អន្តរជាតិ
ឥណ្ឌូណេស៊ី ប្រមូល​កម្លាំង​សន្តិសុខ​ត្រៀម​ការប្រកាស​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​
20, May 2019 , 9:39 pm        
រូបភាព
រួបភាព The Jakarta Post
រួបភាព The Jakarta Post
​ឥណ្ឌូណេស៊ី បាន​ប្រមូល​កម្លាំង​ប៉ូលិស​ជាច្រើន​មកកាន់​រដ្ឋធានី​ហ្សា​ការ​តា ដើម្បី​ត្រៀម​រក្សា​សន្តិសុខ​អំឡុងពេល​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​២២ ខែឧសភា​ខាងមុខ​។ សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង ដើម្បី​បង្ការ​ការវាយប្រហារ​ភេរវកម្ម​ណាមួយ ខណៈ​អ្នកគាំទ្រ​របស់លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ដែល​បាន​ចាញ់​លោក ចូ​កូ វី​ដូ​ដូ ក្នុងការ​រាប់​សន្លឹកឆ្នោត​មិន​ផ្លូវការ គំរាម​ធ្វើបាតុកម្ម​។​

 
​នៅ​ថ្ងៃទី​២២ ខែឧសភា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឥណ្ឌូណេស៊ី នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​គេ​រំពឹងថា ជ័យជម្នះ​នឹង​បាន​ទៅលើ​ប្រធានាធិបតី​បច្ចុប្បន្ន ចូ​កូ វី​ដូ​ដូ ដើម្បី​បន្ត​ដឹកនាំ​ឥណ្ឌូណេស៊ី​៥​ឆ្នាំ​ទៀត​។ លទ្ធផល​មិន​ផ្លូវការ​បង្ហាញថា លោក វី​ដូ​ដូ បាន​ផ្ដួល​គូប្រជែង​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ រួចជាស្រេច​។ ប៉ុន្តែ​អ្នកគាំទ្រ​លោក សូ​ប៊ីយ៉ា​ន់​តូ ប្រកាស​ធ្វើបាតុកម្ម បើ​លទ្ធផល​ផ្លូវការ​ដូច​លទ្ធផល​មិន​ផ្លូវការ​មែន​នោះ​។​
 
​បើតាម​កាសែត​ឥណ្ឌូណេស៊ី The Jakarta Post កម្លាំង​សន្តិសុខ​ប្រមាណ​៣២០០០​នាក់ នឹងត្រូវ​ពង្រាយ​នៅ​ទូទាំង​រដ្ឋធានី​ហ្សា​ការ​តា​ដើម្បី​ទប់ស្កាត់​ចលាចល​ដែល​អាច​កើតឡើង​អំឡុង​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ ពិសេស​ការត្រៀម​បង្ការ​អំពើ​ភេរវកម្ម​។ ប៉ូលិស​ឥណ្ឌូណេស៊ី ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​រប​ស់​អ្នកគាំទ្រ​លោក សូ​ប៊ីយ៉ា​ន់​តូ ។ ក្រុម​អ្នកគាំទ្រ​អតីត​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ជឿថា លោក សូ​ប៊ីយ៉ា​ន់​តូ ជា​អ្នកឈ្នះ​មិនមែន​លោក វី​ដូ​ដូ ឡើយ​។​
 
​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី បាន​ប្រមូល​កម្លាំង​បន្ថែម​ពី​តំបន់​ដែល​នៅ​ជិត​ទីក្រុង​ហ្សា​ការ​តា​ដើម្បី​រក្សា​សន្តិសុខ និង​ការពារ​ការប៉ុនប៉ង​បង្ក​អំពើហិង្សា​ណាមួយ​។ កម្លាំង​ប៉ូលិស​៣០០​នាក់ ត្រូវបាន​ប្រមូល​ពី​កោះ Riau កាលពី​ចុង​សប្ដាហ៍​មុន ដើម្បី​ទៅ​ជួយ​ប៉ូលិស​នៅ​រដ្ឋធានី ហើយ​ពួក​គេង​នឹង​បន្ត​ពង្រាយ​រហូតដល់​ទៅ​ថ្ងៃទី​២៣ ខែឧសភា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មេ​ប៉ូលិស​របស់​កោះ​នេះ ឧ​ត្ត​ម​សេនីយ៍ Andap Budhi Revianto ។​
 
​ចំណែក​ប៉ូលិស​ចំនួន​៧០០​នាក់​ទៀត ត្រូវបាន​ដឹកជញ្ជូន​ពី​ខេត្ត East Nusa Tenggara ដែល​នៅ​ចុង​បំផុត​របស់​ឥណ្ឌូណេស៊ី​។ ស្នងការ​ប៉ូលិស​ប្រចាំខេត្ត​នេះ បានដាក់​បញ្ជា​ឲ្យ​ប៉ូលិស​ទាំងអស់ ចៀសវាង​ការប្រើ​កម្លាំង​លើ​បាតុករ និង​មិន​ត្រូវធ្វើ​សកម្មភាព​អ្វីដែល​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន និង​កម្លាំង​ផ្សេង​ទៀតឡើយ​។ កម្លាំង​ដែល​ត្រូវ​ពង្រាយ​ដើម្បី​រក្សា​សន្តិសុខ​នោះ នឹងមិន​ត្រូវបាន​បំពាក់អាវុធ​ពិត​ឡើយ ក្រៅពី​ខែល​ការពារ ដំបង ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់​ទឹក​ប៉ុណ្ណោះ​។​
 
​ងាក​មក​រឿង​លទ្ធផល​វិញ គេ​ជឿថា លោក វី​ដូ​ដូ នឹង​នៅតែ​ឈ្នះ​លោក សូ​ប៊ីយ៉ា​ន់​តូ ដដែល​។ ភ្លាមៗ​ក្រោយ​ការបោះឆ្នោត​រួចរាល់ និង​ការរាប់​សន្លឹកឆ្នោត​ភ្លាមៗ លោក វី​ដូ​ដូ បានប្រកាស​ពី​ជ័យជម្នះ​រួចស្រេច​ទៅហើយ ស្របពេល​ដែល​លោក សូ​ប៊ីយ៉ា​ន់​តូ ប្រកាស​ឈ្នះ​ដូចគ្នា​។ ប៉ុន្តែ​សារ​អបអរសាទរ​ពី​មេដឹកនាំ​បរទេស​ជាច្រើន បាន​ទៅ​ដល់ដៃ​លោក វី​ដូ​ដូ ជាស្រេច​ដែរ​។ 

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com