អន្តរជាតិ
ផ្លែឈើ​ទាំង​៥​ប្រភេទ​ដែល​មនុស្ស​បរិភោគ​ច្រើនជាងគេ​លើ​លោក​
20, May 2019 , 10:59 pm        
រូបភាព
​ផ្លែឈើ គឺជា​ប្រភព​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​រាងកាយ​ពិបាក​នឹងខ្វះ​បាន​។ វា​មាន​នាទី​សំខាន់ៗ​យ៉ាងច្រើន តាំងពី​ការលូតលាស់​នៃ​ខ្លួនប្រាណ​មនុស្ស និង​ការការពារ​ពី​ជំងឺ​ផ្សេងៗ​។ បរិមាណ​ផ្លៃ​ឈើ​បាន​កើតឡើង​យ៉ាង​រហ័ស​ជា​រៀងរាល់ឆ្នាំ ហើយ​ភាព​ពេញនិយម​នៃ​ផ្លែឈើ​មាន​ទម្រង់​ខុសៗ​គ្នា​ទៅតាម​ភូមិសាស្ត្រ វប្បធម៌ និង​ជាតិ​សាសន៍​នីមួយៗ​។ ទោះបីជា​យ៉ាងនេះ​មែន តើ​ផ្លែឈើ​អ្វីដែល​មនុស្ស​បរិភោគ​ច្រើនជាងគេ​ក្នុង​ពិភពលោក​?

 
​នេះ​ជាការ​បកស្រាយ​បែប​សង្ខេប​ខ្លី ពី​គេហទំព័រ worldatlas.com ៖ 
 
​ទីមួយ​៖ ប៉េងប៉ោះ 
 
​អ្នក​អាច មាន​ចម្ងល់​ថា មូលហេតុ​អ្វី​បានជា​ប៉េងប៉ោះ​ជា​ផ្លែឈើ​ទៅវិញ​? នៅ​ក្នុងន័យ​វប្បធម៌​នៃ​ការ​ចម្អិនម្ហូប​របស់​ជាតិ​សាសន៍​ជាច្រើន គេ​សន្ម​ត់​ថា ប៉េងប៉ោះ គឺជា​ក្រុម​បន្លែ​ជាជាង​ផ្លែឈើ​។ ប៉ុន្តែ​នៅក្នុង​ន័យ​បែប​វិទ្យាសាស្ត្រ​ដែល​សិក្សា​អំពី​រុក្ខជាតិ (Botany) ប៉េងប៉ោះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្រុម​ផ្លែឈើ​ទៅវិញ​ទេ​។ ក្នុង​មួយឆ្នាំៗ ជិត ១៧១​លាន​តោន ត្រូវបាន​ដាំ​ដុះ​ជុំវិញ​ពិភពលោក​។ គេ​ចម្អិន​វា​ជាមួយនឹង​មុខម្ហូប​ជាច្រើន​ប្រភេទ និង​មួយចំណែក​ទៀត គេ​ចម្រាញ់​វា​ឲ្យ​ទៅជា​ទឹកជ្រលក់​រសជាតិ​ប៉េងប៉ោះ​។ 
 
​ទី​ពីរ​៖ ចេក​
 
​ផ្លែឈើ​មួយ​ប្រភេទ​នេះ ត្រូវបាន​គេ​ដាំ​ដុះ​ដល់​ទៅ ១១៤​លាន​តោន​ក្នុង​មួយឆ្នាំៗ​។ ភាគច្រើន វា​ងាយស្រួល​លូតលាស់​នៅតាម​តំបន់​ត្រូពិច ងាយស្រួល​ទទួលផល និង​សម្បូរ​ទៅដោយ​សារធាតុ​ល្អៗ​ច្រើន​សម្រាប់​ខ្លួនប្រាណ​។ 
 
​ទី​បី​៖ ឳ​ឡឹ​ក 
 
ឪឡឹក ១១១​លាន​តោន ត្រូវបាន​គេ​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ​។ វា​អាច​រស់នៅក្នុង​តំបន់​ក្តៅ​បានល្អ​ជាង​ផ្លែឈើ​ដទៃ ហើយ​មិន​ត្រូវការ​កម្លាំង​មនុស្ស​មើលថែរ​ខ្លាំង​។ 
 
​ទី​បួន​៖ ប៉ោម 
 
​ទោះបីជា​ផ្លែឈើ​នេះ អាច​ដាំ​ដុះ​បានតែ​នៅ​តំបន់​មួយចំនួន​មែន​ក្តី តែ​ប្រទេស​ដូចជា សហរដ្ឋអាមេរិក ចិន តួ​ក​គី​ជាដើម បាន​នាំចេញ​ផលិតផល​របស់ខ្លួន​ទៅកាន់​ប្រទេស​ជាច្រើន​ទៀត​។ ក្នុង​មួយឆ្នាំៗ ជិត​៨៥​លាន​តោន​ត្រូវបាន​ផលិត​។ 
 
​ទី​ប្រាំ​៖ ក្រូច​ក្រហម 
 
​ជិត​៨៤​លាន​តោន ត្រូវបាន​ដាំ​ដុះ​ជា​រៀងរាល់ឆ្នាំ​។ ដោយសារតែ​វីតាមីន​សេ ក្រូច​ក្រហម​គឺជា​ផ្លែឈើ​ទី​ប្រាំ​ដែល​ពេញនិយម​ហូប​ដោយ​មនុស្ស​ជាងគេ​។ អាស៊ី​គឺជា​ទ្វីប​ដែល​ដាំ​ដុះ​ផ្លែឈើ​បាន​ច្រើនជាងគេ ប្រមាណ​៣៧០​លាន​តោន​មួយឆ្នាំៗ​។ អាហ្វ្រិក ៩០​លាន​តោន អាមេរិក​ខាងត្បូង ៧៩​លាន​តោន និង​អឺរ៉ុប​៧៣​លាន​តោន ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com