អន្តរជាតិ
អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម តែ​អ៊ីរ៉ង់​នៅតែ​មិន​អើពើ​
20, May 2019 , 11:27 am        
រូបភាព
​សហរដ្ឋអាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត ជា​សម្ព័ន្ធមិត្ត​ប្រចាំ​តំបន់​ឈូង​សមុទ្រ បាន​បណ្ដាក់​គ្នា​ព្រមាន​ធ្ងន់ៗ​ទៅលើ​អ៊ីរ៉ង់ ស្រប​ពេលដែល​ស្ថានការណ៍​ក្នុង​តំបន់​កាន់តែ​ក្ដៅ​ឡើង​។ អាមេរិក​បាន​ប្រាប់​ឲ្យ​អ៊ីរ៉ង់ មិន​ត្រូវធ្វើ​សកម្មភាព​អ្វីដែល​ប៉ះពាល់​ប្រយោជន៍​អាមេរិក​ក្នុង​តំបន់​ឲ្យ​សោះ បើ​ពុំ​ដូច្នោះ​អ៊ីរ៉ង់​នឹងត្រូវ​រលាយ​មិន​ខាន ឯ​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ ដែល​អះអាងថា ខ្លួន​មិន​ចង​ធ្វើសង្គ្រាម​នោះ ក៏​ត្រៀមខ្លួន​ប្រយុទ្ធ​ជាស្រេច បើ​អ៊ីរ៉ង់​ចង់បាន​ដូច​នោះ​។ ប៉ុន្តែ​អ៊ីរ៉ង់​វិញ ហាក់​មិន​រវីរវល់​សម្ដី​គំរាម​អ្វី​សោះ​។​

 
​បើ​អ៊ីរ៉ង់​ចង់​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក វា​នឹង​ក្លាយជា​ទីបញ្ចប់​ផ្លូវការ​របស់​អ៊ីរ៉ង់​។ នេះ​ជា​សារ​ព្រមាន​ដោយផ្ទាល់​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៩ ខែឧសភា​ទៅកាន់​អ៊ីរ៉ង់ បន្ថែម​ពីលើ​ការព្រមាន​ជាច្រើន​ដង​រួចមកហើយ​។ លោក ត្រាំ ក៏​ឆ្លៀត​ទីក្រុង​តេ​ហេ​រ៉ង់ មិនត្រូវ​គំរាមកំហែង​អាមេរិក​ម្ដងទៀត​ឡើយ​។ 
 
 
 
​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេ​ហេ​រ៉ង់ កើនឡើង​កាន់តែខ្លាំង​បន្ទាប់ពី​អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស ដើម្បី​ទប់ទល់​នូវ​ដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក ត្រាំ ថា ជាការ​គំរាមកំហែង​ដ៏​ខ្លាំងក្លា​។ ខណៈ​សភាពការណ៍​មិនសូវ​ស្រួល​នោះ អាមេរិក​បាន​បញ្ជា​ឲ្យ​មន្ត្រី​មិនចាំបាច់​ស្ថានទូត​នៅ​អ៊ីរ៉ាក់​ដែល​នៅជាប់​អ៊ីរ៉ង់​ឲ្យ​ចាកចេញ​ជាបន្ទាន់​ផង​។​
 
​ការប្រឈមមុខ​រវាង​សត្រូវ​ទាំងពីរ​នេះ ក៏​រាលដាល​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​ការវាយប្រហារ​លើ​ស្ថានីយ៍​បូម​ប្រេង​ពីរ​កន្លែង និង​ការធ្វើ​វាយប្រហារ​ដោយ​ចេតនា​លើក​ប៉ាល់​បួន​គ្រឿង​នៅ​ដែនទឹក​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែល​ក្នុងនោះ​មាន​ពីរ​គ្រឿង​ជា​កម្មសិទ្ធិ​របស់​ទីក្រុង​រី​យ៉ា​ដ​ផង​។ ទីក្រុង​រី​យ៉ា​ដ បាន​ចោទ​ទីក្រុង​តេ​ហេ​រ៉ង់​ថា បើកដៃ​ឲ្យ​មានការ​វាយប្រហារ​លើ​ស្ថានីយ៍​របស់ខ្លួន​។ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ​ទទួលខុសត្រូវ​លើ​ករណី​ទាំងនេះ​។​
 
​នៅ​ថ្ងៃទី​១៩ ខែឧសភា​ដដែល អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ចេញមក​ប្រកាស​ជំហរ​ជាថ្មី​ដែល​ចង់​មិនឃើញ​សង្គ្រាម​នៅ​ឈូង​សមុទ្រ​ពែ​រ្ស​ផ្ទុះឡើង​ទេ តែ​ក៏​ត្រៀមប្រយុទ្ធ​ដូចគ្នា​ដែរ​។ រដ្ឋលេខាធិការ​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត Adel al-Jubeir ប្រកាសថា ប្រទេស​របស់លោក មិនត្រូវ​សង្គ្រាម មិន​ចង់​ធ្វើសង្គ្រាម​អ្វី​ទេ ប៉ុន្តែ​បើ​ភាគី​ម្ខាង​ទៀត​ចង់បាន​សង្គ្រាម រាជាណាចក្រ​មួយ​នេះ នឹង​តបត​វិញ​ដោយ​ការតាំង​ចិត្ត​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន​។​
 
​យ៉ាងណាមិញ អ៊ីរ៉ង់​ឯណោះ​វិញ ហាក់​មិន​ជឿថា សង្គ្រាម​នឹង​ផ្ទុះឡើង​ឡើយ ហើយ​ម្យ៉ាង​អ៊ីរ៉ង់​ខ្លួនឯង​ក៏​ប្រឆាំង​ការធ្វើ​សង្គ្រាម​ដែរ​។ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​នៅ​ចុង​សប្ដាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif និយាយ​ដោយ​ច្បាស់ៗ​ថា នឹង​មិនមាន​សង្គ្រាម​ឡើយ ព្រោះ​គ្មាន​នរណាម្នាក់​ហ៊ាន​ស្រមៃ​ពី​ការប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​នោះទេ​៕ 
 

Tag:
 អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com