អន្តរជាតិ
ទោះ​មានការ​រិះគន់ លោក អា​ឡាំង ដឺ​ឡុង នៅតែ​ទទួលបាន​ពាន​កិត្តិយស Palme d'Or
20, May 2019 , 3:31 pm        
រូបភាព
លោក Alan Delon និង Anouchka Delon ដែលជាកូនស្រី​របស់ខ្លួន។ AFP
លោក Alan Delon និង Anouchka Delon ដែលជាកូនស្រី​របស់ខ្លួន។ AFP
ដោយ:
​តារា​សម្តែង​ជើងចាស់​បារាំង លោក អា​ឡាំង ដឺ​ឡុង (Alain Delon) បាន​អញ្ជើញ​ទៅ​ទទួល​រង្វាន់​កិត្តិយស Palme d'Or កាលពី​ថ្ងៃអាទិត្យ ក្នុង​មហោស្រព​ភាពយន្ត Cannes ប្រចាំឆ្នាំ​២០១៩ ។ ការសម្រេច​ផ្តល់រ​ង្វាន់​កិត្តិយស​ដល់​តារា​សម្តែង​វ័យ​៨៣​ឆ្នាំ​រូបនេះ បាន​ទទួលរង​ការរិះគន់​ជាខ្លាំង ពាក់ព័ន្ធ​នឹង​មតិយោបល់​លោក​កាលពី​អតីតកាល​ចំពោះ រឿង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ការនិយាយ​មើលងាយ​មនុស្ស​ស្រី​។​

 
​ទោះបីជា​មានការ​រិះគន់ តារា​សម្តែង​ជើងចាស់ អា​ឡាំង ដឺ​ឡុង នៅតែ​អាច​ជម្នះ​ទទួលបាន​រង្វាន់​កិត្តិយស Palme d’Or ដដែល​កាលពី​ថ្ងៃទី ១៩ ឧសភា ។ ជុំវិញ​ការរិះគន់ ម្ចាស់​កម្មវិធី​មហោស្រព​ភាពយន្ត Cannes បានចេញ​មុខការ​ពារ​ការសម្រេចចិត្ត​បែបនេះ ដោយ​លើកឡើងថា លោក  អា​ឡាំង ដឺ​ឡុង  ពុំមែន​ជាតា​រា​សម្តែង​ល្អឥតខ្ចោះ​ឡើយ ប៉ុន្តែ​លោក​ត្រូវបាន​ទទួលស្គាល់​សម្រាប់​អាជីព​សម្តែង​លោក​។
 
​មហោស្រព​ភាពយន្ត Cannes របស់​បារាំង បានប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​នឹង​ផ្តល់​រង្វាន់​កិត្តិយស​ដល់​លោក អា​ឡាំង ដឺ​ឡុង សម្រាប់​អាជីព​ជា​តារា​សម្តែង ។ ភ្លាមៗ​ក្រោយ​ការប្រកាស​នេះ ព្យុះ​រិះគន់ បាន​គ្រប​ដណ្តប់​លើ​ការសម្រេចចិត្ត​នេះ ជាពិសេស​មកពី ក្រុម​អ្នក​ទាមទារ​សិទ្ធិ​សម្រាប់​ស្ត្រី​។ 


 
​តាម​ការចុះផ្សាយ​ទូរទស្សន៍​ព័ត៌មាន FRANCE 24 លោកស្រី Marion Duquesne អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​សិទ្ធិ​ស្ត្រី​របស់​បារាំង Les Effrontées  បញ្ជាក់​ឲ្យ​ដឹងថា ការផ្តល់​រង្វាន់​កិត្តិយស​ដល់​បុរស​ដែល​បាន​បញ្ចេញ​មតិយោបល់​មាន​លក្ខណៈ រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​មិន​ឲ្យ​តម្លៃ​លើ​ស្ត្រី គឺជា​ការផ្ញើ​សារ​ដ៏​អាក្រក់​មួយ​សម្រាប់​មតិសាធារណៈ​។​
 
​ក្នុង​កិច្ច​សម្ភាស​នាពេល​កន្លង​ទៅ លោក អា​ឡាំង ដឺ​ឡុង ធ្លាប់បាន​ចាត់ទុក​ខ្លួន​លោក​ថា ជា​បុរស​ដែល​ចូលចិត្ត​ប្រើ​កម្លាំងបាយ និង​បាន​សារភាព​ទៀតថា លោក​ធ្លាប់​ទះកំភ្លៀង​ស្ត្រី​ដែល​លោក​បាន​ទាក់ទង​ស្នេហា​ជាមួយ​ទៀតផង​។ លើសពីនេះ តារា​សម្តែង​ជើងចាស់​បារាំង​រូបនេះ ក៏បាន​បញ្ចេញមតិ​ប្រឆាំង​ទៅនឹង​ការទទួលស្គាល់​ភាពស្របច្បាប់​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផងដែរ​។
 
​លោក អា​ឡាំង ដឺ​ឡុង មាន​ភាពល្បីល្បាញ​ខ្លាំង​សម្រាប់​ការសម្តែង​ក្នុង​រឿង​មួយចំនួន ក្នុង​ទសវត្ស​ន៍​ឆ្នាំ​៦០ រួមមាន​ដូចជា The Leopard (១៩៦៣) Le Samouraï (១៩៦៧) និង La Piscine (១៩៦៩)៕​  


 

Tag:
 បារាំង​
  Alain Delon
  Palme d\'Or
  មហោស្រព​ភាពយន្ត Cannes
© រក្សាសិទ្ធិដោយ thmeythmey.com