​ឥន្ទធនូ ប្រាប់​សារព័ត៌មាន​ThmeyThmey ថា​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​របស់​សហភាព​អឺរ៉ុប បានបង្ហាញ​នូវ​ជំហរ​ក្នុងការ​លើកកម្ពស់ និង​គាំពារ​ដល់​អ្នក​ស្រលាញ់​ភេទ​ដូច បី​ចំណុច​៖ ទីមួយ​៖ ការ​ប្រារព្ធ​ទិវា​នេះ​ម្តង​សហភាព​ហ៊ាន​បង្ហូតទង់​ឥន្ទធនូ​ដែល​តំណាងឱ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។ ទី​ពីរ​សហភាព​អឺរ៉ុប​បាន​លើកយក​បញ្ហា​របស់​ជន​រងគ្រោះ​ក្នុងនោះ​ក៏មាន​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា  ដាក់​ក្នុង​ដំណើរការ​ពិភាក្សា​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល និង​ទី​បី​មានការ​ផ្តល់​មូលនិធិ​ឱ្យ​អង្គការ​ធំៗ ដែល​ធ្វើការ​លើ​បញ្ហា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។​
 
​អ្នកសម្របសម្រួល​រូបនេះ​បាន​បន្តថា ដោយឡែក​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា នៅតែ​ជួបប្រទះ​បញ្ហា​ជាច្រើន ដូចជា បញ្ហា​សេដ្ឋកិច្ច ការ​មិនឱ្យ​តម្លៃ ពិសេស​ទទួល​បានការ​រើសអើង​ពី​ក្រុមគ្រួសារ​-​សង្គម និង​កង្វះ​ការការពារ​ផ្នែក​ផ្លូវច្បាប់​ជាដើម​។ កញ្ញា លី ពីសី បាន​និយាយ​ដូច្នេះ​៖«​អ្វីដែល​ពួក​ខ្ញុំ​ចង់បាន​ពី​រដ្ឋាភិបាល​នាពេលនេះ គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​ការគាំទ្រ​និង​គាំពារ​ឱ្យបាន​ច្រើនជាង​មុន ទាំង​ផ្នែក​កិច្ច​គាំពារ​សង្គម និង​ផ្នែក​ច្បាប់ ដែល​សារៈសំខាន់​សម្រាប់​ពួក​ខ្ញុំ​។ យើង​មិន​ហ៊ាន​ទាមទារ​អ្វី​ច្រើន​នោះទេ គឺ​គ្រាន់​ចង់ឱ្យ​រដ្ឋាភិបាល​ប្រាប់​ទៅដល់​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ភូមិ​-​ឃុំ ជួយ​បញ្ជ្រាប​ការយល់ដឹង​ដល់​គ្រួសារ និង​បញ្ឈប់​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ក្នុង​គ្រួសារ និង​សង្គម​»​។​
 
​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៦​មក សហភាព​អឺរ៉ុប បានផ្តល់​ប្រាក់​សរុប ៥,២​លាន​អឺរ៉ុប (​ប្រមាណ​៥,៨​លាន​ដុល្លារ​) ដល់​១៦​គម្រោង​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​សិទ្ធិ​ស្រលាញ់​ភេទ​ដូចគ្នា ដែល​អនុវត្ត​ដោយ​អង្គការ​សង្គម​ស៊ីវិល​នៅ​អាស៊ី អាហ្វ្រិក អាមេរិក​ឡាទីន និង​អឺរ៉ុប​បូព៌ា​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨ សហភាព​អឺរ៉ុប​បានប្រកាស​ស្នើសុំ​ឱ្យមាន​ការដាក់សំណើ​អនុវត្ត​គម្រោង​ក្នុង​ទឹកប្រាក់ ១០​លាន​អឺរ៉ូ​(​ជាង​១១​លាន​ដុល្លារ​) ដើម្បី​គាំទ្រ​ដល់​អង្គ​ការដែល​ធ្វើ​ការងារ​ផ្តោតលើ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅលើ​សកលលោក​។ លើសពីនេះ​សហភាព​អឺរ៉ុប កាលពីពេល​ថ្មីៗ​នេះ​បាន​ពង្រឹង​បន្ថែម​គោលការណ៍​ណៃ​នាំ​ដែល​កំពុង​ចូល​ជា​ធរមាន​របស់​សហភាព​អឺរ៉ុប ដើម្បី​លើកកម្ពស់ និង​ការពារ​ការទទួលបាន​គ្រប់​សិទ្ធិមនុស្ស​ទាំងអស់​រប​ស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​៕ 
 
 

Tag:
 ជាតិ​
  សង្គម​
  ស្រលាញ់​ភេទ​ដូចគ្នា​
 EU
© រក្សាសិទ្ធិដោយ thmeythmey.com