កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ៖ សុំទោស​ដែល​មិនបាន​ដាក់ Bale ឲ្យ​លេង ប៉ុន្តែ​ខ្ញុំ​ធ្វើ​អ្វី​ទៅតាម​បច្ចុប្បន្នភាព​
20, May 2019 , 1:52 pm        
រូបភាព
គ្រូបង្វឹកលោក Zinedine Zidane និងកីឡាករ Gareth Bale នាពេលហ្វឹកហាត់កន្លងមក (រូបពី AFP)
គ្រូបង្វឹកលោក Zinedine Zidane និងកីឡាករ Gareth Bale នាពេលហ្វឹកហាត់កន្លងមក (រូបពី AFP)
កីឡាករ​ខ្សែប្រយុទ្ធ Gareth Bale បាន​ត្រឹម​ស្ថិតនៅ​កៅអី​បម្រុង​ប៉ុណ្ណោះ នៅក្នុង​ការប្រកួត​បិទ​រដូវ​កាល ដែល​ក្លិប​យក្ស​ស Real Madrid ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Betis ដោយ​លទ្ធផល​២​ទល់​០​។ ការបរាជ័យ​នេះ បានធ្វើ​ឲ្យ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​លោក Zinedine Zidane ត្រូវ​ប្រឈមមុខ​បកស្រាយ​នឹង​សំនួរ ពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ត មិន​ដាក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​Wales ចូល​លេង​។​

 
​ការប្រកួត​ចុងក្រោយ​នៃ​ការបិទ​បញ្ចប់​រដូវ​កាល​ពានរង្វាន់ La Liga របស់​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១៩ ឧសភា​នោះ ក្លិប Real Madrid ធ្វើ​មិន​បានល្អ​ឡើយ ដោយ​បន្សល់​ការខកចិត្ត​ដល់​អ្នកគាំទ្រ បន្ទាប់ពី​ចាញ់​ក្រុម Real Betis ២​ទល់​០​។ ប៉ុន្តែ​ការបរាជ័យ​នេះ ក៏បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក លោក  Zinedine Zidane ឈឺក្បាល​មិន​ស្ទើ​ដែរ ព្រោះ​ត្រូវ​បកស្រាយ​ជាមួយ​អ្នកកាសែត​ជុំវិញ​ការមិន​ដាក់​កីឡាករ Bale ចូល​លេង​។ Bale ដែលជា​ខ្សែប្រយុទ្ធ ទិញ​មកពី​ក្លិប Tottemham Hotspur កាលពី​ឆ្នាំ​២០១៣ ក្នុងតម្លៃ​ខ្លួន​ជិត​៩០​លាន​ដុល្លារ​នោះ បានត្រឹមតែ​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ ខណៈ​ដែលមាន​ព័ត៌មាន​លេច​ឭ​ថា ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ ចង់​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​Wales រូបនេះ ចេញពី Bernabue​។​
 
​នៅក្នុង​សន្និសីទកាសែត​គ្រូបង្វឹក Zidane មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់ នៃ​ការសម្រេចចិត្ត​មិន​ដាក់​Bale ចូល​លេង​នោះទេ​។ ចម្លើយ​ដែល​លោក Zidane បាន​បកស្រាយ​ប្រាប់​អ្នកកាសែត​នោះ យ៉ាង​ដូច្នេះ​ថា​៖«  ខ្ញុំ​សុំទោស​ដែល bale មិនអាច​ចូល​លេង​បាន ប៉ុន្តែ​គ្មាន​អ្នកណា​ដឹងថា នឹងមាន​អ្វី​កើតឡើង​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ដែល​បាន​ស្រង់​សម្តី​ចុះផ្សាយ​ដោយ​កាសែត BBC​។​
 
​ជាមួយគ្នានេះ​គ្រូបង្វឹក​សញ្ជាតិ​បារាំង ដែល​ទើប​ចូលមក​ដឹកនាំ​ក្រុម​វិញ កាល​ខែមីនា​កន្លងទៅនេះ បាន​និយាយថា អ្វីដែល​លោក​ធ្វើ​នៅពេលនេះ គឺ​ស្របតាម​ស្ថានភាព​ក្រុម​បច្ចុប្បន្ន​ប៉ុណ្ណោះ​។ គ្រូ​ប​បង្វឹក​រូបនេះ​បន្ថែមថា​៖«​បើសិន​ខ្ញុំ​គិតថា កីឡាករ​មិនទាន់​អាច​លេង​បាន​នៅក្នុង​ក្រុម​នោះ ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វីមួយ ដែល​ខ្ញុំ​គិតថា​វា​ជា​កិច្ចការងារ​ដ៏​ល្អ​បំផុត​។ គ្មាន​នរណា​អាច​ផ្លាស់ប្ដូរ​អ្វី ដែល Bale ធ្លាប់​បានធ្វើ​សម្រាប់​ក្រុម​កន្លងមក​ទេ ប៉ុន្តែ​ក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់ ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វីមួយ ឬ​រស់នៅ​ជាមួយ​បច្ចុប្បន្នភាព​»​។​
 
​នៅពេលដែល​គេ​សួរ​ពី​វាសនា​របស់ Bale និង​អ្នកចាំទី Keylor Navas អាច​បន្ត​រស់នៅ​ជាមួយ​ក្លិប Real Madrid ឬ​ត្រូវ​ផ្លាស់ចេញ​ដែរ​ទេ​? លោក Zidane បាន​ត្រឹម​ឆ្លើយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនដឹងថា​តើ​វា​ជាការ​ប្រកួត​លើកចុងក្រោយ​របស់​ពួកគេ​នៅ​Bernabue ឬក៏​អត់​ទេ​? ហើយ​ខ្ញុំ​ក៏​មិនដឹងថា នឹងមាន​រឿង​អ្វី​កើតឡើង​នៅពេល​ខាងមុខ​ដែរ​។ សម្រាប់​ខ្ញុំ Keylor Navas ធ្វើ​បានល្អ ប៉ុន្តែ​យើង​រង់ចាំ​មើលថា នឹងមាន​អ្វី​កើតឡើង​នា​រដូវ​កាល​ក្រោយ​»​។​
 
​ក្រុម​យក្ស​ស Real Madrid ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដែលមាន​៦៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​២ Atletico Madrid ចំនួន​៨​ពិន្ទុ និង​នៅ​ឆ្ងាយ​ពី​ក្រុម​Bacelona ម្ចាស់​ពាន La Liga រហូតដល់​១៨​ពិន្ទុ​៕
 
 

Tag:
 កីឡារ​
  Zidane
  អេ​ស្ប៉ា​ញ​
© រក្សាសិទ្ធិដោយ thmeythmey.com