អន្តរជាតិ
Google ដកហូត​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ប្រតិបត្តិការ Android ពី​ក្រុមហ៊ុន​ទូរ​សព្ទ Huawei
20, May 2019 , 10:19 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Google បាន​កាត់ផ្តាច់​អាជីវកម្ម​មួយចំនួន ជាមួយ​ក្រុមហ៊ុន​ទូរ​សព្ទ​ចិន Huawei ជាពិសេស ផ្នែក​នៃ​ការដំឡើង​កម្មវិធី​សំខាន់​មួយចំនួន​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ ការ​កាត់ផ្តាច់​នេះ បាន​ធ្វើឡើង​ក្រោយពី​មាន​បទបញ្ជា​ពី​រដ្ឋបាល​អាមេរិក​ដាក់​ក្រុមហ៊ុន​ចិន​នេះ​ក្នុង​បញ្ជីខ្មៅ​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​១៩ ខែឧសភា ក្រុមហ៊ុន Google បញ្ជាក់​ឲ្យ​ដឹងថា​៖«​យើង​កំពុង​អនុលោម​តាម​បទបញ្ជា និង​ពិនិត្យមើល​លើ​ការអនុវត្ត​។ សម្រាប់​អ្នកប្រើប្រាស់​សេវាកម្ម​របស់​យើង Google Play និង Google Play Protect នឹង​បន្ត​ដំណើរការ​លើ​ទូរ​សព្ទ Huawei ដែលមាន​សេវាកម្ម​ទាំងនេះ​ស្រាប់​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការផ្អាក​នេះ អាច​បង្ក​ផលប៉ះពាល់​ដល់​អាជីវកម្ម​ទូរ​សព្ទ​របស់​ក្រុមហ៊ុន​ចិន Huawei នៅក្រៅ​ប្រទេស​ចិន ជាពិសេស​ក្នុង​ទីផ្សារ​អឺរ៉ុប ព្រោះថា ក្រុមហ៊ុន​នេះ នឹង​បាត់បង់​សិទ្ធិ​ចូលទៅ​កាន់ការ​ដំឡើង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ភ្លាមៗ​តែម្តង​។ និយាយ​ឲ្យ​ចំ អនាគត​នៃ​ទូរ​សព្ទ​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​ចិន Huawei ជំនាន់​ថ្មី ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android នឹង​បាត់បង់​សេវាកម្ម​ពេញនិយម​មួយចំនួន រួមមាន Google Play Store, Gmail, Chrome browser​និង YouTube ជាដើម​។​
 
​យ៉ាងណាមិញ ទូរ​សព្ទ Huawei ប្រភេទ​ថ្មី នឹង​បង្ខំចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Andriod ប្រភេទ Public Version តាមរយៈ​អាជ្ញា​បណ្ណ Open Source ដែល​ស្គាល់​ថា Android Open Source Project (AOSP) ។  ប្រព័ន្ធ​ប្រតិបត្តិការ​នេះ បើក​ឲ្យ​គ្រប់គ្នា​ប្រើប្រាស់​ដោយ​សេរី ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Google បញ្ជាក់​ឲ្យ​ដឹងថា ទូរ​សព្ទ​ប្រមាណ ២,៥​ពាន់​លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក កំពុង​ប្រើប្រាស់​សេវា​កម្មនេះ​។ 
 
​សូមបញ្ជាក់ថា រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​១៦ ខែឧសភា បានដាក់​បញ្ចូល​ក្រុមហ៊ុន Huawei Technologies Co Ltd របស់​ចិន ក្នុង​បញ្ជីខ្មៅ ដែល​រឹត​ត្បឹ​ត​លើ​ការធ្វើ​ជំនួញ​រវាង​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ជាមួយ​ក្រុមហ៊ុន​យក្ស​ចិន​នេះ​។ កន្លងទៅ ភ្នាក់ងារ​រដ្ឋាភិបាល​ស​ហ​ព័ទ្ធ​អាមេរិក ក៏ត្រូវ​បានដាក់​បម្រាម​ទិញ​សម្ភារ​បច្ចេកវិទ្យា​នានា​ពី​ក្រុមហ៊ុន Huawei ផងដែរ​៕
 

Tag:
 Google
  ប្រព័ន្ធ​ប្រតិបត្តិការ Android
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com