ភ្នំពេញ៖ ប៉ុន្មានសប្តាហ៍ក្រោយពីស្ករត្នោតកំពង់ស្ពឺទទួលជោគជ័យក្នុងការចុះបញ្ជីជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ មក, លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺលើកឡើងពីគុណសម្បត្តិរបស់លោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន Confirel ដែលបានជួយជ្រោមជ្រែង និងចូលរួមលើកកម្ពស់«តម្លៃ»ស្ករត្នោតកំពង់ស្ពឺឲ្យមកដល់កម្រិតអន្តរជាតិនាពេលនេះ។
ស្ថាប័នពាក់ព័ន្ធ និងអ្នកជួយជាលក្ខណៈបុគ្គលដែលជួយជ្រោមជ្រែង និងលើកកម្ពស់តម្លៃស្ករត្នោតខេត្តកំពង់ស្ពឺមានច្រើនស្ថាប័ន និងច្រើននាក់។ ប៉ុន្តែក្នុងចំណោមស្ថាប័ន និងបុគ្គលទាំងនោះ ក៏មានលោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនកសិកម្ម Confirel ម្នាក់ដែរ។ លោក ហៃ លីអ៊ាង បានចំណាយពេលជាងមួយទសវត្សរ៍ដើម្បីសិក្សា ពិសោធ និងផលិត ផលិតផលចេញពីដើមត្នោត។ ប្រទេសកម្ពុជាត្រូវបានគេប៉ាន់ស្មានថា មានដើមត្នោតប្រមាណជា៣លានដើម។ ក្រុមហ៊ុនរបស់លោក ហៃ លីអ៊ាង បាននាំចេញផលិតផល ផលិតចេញពីដើមត្នោតមុនគេទៅកាន់ទីផ្សារអន្តរជាតិ។ ផលិតផលទាំងនោះ ជារួមមាន៖ ស្ករត្នោត ស្រាទឹកត្នោត…និងចុងក្រោយនេះ ក្រុមហ៊ុនបាននាំចេញ«តែម្រេច»កំពត និងផ្លែស្វាយទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បាននិយាយប្រាប់សារព័ត៌មាន Thmeythmey តាមទូរសព្ទមកថា៖«ខ្ញុំមិនត្រឹមតែអរគុណគាត់ទេ តែខ្ញុំដឹងគុណគាត់។ លោក ហៃ លីអ៊ាង គាត់បានជួយកិច្ចការស្ករត្នោតកំពង់ស្ពឺនេះ តាំងពីដើមមក។ គាត់ជាអ្នកនាំចេញស្ករត្នោតកំពង់ស្ពឺទៅកាន់ទីផ្សារអឺរ៉ុបមុនគេ»។
លោក ហៃ លីអ៊ាង មានជំនាញជាឱសថការី និងជាអ្នកបង្កើតក្រុមហ៊ុន ឱសថ PPM។ តែបេះដូងរបស់លោកស្ថិតនៅជាប់ជាមួយកសិកម្ម និងកសិករ។ អភិវឌ្ឍជនបទ លើកកម្ពស់ជីវភាពកសិករ គឺជាបំណងប្រាថ្នារបស់លោក ហៃ លីអ៊ាង។ លោកតែងតែនិយាយរបៀបលេងសើចជារឿយៗថា៖«ខ្ញុំចូលចិត្ត[ធ្វើនយោបាយ]កសិកម្ម។ ធ្វើ[នយោបាយ]ឲ្យមានបាយហូប»។
ប្រវត្តិក្រុមហ៊ុន Confirel
ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) បានកែច្នៃផលិតផលិតផលកសិកម្មជាច្រើនប្រភេទ ក្នុងនោះមាន តែម្រេចកំពត ម្រេចគ្រប់ប្រភេទ ទឹកជ្រលក់ ស្រាទឹកត្នោត ទឹកខ្មេះ ស្ករត្នោត។ល។ ផលិតផលក្រុមហ៊ុន ខនហ្វីរេល (Confirel) សុទ្ធតែត្រូវបានត្រួតពិនិត្យគុណភាពដោយស្ថាប័នអន្តរជាតិ។
ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់ម្រេចខ្ចីកំពតជាមួយនឹងទឹកខ្មេះទឹកត្នោត តែម្រេចកំពត គឺសុទ្ធតែជាផលិតផល KIRUM ដែលបានបង្កើតឡើងដោយក្រុមហ៊ុនខនហ្វីរេល (Confirel)។ ខនហ្វីរេល (Confirel) គឺជាក្រុមហ៊ុនខ្មែរ។ ចម្ការម្រេចរបស់ក្រុមហ៊ុន ខនហ្វីរេល បានទទួលវិញ្ញាបនបត្រសរីរាង្គលើកដំបូងពី ECOCERT S.A ជាមួយស្តង់ដាអឺរ៉ុប(ESO) បទដ្ឋានរបស់អាមេរិក(NOP) និងស្តង់ដាជប៉ុន (JAS)។
ECOCERT S.A គឺជាអង្គការត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្រដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ក្នុងឆ្នាំ១៩៩១ ដោយវិស្វករកសិកម្មដែលចង់ធ្វើការអភិវឌ្ឍលើវិស័យកសិកម្ម ដែលគោរពនូវបរិស្ថាន និងផ្តល់ការទទួលស្គាល់ដល់អ្នកដែលបានចូលរួមនៅក្នុងការផលិតនេះ។ ដូចនេះ ចាប់ពីពេលបង្កើតឡើងមក ECOCERT S.A មានឯកទេសនៅក្នុងការផ្តល់វិញ្ញាបនបត្រ ចំពោះការធ្វើកសិកម្មសរីរាង្គ។ នៅក្នុងឆ្នាំ១៩៩០ ECOCERT S.A បានរួមចំណែកដល់ការអភិវឌ្ឍ នៃការធ្វើកសិកម្មសរីរាង្គ ដោយការចូលរួមក្នុងការធ្វើសេចក្តីព្រាងបទបញ្ញត្តិ នៅប្រទេសបារាំង និងអឺរ៉ុប។ ស្ថាប័ននេះទទួលបានទំនុកចិត្តពីអ្នកជំនាញ និងអ្នកប្រើប្រាស់ ហើយបានក្លាយទៅជាស្ថាប័នមួយដែលមានគេទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រសរីរាង្គ។ ម្រេចកំពត KIRUM បានទទួលវិញ្ញាបនបត្រសម្គាល់ទីតាំងភូមិសាស្ត្រ ត្រូវបានការពារដោយច្បាប់ ឬហៅកាត់ថា IGP ដែលធានាការការពារប្រភពដើម គុណភាព និងជំនាញដាំដុះពិសេសរបស់ម្រេចកំពត KIRUM។
ជាមួយវិញ្ញាបនបត្រសរីរាង្គ ECOCERT S.A ចំនួន៣ ដែលចម្ការម្រេចកំពតរបស់ក្រុមហ៊ុនខនហ្វីរេល ទទួលបាននេះផ្តល់ជូនអ្នកប្រើប្រាស់នូវការធានាដោយមិនអាចប្រកែកបានថា ម្រេចកំពត KIRUM គឺជាផលិតផលសរីរាង្គដែលដាំដុះ និងគោរពដាច់ខាតចំពោះបរិស្ថាន។ IGP និងវិញ្ញាបនប័ត្រ ECOCERT S.A ទាំង៣នេះ ធ្វើឲ្យម្រេចកំពត KIRUM ក្លាយជាគ្រឿងទេសលេខមួយ ស័ក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់វាសម្រាប់ធ្វើ ម្ហូបអាហារ។ KIRUM ត្រូវបានស្គាល់ជាដំបូងតាមរយៈម្រេចកំពតពណ៌ខ្មៅ ក្រហម និងស។ ការផលិតរបស់ KIRUM មានការរីកចម្រើនយ៉ាងខ្លាំងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។
តម្រូវការសកលលោក សម្រាប់ម្រេចកំពតកាន់តែខ្លាំងឡើងដោយសារតែគ្រប់គ្នាស្គាល់ពីកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺពី សេ្តចនៃម្រេចមួយនេះ។ ក្រុមហ៊ុន ខនហ្វីរេល បានចាប់ផ្តើមដាំដំណាំម្រេចតាំងពីឆ្នាំ២០១០មក។ បច្ចុប្បន្នម្រេចបានដុះនៅលើផ្ទៃដីចំនួន២៥ហិកតា។ ការប្រមូលផលលើកដំបូង គឺនៅក្នុងឆ្នាំ២០១៤ ហើយបានធ្វើការនាំចេញផលិតផលមួយផ្នែកធំទៅកាន់ទីផ្សារប្រទេសបារាំង៕