អន្តរជាតិ
ប្រមុខ UN ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ មុន​បណ្តា​រដ្ឋ​កោះ​លិច​ក្រោម​សមុទ្រ​
21, May 2019 , 8:39 am        
រូបភាព
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres បាន​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​បញ្ហា​ចម្បង​មួយចំនួន​ដែល​អាច​បណ្តាល​ឲ្យ​រដ្ឋ​កោះ​ប៉ាស៊ីហ្វិក​ត្រូវ​ប្រឈម​នាពេលខាងមុខ រាប់បញ្ចូល​ទាំង​ការលិចលង់​ទៅ​ក្រោម​ទឹកសមុទ្រ ប្រសិនបើ​ពិភពលោក មិន​អើពើ​ចូលរួម​ជួយ​ទប់ស្កាត់ និង​មាន​វិធាន​ការរួម​គា្ន​។

 
​តាមរយៈ​វេទិកា​ប៉ាស៊ីហ្វិក​នៅ​រដ្ឋ​កោះ​ហ្វី​ជី​ថ្ងៃ​១៤ ឧសភា លោក​អគ្គលេខាធិការ António Guterres បាន​លើកឡើងថា បញ្ហា​ចម្បង​សំខាន់​ពីរ​រួមមាន​បម្រែបម្រួល​អាកាសធាតុ និង​ការឡើង​កម្ពស់​ទឹកសមុទ្រ កំពុងតែ​គំរាមកំហែង​ដល់​រដ្ឋ​កោះ​ដែលមាន​ភូមិសាស្ត្រ​ទំនាប​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​។ 
 
​លោក​អគ្គលេខាធិកា បាន​គូសបញ្ជាក់ថា កាលពី​បួន​ឆ្នាំមុន ពិភពលោក បាន​ជួបនឹង​ការលើក​កំដៅ​ក្តៅ​បំផុត ហើយ​បច្ចុប្បន្ន ទឹកកក​នៅ​តំបន់ Greenland និង Antarctica កំពុងតែ​បាត់បង់ ពោលគឺ​កំពុងតែ​រលាយ និង​បង្ក​ជា​ការឡើង​កម្ពស់​ទឹកសមុទ្រ​កាន់តែខ្លាំង​។​
 
​ជា​លទ្ធផល​នៃ​ផលប៉ះពាល់ លោក​អគ្គលេខាធិការ បាន​លើក​ពី​ករណី​នៅក្នុង​ប៉ាស៊ីហ្វិក​តែម្តង ដោយ​ក្នុងនោះ លោក អះអាងថា កម្រិត​ទឹកសមុទ្រ ត្រូវបាន​ជឿជាក់ថា​នឹង​ឡើង​លើស​បួន​ដង បើ​ធៀប​នឹង​កម្រិត​ម​ទឹកសមុទ្រ​ជា​មធ្យម​សកល​។ ចំណុច​នេះហើយ លោក មានការ​ព្រួយបារម្ភ​ថា រដ្ឋ​កោះ​ប៉ាស៊ីហ្វិក​មួយចំនួន រង​ការគំរាមកំហែង​ពី​ការលិចលង់​ទៅ​ក្រោម​ទឹកសមុទ្រ​បាន​។​
 
​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ ក៏បាន​រម្លឹក​ពី​គ្រោះធម្មជាតិ​ក្នុង​ឆ្នាំ​២០១៦ ដែលមាន​ប្រជាជន​ប្រមាណ ២៤ លាន​នាក់ នៅក្នុង​ប្រទេស និង​អធិបតេយ្យ​១១៨ បាន​ភៀសខ្លួន ដែល​ត្រង់ចំណុច​នេះហើយ លោក បាន​ប្រាប់​ដល់​មេដឹកនាំ​ប៉ាស៊ីហ្វិក ថា កោះ និង​សហគមន៍​របស់​ពួកគេ កំពុងតែ​ស្ថិតនៅក្នុង​បញ្ហា​អាទិភាព​នៃ​ដំណើរ​ការចរចា​បញ្ហា​អាកាសធាតុ​។​
 
​ជាមួយគ្នានេះ លោក​អគ្គលេខាធិការ ក៏បាន​ទាញ​ឲ្យ​សហគមន៍​អន្តរជាតិ​ឲ្យ​ចាប់អារម្មណ៍​ថា​៖«​យើង​មិនទាន់​ទទួលបាន​ជ័យជម្នះ​នៅក្នុង​សមរភូមិ​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅឡើយ​នោះទេ ហើយ​យើង ក៏​មិនទាន់​ទទួលបាន​ជ័យជម្នះ​សមរភូមិ​លើ​បញ្ហា​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​ផងដែរ​»​។ តាមរយៈ​សារ​នេះ រពឹង​ថា ជំនួប​កំពូល​នៅ​ខែកញ្ញា​ខាងមុខ នឹង​អាច​ទទួលបាន​ការគាំទ្រ​នយោបាយ​ពី​បណ្តា​មេដឹកនាំ​ពិភពលោក​បន្ថែម​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ 
 
​លោក​អគ្គលេខាធិការ បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​បម្រែបម្រួល​អាកាស ដោយ​លោក អះអាងថា បញ្ហា​នេះ  មិនមែន​ប៉ះពាល់​តែ​បណ្តា​ប្រទេស​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​សូម្បីតែ​ប្រទេស​អភិវឌ្ឍ​លើ​ពិភពលោក ក៏​នឹងត្រូវ​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ បើ​មិនមាន​ដំណោះស្រាយ​រួម​ទាន់​ពេលនោះ​៕ 
 

Tag:
 ប៉ាស៊ីហ្វិក​
  បម្រែបម្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com