បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​៖ លោក វី​ដូ​ដូ ឈ្នះឆ្នោត​ដើម្បី​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៀត​
អន្តរជាតិ
បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​៖ លោក វី​ដូ​ដូ ឈ្នះឆ្នោត​ដើម្បី​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៀត​
21, May 2019 , 9:09 am        
រូបភាព
លោក ចូកូ វីដូដូ (ឆ្វេង) បន្តដឹកនាំឥណ្ឌូណេស៊ី៥ឆ្នាំទៀត និងលោក Maruf Amin (ស្ដាំ) អនុប្រធានាធិបតីថ្មី។ រូបភាព AFP
លោក ចូកូ វីដូដូ (ឆ្វេង) បន្តដឹកនាំឥណ្ឌូណេស៊ី៥ឆ្នាំទៀត និងលោក Maruf Amin (ស្ដាំ) អនុប្រធានាធិបតីថ្មី។ រូបភាព AFP
​ទីបំផុត លោក ចូ​កូ វី​ដូ​ដូ នៅតែ​អាច​ផ្ដួល​គូប្រជែង ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ដដែល ហើយ​បន្ត​ដឹកនាំ​ឥណ្ឌូណេស៊ី​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​។ ក្នុង​លទ្ធផល​ផ្លូវ​ការដែល​ប្រកាស​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២១ ខែឧសភា សំឡេងឆ្នោត​លោក វី​ដូ​ដូ នាំមុខ​សំឡេងឆ្នោត​លោក សូ​ប៊ីយ៉ា​ន់​តូ ក្នុង​គម្លាត​ដល់​ទៅ​១១​ភាគរយ​ឯណោះ​។ យ៉ាងណាមិញ លោក សូ​ប៊ីយ៉ា​ន់ បាន​បដិសេធ​បរាជ័យ​នេះ និង​ត្រៀម​តវ៉ា​លទ្ធផល​ផង ព្រោះ​លោក​ក៏​អះអាង​ពី​ជ័យជម្នះ​របស់ខ្លួន​ដែរ​។​

 
​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ត្រូវបាន​ប្រកាស​មុន​កាលបរិច្ឆេទ​កំណត់​មួយថ្ងៃ ប៉ុន្តែ​លទ្ធផល​មិន​ប្រែប្រួល​ឡើយ​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឥណ្ឌូណេស៊ី​ប្រកាសថា លោក ចូ​កូ វី​ដូ​ដូ ទទួលបាន​ការគាំទ្រ​ចំនួន​៥៥,៥​ភាគរយ ផ្ដួល​គូប្រជែង​ស្រួចស្រាល់​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ដែល​ទទួលបាន​ការគាំទ្រ​ចំនួន​៤៤,៥​ភាគរយ​ប៉ុណ្ណោះ​។ លោក វី​ដូ​ដូ នឹង​បន្ត​ដឹកនាំ​ឥណ្ឌូណេស៊ី​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​។​
 
​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឥណ្ឌូណេស៊ី មិនបាន​បញ្ជាក់​ហេតុផល​ពី​ការប្រកាស​លទ្ធផល​មុន​ថ្ងៃ​កំណត់​ឡើយ ប៉ុន្តែ​ការបញ្ចៀស​បាតុកម្ម និង​អំពើហិង្សា​អាចជា​មូលហេតុ​សំខាន់​។ បព្វជិត​សាសនា Ma'ruf Amin ដែលជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់លោក វី​ដូ​ដូ នោះ ក៏​ជាប់ឆ្នោត​ដែរ​។ ក្នុងការ​ប្រកាស​ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​នៅ​ថ្ងៃទី​២១ ខែឧសភា ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត Arief Budiman បញ្ជាក់ថា លទ្ធផល​នេះ មាន​ប្រសិទ្ធ​ភ្លាមៗ​។​
 
​តាម​លទ្ធផល​ដដែល លោក វី​ដូ​ដូ បានការ​គាំទ្រ​ជាង​៨៥​លាន​សំឡេង​ពី​អ្នកបោះឆ្នោត​សរុប​១៥៤​លាន​នាក់​ក្នុងប្រទេស​ដែល​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ទី​បី​របស់​ពិភពលោក​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ​ពាក់ព័ន្ធ​ការបន្លំ​សំឡេងឆ្នោត​ជា​ប្រព័ន្ធ​ព្រោះ​គ្មា​ភស្តុតាង​ច្បាស់លាស់ ខណៈ​អ្នកតាមដាន​ការបោះឆ្នោត​ជាច្រើន​យល់ឃើញថា ការបោះឆ្នោត​ថ្ងៃទី​១៧ ខែមេសា ធ្វើឡើង​ដោយ​សេរី និង​យុត្តិធម៌​។ 
 
​យ៉ាងណាមិញ សមាជិក​ក្រុម​យុទ្ធនាការ​របស់លោក សូ​ប៊ីយ៉ា​ន់​តូ និង​បក្សប្រឆាំង មិនបាន​ចុះហត្ថលេខា​លើ​លទ្ធផល​ផ្លូវការ​នេះឡើយ​។ លោក Azis Subekti តំណាង​ក្រុម​យុទ្ធនាការ​របស់លោក សូ​ប៊ីយ៉ា​ន់​តូ និយាយថា ក្រុម​របស់លោក​នឹង​បោះបង់​ការប្រឹងប្រែង ប្រឈម​មុខការ​ទង្វើ​អយុត្តិធម៌ កុហក​ប​បោកប្រាស់ ហើយ​ដែល​ប្រឆាំង​ប្រជាធិបតេយ្យ​បែបនេះ​ឡើយ​។ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា លោក សូ​ប៊ីយ៉ា​ន់​តូ នឹង​ប្ដឹងតវ៉ា​ឬ​យ៉ាងណា​ឡើយ​។​
 
​អតីត​ឧ​ត្ត​ម​សេនីយ៍​ក្រោមបង្គាប់​លោក ស៊ូ​ហារ​តូ រូបនេះ ធ្លាប់​ប្រកាស​ហើយ​ថា លោក នឹង​តវ៉ា បើ​លោក វី​ដូ​ដូ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា ចូ​កូ​វី ឈ្នះឆ្នោត​ជាថ្មី​នោះ​។ លោក សូ​ប៊ីយ៉ា​ន់​តូ ធ្លាប់​រង​បរាជ័យ​ក្រោម​ស្នាដៃ​លោក វី​ដូ​ដូ ម្ដង​ហើយ​កាលពី​ឆ្នាំ​២០១៤ ដែល​កាលនោះ​លោក​បានដាក់​ពាក្យ​ប្ដឹង​ដែរ តែ​ចុងក្រោយ​ក៏​បរាជ័យ​ទៀត​។ បរាជ័យ​ជាថ្មី​នេះ អាច​នាំ​ឲ្យ​ឥណ្ឌូណេស៊ី​ធ្លាក់​ក្នុង​បញ្ហា ព្រោះ​អ្នកគាំទ្រ​លោក សូ​ប៊ីយ៉ា​ន់​តូ មាន​ផែនការ​ធ្វើបាតុកម្ម​ទៅហើយ​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម