សមាគម​ស្ករត្នោត​ដឹងគុណ​បុគ្គល​ដែល​លើកកម្ពស់​«​តម្លៃ​»​ស្ករត្នោត​ខេត្ត កំពង់ស្ពឺ​
ជាតិ
សមាគម​ស្ករត្នោត​ដឹងគុណ​បុគ្គល​ដែល​លើកកម្ពស់​«​តម្លៃ​»​ស្ករត្នោត​ខេត្ត កំពង់ស្ពឺ​
20, May 2019 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប៉ុន្មាន​សប្តាហ៍​ក្រោយពី​ស្ករត្នោត​កំពង់ស្ពឺ​ទទួលជោគជ័យ​ក្នុងការ​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដែល​ទទួលបាន​ការការពា​រ​ពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ មក​, លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​លើកឡើង​ពី​គុណសម្បត្តិ​របស់លោក ហៃ លី​អ៊ាង ស្ថាបនិក​ក្រុមហ៊ុន Confirel ដែល​បាន​ជួយ​ជ្រោមជ្រែង និង​ចូលរួម​លើកកម្ពស់​«​តម្លៃ​»​ស្ករត្នោត​កំពង់ស្ពឺ​ឲ្យ​មកដល់​កម្រិត​អន្តរជាតិ​នាពេលនេះ​។


 
​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នក​ជួយ​ជា​លក្ខណៈ​បុគ្គល​ដែល​ជួយ​ជ្រោមជ្រែង និង​លើកកម្ពស់​តម្លៃ​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​មាន​ច្រើន​ស្ថាប័ន និង​ច្រើន​នាក់​។ ប៉ុន្តែ​ក្នុងចំណោម​ស្ថាប័ន និង​បុគ្គល​ទាំងនោះ ក៏មាន​លោក ហៃ លី​អ៊ាង ស្ថាបនិក​ក្រុមហ៊ុន​កសិកម្ម Confirel ម្នាក់​ដែរ​។ លោក ហៃ លី​អ៊ាង បាន​ចំណាយពេល​ជាង​មួយ​ទសវត្សរ៍​ដើម្បី​សិក្សា ពិសោធ និង​ផលិត ផលិតផល​ចេញពី​ដើមត្នោត​។ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​ដើមត្នោត​ប្រមាណ​ជា​៣​លាន​ដើម​។ ក្រុមហ៊ុន​របស់លោក ហៃ លី​អ៊ាង បាន​នាំចេញ​ផលិតផល ផលិត​ចេញពី​ដើមត្នោត​មុនគេ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ផលិតផល​ទាំងនោះ ជារួម​មាន​៖ ស្ករត្នោត ស្រា​ទឹកត្នោត​…​និង​ចុង​ក្រោយនេះ ក្រុមហ៊ុន​បាន​នាំចេញ​«​តែ​ម្រេច​»​កំពត និង​ផ្លែស្វាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ថែម​ទៀតផង​។ លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​និយាយប្រាប់​សារព័ត៌មាន Thmeythmey តាម​ទូរ​សព្ទ​មក​ថា​៖«​ខ្ញុំ​មិន​ត្រឹមតែ​អរគុណ​គាត់​ទេ តែ​ខ្ញុំ​ដឹងគុណ​គាត់​។ លោក ហៃ លី​អ៊ាង គាត់​បាន​ជួយ​កិច្ចការ​ស្ករត្នោត​កំពង់ស្ពឺ​នេះ តាំងពីដើម​មក​។ គាត់​ជា​អ្នក​នាំចេញ​ស្ករត្នោត​កំពង់ស្ពឺ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មុនគេ​»​។ 
 
​លោក ហៃ លី​អ៊ាង មាន​ជំនាញ​ជា​ឱសថការី និង​ជា​អ្នកបង្កើត​ក្រុមហ៊ុន ឱសថ PPM​។ តែ​បេះដូង​របស់លោក​ស្ថិត​នៅជាប់​ជាមួយ​កសិកម្ម និង​កសិករ​។ អភិវឌ្ឍ​ជនបទ លើកកម្ពស់​ជីវភាព​ក​សិ​ករ គឺជា​បំណងប្រាថ្នា​របស់លោក ហៃ លី​អ៊ាង​។ លោក​តែងតែ​និយាយ​របៀប​លេងសើច​ជារឿយៗ​ថា​៖«​ខ្ញុំ​ចូលចិត្ត​[​ធ្វើ​នយោបាយ​]​កសិកម្ម​។ ធ្វើ​[​នយោបាយ​]​ឲ្យ​មាន​បាយ​ហូប​»​។ 
 
​ប្រវត្តិ​ក្រុមហ៊ុន Confirel
 
​ក្រុមហ៊ុន​ខ្មែរ ខន​ហ្វី​រេល (Confirel) បាន​កែច្នៃ​ផលិត​ផលិតផល​កសិកម្ម​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន តែ​ម្រេច​កំពត ម្រេច​គ្រប់​ប្រភេទ ទឹកជ្រលក់ ស្រា​ទឹកត្នោត ទឹកខ្មេះ ស្ករត្នោត​។​ល​។ ផលិតផល​ក្រុមហ៊ុន ខន​ហ្វី​រេល (Confirel) សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​គុណភាព​ដោយ​ស្ថាប័ន​អន្តរជាតិ​។​
 
​ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់​ម្រេច​ខ្ចី​កំពត​ជាមួយនឹង​ទឹកខ្មេះ​ទឹកត្នោត តែ​ម្រេច​កំពត គឺ​សុទ្ធតែជា​ផលិតផល KIRUM ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ខន​ហ្វី​រេល (Confirel)​។ ខន​ហ្វី​រេល (Confirel) គឺជា​ក្រុមហ៊ុន​ខ្មែរ​។  ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន ខន​ហ្វី​រេល បានទទួល​វិញ្ញាបនបត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO) បទដ្ឋាន​របស់​អាមេរិក​(NOP) និង​ស្តង់ដា​ជប៉ុន (JAS)​។ 
 
ECOCERT S.A គឺជា​អង្គការ​ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៩១ ដោយ​វិស្វករ​កសិកម្ម​ដែល​ចង់​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ដែល​គោរព​នូវ​បរិស្ថាន និង​ផ្តល់​ការទទួលស្គាល់​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការផលិត​នេះ​។ ដូចនេះ ចាប់ពី​ពេល​បង្កើត​ឡើងមក ECOCERT S.A មាន​ឯកទេស​នៅក្នុង​ការផ្តល់​វិញ្ញាបនបត្រ ចំពោះ​ការធ្វើ​កសិកម្មសរីរាង្គ​។ នៅក្នុង​ឆ្នាំ​១៩៩០ ECOCERT S.A បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ នៃ​ការធ្វើ​កសិកម្មសរីរាង្គ ដោយ​ការចូលរួម​ក្នុង​ការធ្វើ​សេចក្តីព្រាង​បទបញ្ញត្តិ នៅ​ប្រទេស​បារាំង និង​អឺរ៉ុប​។ ស្ថាប័ន​នេះ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកជំនាញ និង​អ្នកប្រើប្រាស់ ហើយ​បាន​ក្លាយទៅជា​ស្ថាប័ន​មួយ​ដែលមាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​សម្រាប់​ការបញ្ជាក់​វិញ្ញាបនបត្រ​សរីរាង្គ​។ ម្រេច​កំពត  KIRUM បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ត្រូវបាន​ការពារ​ដោយ​ច្បាប់ ឬ​ហៅ​កាត់​ថា IGP ដែល​ធានា​ការការពារ​ប្រភពដើម គុណភាព និង​ជំនាញ​ដាំ​ដុះ​ពិសេស​របស់​ម្រេច​កំពត  KIRUM​។​
 
​ជាមួយ​វិញ្ញាបនបត្រ​សរីរាង្គ ECOCERT S.A ចំនួន​៣ ដែល​ចម្ការ​ម្រេច​កំពត​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល ទទួលបាន​នេះ​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ការធានា​ដោយ​មិនអាច​ប្រកែក​បាន​ថា ម្រេច​កំពត  KIRUM គឺជា​ផលិតផល​សរីរាង្គ​ដែល​ដាំ​ដុះ និង​គោរព​ដាច់ខាត​ចំពោះ​បរិស្ថាន​។ IGP និង​វិ​ញ្ញាប​ន​ប័ត្រ ECOCERT S.A ទាំង​៣​នេះ ធ្វើ​ឲ្យ​ម្រេច​កំពត KIRUM ក្លាយជា​គ្រឿងទេស​លេខ​មួយ ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​របស់​វា​សម្រាប់ធ្វើ ម្ហូបអាហារ​។ KIRUM ត្រូវបាន​ស្គាល់​ជាដំបូង​តាមរយៈ​ម្រេច​កំពត​ពណ៌​ខ្មៅ ក្រហម និង​ស​។ ការផលិត​របស់ KIRUM មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ ទៅមួយ​ឆ្នាំ​។ 
 
​តម្រូវការ​សកលលោក សម្រាប់​ម្រេច​កំពត​កាន់តែខ្លាំង​ឡើង​ដោយសារតែ​គ្រប់គ្នា​ស្គា​ល់ពី​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​ពី សេ្ត​ចនៃ​ម្រេច​មួយ​នេះ​។ ក្រុមហ៊ុន ខន​ហ្វី​រេល បានចាប់ផ្តើម​ដាំ​ដំណាំ​ម្រេច​តាំងពី​ឆ្នាំ​២០១០​មក​។ បច្ចុប្បន្ន​ម្រេច​បាន​ដុះ​នៅលើ​ផ្ទៃដី​ចំនួន​២៥​ហិកតា​។ ការប្រមូល​ផល​លើកដំបូង គឺ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​បានធ្វើ​ការនាំចេញ​ផលិតផល​មួយផ្នែកធំ​ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​៕ 

Tag:
 កសិកម្ម​
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម