កីឡាជាតិ
ជាតិ
ការពារជាតិ​បរាជ័យ​ដោយសារ​គិរីវង់ រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​បាត់​តំណែង​លេខ​១​លើកដំបូង​
20, May 2019 , 4:18 pm        
រូបភាព
លោក ភា សុភ័ក្ត្រា ចាប់ដៃជាមួយគ្រូបង្វឹកក្រុមគីរីវង់សុខសែន ក្រោយចប់ការប្រកួត
លោក ភា សុភ័ក្ត្រា ចាប់ដៃជាមួយគ្រូបង្វឹកក្រុមគីរីវង់សុខសែន ក្រោយចប់ការប្រកួត
ដោយ:
​ជំនួប​រវាង​ក្រសួងការពារជាតិ​(​ទ័ព​) ជាមួយ​គីរីវង់​សុខ​សែន​ជ័យ ត្រូវបាន​ផ្លាស់ប្តូ​រទាំង​ពេលវេលា និង​ទីលាន​ប្រកួត​។ លោក ភា សុ​ភ័​ក្ត្រា បានចាត់ទុក​បញ្ហា​នេះ​ជា​កត្តារួម​ចំណែក​ក្នុង​បរាជ័យ​របស់​ក្រុម បន្ថែម​លើ​បញ្ហា​កីឡាករ​រង​ពិន័យ​កាត​ក្រហម​។ ឆន្ទៈ និង​ការលេង​មិន​ខ្លាច​របួស​របស់​កីឡាករ​គីរីវង់ ក៏​ជា​កត្តា​រួមចំណែក​ផងដែរ​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​២ ក្រោយ​ស្មើ ២-២ ជាមួយ​ភ្ញៀវ​បឹងកេត ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​អាស៊ី​អឺរ៉ុប​ទទួលបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​។​

 
​លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រសួងការពារជាតិ​បានដាក់​បន្ទុក​ធំ​លើ​បញ្ហា​កាត​ក្រហម​របស់​ខ្សែប្រយុទ្ធ Bisan George ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រុម​រង​បរាជ័យ ៤-១ ក្រោម​ថ្មី​ជើង​គីរីវង់​សុខ​សែន​ជ័យ នា​ជំនួប​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៨ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​រង​ពិន័យ​កាត​ក្រហម​នៅ​តង់​ទី​២ ក្រោយ​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​ក្នុង​ទំនាស់​ជាមួយ​កីឡាករ​គីរីវង់​សុខ​សែន​ជ័យ​។ ខណៈ​ពេលនោះ​ក្រុម​គីរីវង់​បាន​នាំ​ទ័ព​ក្នុង​លទ្ធផល ២-១​។  


 
​គ្រូបង្វឹក​រូបនេះ បានចាត់ទុក​ការផ្លាស់ប្តូរ​ម៉ោង​ប្រកួត ក៏​រួមចំណែក​ក្នុង​បរាជ័យ​នេះ​ផងដែរ​។ សម្រាប់​ការប្រកួត​រវាង​ក្រុម​ក្រសួងការពារជាតិ​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ ដែល​គ្រោង​ធ្វើ​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល បាន​ផ្លាស់​ទៅលេង​នៅ​ម៉ោង​៧​យប់​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​។   
 
«​ការប្រកួត​នេះ​យើង​ប្រើ​កម្លាំង​ខុស​ប្រក្រតី មានន័យថា ការ​ផ្គត់​ផ្គត់​អាហារសម្រន់​ដល់​កីឡាករ យើង​ធ្វើ​មិនបាន​ល្អ យើង​បាន​ផ្គត់ផ្គង់​ដែរ តែ​មិនបាន​គ្រប់លក្ខណៈ​ដោយសារ​យើង​មិន​ត្រៀម​ទុក​មុន​ឲ្យ​បាន​គ្រប់គ្រាន់​។ តួយ៉ាង​យើង​ញ៉ាំ​អាហារ​ថ្ងៃត្រង់​តាំងពី​ម៉ោង​១១​ព្រឹក ដើម្បី​ត្រៀម​លេង​នៅ​ម៉ោង​៣​កន្លះ ប៉ុន្តែ​អ្វីៗ​ប្រែប្រួល​ទៅលេង​នៅ​ម៉ោង​៧​យប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​បាត់បង់​កម្លាំង​កាយសម្បទា​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ភា សុ​ភ័​ក្ត្រា​។​
 
​ជាមួយនឹង​ការលើក​ពី​បញ្ហា​ប្រឈម លោក ភា សុ​ភ័​ក្ត្រា បាន​សរសើរ​ពី​សមត្ថភាព​របស់​កីឡាករ​ថា ពួកគេ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ប្រកួត ដោយ​មិន​ខ្លាច​ប្រឈម​នឹង​បញ្ហា​របួស​។ ជាមួយគ្នានេះ លោក​បានបង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ​កីឡាករ​ខ្លួន ដែល​ធ្វើ​ឲ្យ​ខកខាន​ឱកាស​មាស​នៅ​២០​នាទី​ដំបូង​នៃ​តង់​ទី​១​។ 
 
​ក្រោយ​ការខកខាន​ឱកាសរ​បស់ទ័ព កីឡាករ Silva Santos សម្រេចបាន​មួយគ្រា​ប់ ក្រោយ​ការលើក​ចេញពី​ជ្រុង​របស់​កីឡាករ ដើម្បី​ជួយ​ឲ្យ​គីរីវង់​នាំមុខ ១-0 នៅ​នាទី​ទី​៣២ មុន​កីឡាករ Reiya Konishita សម្រេច​១​គ្រាប់​បន្ថែម​នៅ​នាទី​ទី​៥២​។ ៥​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ Bisan George បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​តាម​ពីក្រោយ ២-១ សម្រាប់​ក្រសួងការពារជាតិ មុន​រូបគេ​ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​។ កីឡាករ ដាវ នី​ម និង Reiya Konishita បាន​បន្ថែម​ម្នាក់​១​គ្រាប់​ជា​បន្តបន្ទាប់ ដើម្បី​នាំ​ជ័យជម្នះ ៤-១ សម្រាប់​គីរីវង់​សុខ​សែន​ជ័យ​។ 


 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង មិនអាច​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​ភ្ញៀវ​បឹងកេត ដើម្បី​បន្ត​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​៨​បានឡើយ​។ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ដោយ​ខ្សែប្រយុទ្ធ Purcino Luiz Eduardo និង​កីឡាករ ឃួន ឡា​បូ​រ៉ាវី ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​បឹងកេត ខណៈ​ខ្សែប្រយុទ្ធ Jean Marie Privat និង Charles William ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ម្ចាស់ផ្ទះ​ស្វាយរៀង​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ធ្លាក់​ពី​កំពូល​តារាង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​២​មាន​២០​ពិន្ទុ ក្រោម​ណាហ្គា​វើ​ល ដែល​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤-0 មួយ​ពិន្ទុ​។ ចំណែក​បឹងកេត​ឈរ​លេខ​៦​មាន​១៤​ពិន្ទុ​។ 
 
​ចំណែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ១-០ ដែល​សម្រេច​ដោយ​កីឡាករ Booysen Shane​។ ការប្រកួត​នៅ​កីឡដ្ឋាន​អេ អ៊ី យូ ស្ព​ត​ផាក ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​បាន​លត់​កំពង់ចាម​ក្នុង​លទ្ធផល ៥-០ ដោយ​កីឡាករ Ajayi Opeyeni Korede សម្រេចបាន​៤​គ្រាប់ និង​រួមចំណែក​១​គ្រាប់​ដោយ​កីឡាករ Mitani Joshua៕  
 

Tag:
 Cambodia League 2019
  ភា សុ​ភ័​ក្ត្រា​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com