ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របរ​ចិញ្ចឹម​ត្រី​កាន់តែ​ត្រូវប៉ាន់ ស្រប​ពេលដែល​ត្រី​ធម្មជាតិ​កាន់តែ​ខ្សត់​
20, May 2019 , 9:19 pm        
រូបភាព
កសិដ្ឋានចិញ្ចឹមត្រីនៅបឹងសំរោង​
កសិដ្ឋានចិញ្ចឹមត្រីនៅបឹងសំរោង​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ត្រី​ធម្មជាតិ​កាន់តែ​ខ្សត់ ស្របពេល​តម្រូវការ​បរិភោគ​ត្រី​កាន់តែច្រើន បានធ្វើ​ឲ្យ​របរ​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា រីកដុះដាល​កាន់តែច្រើន​។ ចំណែកឯ​អ្នក​ប្រកប​របរ​នេះ ក៏​កាក់កប​ដែរ​។

 
 
​សូម​ស្តាប់​បទ​យកការណ៍​រប​ស់លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖   



 
​បឹង​សំរោង ដែល​ស្ថិត​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ បាន​ក្លាយជា​បណ្តុំ​កសិដ្ឋាន​ចិញ្ចឹម​ត្រី ដ៏​ល្បីឈ្មោះ​មួយ​នៅ​ក្រុងភ្នំពេញ​។ ផ្ទៃ​បឹង​មួយផ្នែកធំ បាន​ខណ្ឌ​ចែកជា​ផ្នែកៗ​ដោយ​ឫស្សី និង​អួន​ក្រឡា​ញឹក ដែលមាន​ម្ចាស់​រៀងៗ​ខ្លួន​។ 

  
អ្នកស្រី ខេន សាអយ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី

​អ្នកស្រី ខេន សា​អយ បាន​ប្រក​បរបរ​ចិញ្ចឹម​ត្រី​នេះ​ជាង​១០​ឆ្នាំ​មកហើយ​។ បច្ចុប្បន្ន​ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ មាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ទំហំ​២​ហិកតា ស្ថិតនៅក្នុង​បឹង​សំរោង​ខាងជើង​។ អង្គុយ​ក្រោមផ្ទះ​តូច ប្រក់​ស័​ង្គ​សី នៅក្នុង​បឹង​សំរោង ជា​ដែល​ទីកន្លែង​ដេក​យាម​ត្រី អ្នកស្រី ខេន សា​អយ បាន​ឲ្យ​ដឹងថា របរ​ចិញ្ចឹម​ត្រី បានធ្វើ​ឲ្យ​ជីវភាព​អ្នកស្រី​ប្រសើរ​ជាង​មុន បើទោះបី​នឿយ​បន្តិច​មែន​។ អ្នកស្រី ខេន សា​អយ បន្ថែម​ដូច្នេះ​ថា​៖«​ត្រី​នេះ ចិញ្ចឹម​មួយឆ្នាំ ឬ​កន្លះ​ឆ្នាំ តាម​ពូជ​ធំ ឬ​ពូជ​តូច​។ បើ​ពូជ​តូច ចិញ្ចឹម​មួយឆ្នាំ​កន្លះ ទើបបាន​លក់​។ ចំណូល​ក្នុង​មួយឆ្នាំ វា​មិន​ទៀងទេ​។ បើ​វា​រស់​ទៅ វា​អត់​ក្តៅ​ខ្លាំង វា​អត់​ងាប់ បាន​មួយ​ម៉ឺន​ពីរម៉ឺន​បី​ម៉ឺន​(​ដុល្លារ​)​អ៊ីចឹងទៅ វា​មិន​ទៀង​។ ខ្ញុំ​ចិញ្ចឹម​ជាមួយ​ប្តី​ខ្ញុំ ខ្ញុំ​អត់​ជួល​កម្មករ​នោះទេ​»​។    
 
​បើតាម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដដែល បច្ចុប្បន្ន​របរ​នេះ កំពុង​ត្រូវប៉ាន់ ជាពិសេស​ប្រភេទ​ត្រី​សុង ដែល​គេ​ពេញនិយម​យក​ធ្វើ​ម្ហូប​នៅក្នុង​កម្មវិធី​ផ្សេងៗ និង​សម្រាប់ធ្វើ​ម្ហូប​នៅតាម​ភោ​ជ  នី​យ​ដ្ឋា​ន​នានា​។ ចំណែក​តម្លៃ​របស់​វា ក៏បាន​ថ្លៃ​គួរសម​ដែរ ដោយ​ត្រី​មួយ​ក្បាលមាន​ទម្ងន់​១​គីឡូក្រាម​ឡើងទៅ មានតម្លៃ​៨​ពាន់​រៀល ហើយ​អតិថិជន​មក​ទិញ​ដល់​កន្លែង​ទៀតផង​។ មាន​សម្បុរ​ស និង​មាន​មាឌធំ អ្នកស្រី ខេន សា​អយ ដែល​អះអាងថា​ខ្លួន​ជា​កូនកាត់​ខ្មែរ​វៀតណាម បន្ថែម​៖«​ខ្ញុំ​ស្រឡាញ់​របរ​ចិញ្ចឹម​ត្រី​នេះ ព្រោះ​រកស៊ី​របស់​នេះ វា​ស្រួល ទោះ​វារ​កបាន​ម៉ា​គែ​រួច​ម៉ា​គែ តែ​វា​មិន​លំបាក​ជាង​ធ្វើការ​ខ្ញុំគេ​។ ខ្ញុំគេ​ពិបាក បើ​យើង​អាច​រកស៊ី​ខ្លួនឯងបាន យើង​រក​ទៅ​»​។ 
 
​លោក ថាច់ ញុ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​សង្កាត់​សំរោង​ដែរនោះ ក៏​ទទួលស្គាល់​ដែរ​ថា របរ​ចិញ្ចឹម​ត្រី​នេះ​កាក់កប​។  លោក ថាច់ ញុ​ង ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម បាន​ជួល​ស្រះ​ទំហំ​៨​អា នៅក្នុង​តម្លៃ​៧០០​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​ចិញ្ចឹម​ត្រី​ប្រា ត្រី​ទី​ឡាប់​យ៉ា និង​ត្រី​ជាច្រើន​ប្រភេទ​ទៀត ដោយ​ទទួលបាន​ប្រាក់ចំណេញ ចន្លោះ​ពី​១,៥០០​ដុល្លារ ទៅ​២,០០០​ដុល្លារ ក្នុង​មួយខែ​។ ប្រកប​របរ​ចិញ្ចឹម​ត្រី​នេះ​ជាង​២០​ឆ្នាំ បានធ្វើ​ឲ្យ​បុរស​វ័យ​៦០​ឆ្នាំ​រូបនេះ មាន​ជីវភាព​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារតែ​ត្រី​ចិញ្ចឹម​មាន​តម្រូវការ​ច្រើន និង​មាន​ទីផ្សារ​ល្អជា​បន្តបន្ទាប់​។ 
 
​អង្គុយ​លើ​រោង​ឲ្យ​ចំណី​ត្រី លោក ថាច់ ញុ​ង រៀបរាប់​បន្ត​៖ «​ត្រី​ប្រា​លក់​នៅ​ផ្សារ​មួយ​គីឡូ​តម្លៃ​៥,៣០០​រៀល បើ​ត្រីងៀត​ប្រហើ​ម​ហ្នឹង តម្លៃ​៦,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​…​ខ្ញុំ​ចិញ្ចឹម​ត្រី​សុង​ទៀត​។ ជាធម្មតា ខ្ញុំ​បោះ​តាម​ម៉ូយ​តុ​ការ និង​ភោជនីយដ្ឋាន​នេះ ភោជនីយដ្ឋាន​នោះ ហើយ​ពួក​ចិន​ពី​កំពង់សោម ជួនកាល​មួយអាទិត្យ​មក​យក​៥០០​ក្បាល បី​បួន​រយ​ក្បាល​។ តែ​ប្រភេទ​ត្រី​ហ្នឹង​ពិបាក​ចិញ្ចឹម​ដែរ វា​យូរ​»​។ 


លោក ថាច់ ញុង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី
 
​បើតាម លោក ថាច់ ញុ​ង ទោះបី​ត្រី​ចិញ្ចឹម​មាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​មែន តែ​ត្រី​ចិញ្ចឹម ក៏​ត្រូវបាន​ប្រជាជន​ខ្លាចរអា ដោយសារ តែ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ខ្លះ ប្រើ​ចំណី​ត្រី​ដែល​សារជាតិ​គីមី​។ លោក​ពន្យល់​យ៉ាង​បែបនេះ​៖ «​ខ្ញុំ​ចិញ្ចឹម វា​យូរ​ឆ្នាំ​ហើយ វា​មិនមាន​ជាតិគីមី​ទេ​។ ខ្ញុំ​ដាក់​កន្ទក់ និង​អាចម៍​ត្រី ពោះ​ត្រី​ដែល​សល់​ពី​ធ្វើ​ត្រី​នៅ​ផ្សារ យកមក​ស្ងោរ​ឲ្យ​ត្រី​ស៊ី​។ តើ​មាន​ជាតិគីមី​មក​ណា​? អត់​មាន​ទេ ១០០​ភាគរយ​។ ហើយ​បើ​ចំណី​បេ​មកពី​វៀតណាម អាហ្នឹង ខ្ញុំ​អត់​ដឹង មិនដឹង​គេ​លាយ​អា​ម៉េច​? គេ​មាន​បច្ចេកទេស​របស់គេ​។ ចំណែក បងប្អូន​ណា​ដែល​មិន​ចង់​រើស​ត្រី​ប៉ះ​ត្រី​មាន​ជាតិគីមី កុំ​រើស​ត្រី​ណា​ធាត់ៗ អាហ្នឹង​ជា​ត្រី​មកពី​វៀតណាម ជាពិសេស ត្រី​ទី​ឡាប់​យ៉ា ត្រី​អណ្តែង ត្រី​រ៉ស់ ភាគច្រើន​មកពី​វៀតណាម ហើយ​បងប្អូន​យើង​អត់​ដឹង រកតែ​ត្រី​ធាត់ៗ អា​ហ្នឹងហើយ​ជាតិគីមី​។ ចង់​រកត្រី​អត់​ជាតិគីមី រកត្រី​ណា​ស្គមៗ​ទៅ​»​។    
 
​មិនមែន​ត្រូវ​ប៉ាន់តែ​អ្នក​ចិញ្ចឹម​ត្រី​នោះទេ អ្នកលក់​ត្រី​ក៏​កាប់​កប​ដូចគ្នា​ដែរ​។ លោក កន ឡា​លុច ជា​អាជីវក​របោះ​ដុំ​ត្រី​ប្រា បាន​ឲ្យ​ដឹងថា លោក​បាន​យក​ត្រី​ចិញ្ចឹម​ពី​នៅ​ម្តុំ​ព្រែក​ព្នៅ ទៅ​បោះ​ដុំ​នៅក្នុង​កំពង់ផែ​មួយ ក្បែរ​ផ្សារ​ព្រែក​ព្នៅ​។ នៅក្នុង​មួយថ្ងៃ លោក​អាច​លក់​ត្រី​បាន​ចំនួន​២​តោន​។ ប្រកប​របរ​នេះ​បាន​ប្រមាណ​៥​ឆ្នាំ បុរស​វ័យ​២៨​ឆ្នាំ​រូបនេះ​ថា លោក​មាន​ជីវភាព​ធូរធារ ព្រោះ​របរ​មួយ​នេះ អាច​រកចំណូលបាន​ក្រែល​ដែរ​។ កំពុង​រៀបចំ​ធុង​ដាក់​ត្រី​ជាមួយ​កម្មករ​របស់ខ្លួន លោក កន ឡា​លុច បាន​រៀបរាប់​ពី​ទីផ្សារ​ត្រី​ចិញ្ចឹម​យ៉ាង​ដូច្នេះ​ថា​៖ «​ពី​នា​ក់បង​ខ្ញុំ លក់បាន​២​តោន​។ ធ្លាប់តែ​លក់​ត្រី​ប្រា បើ​គេ​ផ្សេង គេ​លក់​ត្រី​គ្រប់មុខ​។ មាន​តាំងពី​កំពង់ធំ កំពង់ចាម កំពង់ស្ពឺ សុទ្ធតែ​មក​យក​ពី​ព្រែក​ព្នៅ​។ ឥឡូវ​ពួក​ថៅកែ​ធំៗ គេ​ដឹក​តាម​ឡានធំៗ​ទៅ​លក់​នៅតាម​ផ្សារ​ធំៗ ដោយមាន​ស្តង់​គេ​នៅ​ទីនោះ​ហ្មង​។ កាល​មុន ម៉ូយ​ធំៗ ពួកគេ​មក​យក​ដល់​កន្លែង​នេះ​តែម្តង​»​។ 
   
​ក្រៅពី​ទីផ្សារ​ក្នុងស្រុក ត្រី​របស់​កម្ពុជា ក៏បាន​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​ដែរ​។ លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល បាន​ថ្លែង​កាលពី​ចុងឆ្នាំ​២០១៨​ថា នៅ​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា បាន​នាំចេញ​ត្រី ចន្លោះ​ពី​៦ ទៅ​៧​ពាន់​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ 
 
​តាមពិតទៅ កំណើនប្រជាជន បូក​នឹង​ការនាំ​ត្រី​ចេញទៅ​ក្រៅប្រទេស​នេះហើយ បានធ្វើ​ត្រី​កាន់​តែមាន​តម្រូវការ​ខ្ពស់​។ ការសិក្សា​ស្រាវជ្រាវ​មួយ កាលពី​ឆ្នាំ​២០១២ បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ម្នាក់ បរិភោគ​ត្រី​ចំនួន​៦៣​គីឡូក្រាម​នៅក្នុង​មួយឆ្នាំ​។ 


កំពង់ផែព្រែកព្នៅ កន្លែងបោះដុំត្រីដ៏ធំមួយ
 
​អ្នកស្រី លី​ណា អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​មេផ្ទះ​ម្នាក់ ដែល​កំពុង​តថ្លៃ​ត្រី នៅក្នុង​ផ្សារ​ព្រែក​ព្នៅ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បឹង​សំរោង បាន​ឲ្យ​ដឹងថា អ្នកស្រី​តែងតែ​មក​ទិញ​ត្រី​នៅ​ផ្សារ​ព្រែក​ព្នៅ​នេះ ហើយ​គ្រួសារ​អ្នកស្រី​ត្រូវ​ការហូប​ត្រី​លើសពី​១​គីឡូក្រាម​នៅក្នុង​មួយថ្ងៃ​។ អង្គុយ​រើស​ត្រី​បណ្តើរ ស្ត្រី​មេផ្ទះ​រូបនេះ រៀបរាប់​បណ្តើ​រថា​៖ «​ខ្ញុំ​ចូលចិត្ត​ត្រី​ទន្លេ ត្រី​ធម្មជាតិ តែ​អានេះ​ត្រី​ចិញ្ចឹម​ទេ​។ ខ្ញុំ​តម្រូវ​ខ​ម៉ាំ ដូច្នេះ ខ្ញុំ​ទិញ​ត្រី​ហ្នឹង ព្រោះ​វា​មាន​ទឹករំអិល​។ ឥឡូវ​ត្រី​ធម្មជាតិ​មិនសូវមាន​ទេ សម្បូរ​តែ​ត្រី​ចិញ្ចឹម​»​។    
 
​ខណៈដែល​ត្រី​ចិញ្ចឹម​មាន​តម្រូវការ​ច្រើន និង​ផ្គត់ផ្គង់​បាន​ទៀត​ទាត់​នោះ ទាំង​លោក ថាច់ ញុ​ង និង​អ្នកស្រី ខេន សាអយ បាន​ជំរុញ​ពលរដ្ឋ​ផ្សេងទៀត ចាប់យក​របរ​ចិញ្ចឹម​ត្រី បើទោះបី​របរ​នេះ នឿយ​បន្តិច​មែន តែ​វា​បានផ្តល់​ចំណូល​ច្រើន​គួរសម និង​មិនបាច់​ចំណាកស្រុក​ទៅរក​ការងារ​ឆ្ងាយ​នោះទេ​៕         


កន្លែងធ្វើចំណីត្រីនៅបឹងសំរោង


 

Tag:
 ​របរ​ចិញ្ចឹម​ត្រី​
 ​ត្រី​ចិញ្ចឹម
© រក្សាសិទ្ធិដោយ thmeythmey.com