កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
អតីតអត្តពលិក Usain Bolt ក្លាយជាអ្នកជំនួញរថយន្តអគ្គិសនីតម្លៃមួយម៉ឺនដុល្លារ
× ក្រុមហ៊ុន Start-up អាមេរិកមួយ ឈ្មោះថា Bolt Mobility ដែលមានអតីតអត្តពលិក Usain Bolt ជាសហស្ថាបនិក បានដាក់បង្ហាញរថយន្តអគ្គិសនីពីរកៅអីមួយប្រភេទ នៅក្នុងពិពណ៌បច្ចេកវិទ្យានាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីសប្តាហ៍មុន។ ជាមួយរាងដ៏តូចច្រឡឹង រថយន្តនេះ ដាក់លក់ក្នុងតម្លៃ ១ម៉ឹនដុល្លារ។
មានឈ្មោះហៅថា B-Nano រថយន្តអគ្គិសនីនេះ ប្រើប្រាស់បច្ចេកវិទ្យាអាគុយ ដែលអាចផ្លាស់ប្តូរបាន ដែលស្រដៀងទៅនឹងបច្ចេកវិទ្យារបស់ក្រុមហ៊ុនម៉ូតូអាគុយតៃវ៉ាន់ ឈ្មោះថា Gogoro ។ សម្រាប់បច្ចេកវិទ្យាបែបនេះ អ្នកបើកបររថយន្តនេះ ពុំចាំបាច់ត្រូវអាក់ខានការធ្វើដំណើរ ដោយតម្រូវឲ្យឈប់ និងសាកថាមពលអាគុយនោះឡើយ។
ជាមួយគ្នានេះ រថយន្តអគ្គិសនីដ៏តូចមួយនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់ការបើកបរក្នុងរយៈចម្ងាយខ្លី ក្នុងតំបន់ទីប្រជុំជន។ ដ្បិតមានរាងតូចល្មម រថយន្តនេះ មានភាពងាយស្រួលក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍។
តាមការចុះផ្សាយរបស់ទូរទស្សន៍ Bloomberg រថយន្តអគ្គិសនីតម្លៃត្រឹម១ម៉ឹនដុល្លារនេះ ត្រូវបានដាក់ឲ្យអតិថិជនកម្ម៉ង់ទិញទុកមុនតាមរយៈអនឡាញ ជាមួយលុយកក់ ១ពាន់ដុល្លារ។ ហើយ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក ដែលមានលោក Usain Bolt ជាសហស្ថាបនិកនេះ ក៏មានគម្រោងចាប់ផ្តើមដឹកជញ្ជូនរថយន្តពីរកៅអី B-Nano នេះ នាចុងឆ្នាំ២០២០ខាងមុខ ផងដែរ។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ខាងលើនេះ អតីតអត្តពលិករត់ប្រណាំងអូឡាំពិក លោក Usain Bolt មកពីប្រទេស ហ្សាម៉ាអ៊ីក លើកឡើងថា នេះគឺជាការវិនិយោគលើកទីមួយបង្អស់របស់លោក ហើយលោកប្តេជ្ញាបោះជំហានទៅមុខបន្តទៀត។ លោក បន្ថែមថា៖«បច្ចេកវិទ្យា គឺជាអនាគត។ វាជាផ្នែកមួយនៃការផ្លាស់ប្តូរពិភពលោក»៕
Tag:
Usain Bolt
Bolt Mobility
រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com