ជាតិ
ច្បាប់​អំពី​ការ​ពពោះ​ជំនួស​មិនគួរ​ដាក់ទោស​ស្ត្រី​ស៊ីឈ្នួល​ព​ពោះ​នោះទេ​
21, May 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ក្រុម​អ្នកការពារ​សិទ្ធិ​ស្ត្រី​បាន​និយាយ កាលពី​ថ្ងៃ​សុក្រ ថា សេចក្តីព្រាងច្បាប់​ថ្មី​ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ស្ដីពី​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​នោះ មិនគួរ​ចែង​ឲ្យ​មានការ​ផ្តន្ទាទោស​ស្ត្រី​ពពោះ​ឱ្យគេ​នោះទេ បន្ទាប់ពី​ស្ត្រី ១១ នាក់​ដែល​ត្រូវបាន​ឃុំឃាំង​ដោយសារ​យល់ព្រម​ស៊ីឈ្នួល​ពពោះ​ឲ្យ​គេ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​។​

 
​ប្រទេស​កម្ពុជា​មានការ​កើនឡើង​នៃ​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស បន្ទាប់ពី​សកម្មភាព​បែ​ប​នេះ​ត្រូវ​ហាមឃាត់​នៅក្នុង​ប្រទេស​ថៃ នៅ​ឆ្នាំ ២០១៥ ហើយ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ពេលនោះ​មក បាន​ប្រឹងប្រែង​ធ្វើ​សេចក្តីព្រាងច្បាប់​ដើម្បី​លុបបំបាត់​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​។​
 
​អ្នកស្រី​ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា​ថ្លែងថា ទន្ទឹមនឹងនេះ​អ្នកស៊ីឈ្នួល​ពពោះ​ជំនួស​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ជួញដូរ​មនុស្ស​ហើយ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ​។ 
 
​អ្នកស្រី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ថា​៖ «​ប្រសិទ្ធភាព​ច្បាប់​នេះ​គួរតែ​ផ្តោតលើ​ជនល្មើស និង​ភ្នាក់ងារ​នៃ​ជំនួញ​ពពោះ​ជំនួស​ដែល​ភាគច្រើន​ជា​បុរស មិនមែនជា​ស្ត្រី​ដែល​ស៊ីឈ្នួល​ព​ពោះ​នោះទេ​។ ស្ថានភាព​ដែល​បង្ខំ ឬ​ជំរុញ​ឲ្យ​ស្ត្រី​ទាំងនេះ​ក្លាយខ្លួនជា​អ្នកស៊ីឈ្នួល​ពពោះ​ជំនួស​នោះ គឺ​ភាពក្រីក្រ​»​។​
 
​ស្ត្រី​ស៊ី ឈ្នួល​ពរ ពោះ​ជំនួស​គេ បាន ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ពួកគេ​ត្រូវបាន​គេ​ផ្តល់ប្រាក់​ចំនួន ១ ម៉ឺន​ដុល្លារ​ជា​ឈ្នួល​សម្រាប់​ការ​ពពោះ​ជំនួស​។ ថ្លៃឈ្នួល​នេះ​មាន​កម្រិត ៦ ដង ខ្ពស់ជាង​ប្រាក់ខែ​ទូទៅ​ប្រចាំឆ្នាំ​ជា​មធ្យម នៅក្នុង​ប្រទេស​នេះ ដែល​ប្រជាជន​មួយ​ភាគបី​រស់នៅ​លើ​បន្ទាត់​ភាពក្រីក្រ​។ 
 
​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិ​ស្ត្រី​បាន​និយាយថា វិបត្តិ​ក្នុង​គ្រួសារ​ជារឿយៗ​នាំ​ឲ្យ​គ្រួសារ​ជាប់បំណុលគេ​ច្រើន​ហួសប្រមាណ ដែល​អាច​បណ្ដាលឱ្យ​ស្ត្រី​វ័យក្មេង​ត្រូវ​បង្ខំចិត្ត​ស៊ីឈ្នួល​ពពោះ​ឲ្យ​គេ​។​
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បង្វែ​សំណួរ​អំពី​ការធ្វើ​សេចក្តីព្រាងច្បាប់​នេះ​ទៅ​ក្រសួង​កិច្ចការនារី ដែល​មិនអាច​ទាក់ទង​បាន​។ លោកស្រី​រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​បាន លើកឡើងថា ការ​ពពោះ​ជំនួស​គួរតែ​ត្រូវបាន​ហាមឃាត់​នៅ​កម្ពុជា​យ៉ាងហោចណាស់​នៅពេលនេះ ពីព្រោះ​មិនទាន់​អាច​ធានាបាន​នូវ​សុវត្ថិភាព​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com