ពីនេះ ពីនោះ
រឿង​សំរាម​៖ អ្នក​ស្រឡាញ់​រថយន្ត​អ្នក តែ​ខ្ញុំ​ស្រឡាញ់​«​មាតុភូមិ​»​ខ្ញុំ​!
08, Mar 2020 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​ចោល​សំរាម​រញ៉េរញ៉ៃ គឺជា​ប្រធានបទ​ដែល​ជជែក​គ្នា​មិនចេះចប់ មិនចេះហើយ​នៅក្នុង​សង្គម​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ជជែក​ចេះតែ​ជជែក រីឯ​សំរាម​នៅតែមាន​ដដែល​។ ខាងក្រោម​នេះ គឺជា​គំនិត​រវាង​អ្នក​ស្រឡាញ់​រថយន្ត និង​អ្នក​ស្រឡាញ់​«​មាតុភូមិ​»​។


 
​ខ្ញុំ​ស្រឡាញ់​រថយន្ត​ខ្ញុំ​

​ទើប​ទិញ​រថយន្ត​ថ្មីស្រឡាង តម្លៃ​ថ្លៃ​ជាង​គេហដ្ឋាន​ធម្មតា​ទៅទៀត​។ ជិះ​ទៅណា​មក​ណា ខ្ញុំ​មិន​ហ៊ាន​ទុក​វា​ចោល​ទេ ខ្លាច​គេ​ឆូត ខ្លាច​គេ​លួច ខ្លាច​គេ​បំផ្លាញ​។​ល​។ ខ្ញុំ​តែងតែមាន​តៃកុង​បើក ហើយ​តៃកុង​ខ្ញុំ​មាន​តួនាទី​ថែរក្សា ការពារ​ឡាន​របស់ខ្ញុំ​។ ខ្ញុំ​ស្រឡាញ់​ឡាន​ខ្ញុំ​ណាស់ ស្រឡាញ់​រហូតដល់​ពេល​ខ្លះ ខ្ញុំ​ភ្លេច​ខ្លួនឯង ឬ​អ្នកជិះ​ក្នុង​ឡាន​ជាមួយ​ខ្ញុំ ភ្លេចខ្លួន​ដែរ ក៏​បើកទ្វារ​ឡាន​បោះ ឬ​ចោល​សំរាម​តាម​កញ្ចក់​ទៅលើ​ទីសាធារណៈ​។ 
 
​ខ្ញុំ​ស្រឡាញ់​«​មាតុភូមិ​»​ខ្ញុំ 
 
​ក្រោយ​ចោល​សំរាម​ហើយ​។ អ្នកដំណើរ​ក្បែរ​នោះ ក៏​និយាយ​ក្នុង​ចិត្ត​ថា​៖«​ខ្ញុំ​ស្រឡាញ់​[​មាតុភូមិ​]​ខ្ញុំ​ដែរ​»​។ លោក​ស្រឡាញ់​ឡាន​របស់លោក លោក​មិន​ចង់​ឲ្យ​ឡាន​របស់លោក​គគ្រិច តែ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​«​មាតុភូមិ​»​របស់ខ្ញុំ​គគ្រិច​ដែរ​។​«​មាតុភូមិ​»​ខ្ញុំ មានតម្លៃ​ថ្លៃ​ជាង​ឡាន​របស់លោក​ទៅទៀត​។ បុរស​អ្នកដំណើរ ដើរ​បណ្តើរ ហួសចិត្ត​បណ្តើរ និង​គ្រវី​តែ​ក្បាល​ដោយ​គ្មាន​ស្រដី​បន្ត​ទៀតឡើយ​។ 
 
​បី​ឆ្នាំ​ក្រោយមក ម្ចាស់​ឡាន​ដដែល ក៏មាន​ឱកាស​ធ្វើដំណើរ​តាមផ្លូវ​ដដែល​ម្តងទៀត​។ ធ្វើដំណើរ​មកដល់​កន្លែង​ចាស់ ក៏​គាត់​ប្រទះឃើញ​ថង់​បា្ល​ស្ទិ​ក​យ៉ាងច្រើន​នៅ​រតាត់រតាយ ពាសវាល​ពាសកាល ពេញ​តែ​ផ្លូវ និង​ទីធ្លា​។ ឃើញ​ដូច្នេះ ម្ចាស់​រថយន្ត​មាន​វិប្បដិសារី​ខ្លួនឯង​យ៉ាងខ្លាំង ព្រោះ​សម្រស់​«​មាតុភូមិ​»​ត្រូវបាន​បំផ្លាញ​ដោយ​សំរាម​។ 
​អ្នក​ស្រឡាញ់​រថយន្ត​អ្នក តែ​ខ្ញុំ​ស្រឡាញ់​«​មាតុភូមិ​»​ខ្ញុំ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com