ជាតិ
​​​ន​យោ​បាយ​ជាតិ​
នយោបាយ​កលិយុគ​!
21, May 2019 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ នយោបាយ​កលិយុគ គឺ​សំដៅ​ទៅលើ​ស្ថាន​ភាពវឹកវរ​ទាំងឡាយ ដែល​បង្កើតឡើង​ដោយ​អ្នកដឹកនាំ ឬ​អ្នកនយោបាយ ក្នុងសម័យ​ណាមួយ ដែលមាន​បំណង​ដណ្ដើម​អំណាច​។

 
​មុននឹង​យើង​និយាយ​ពី​នយោបាយ​កលិយុគ យើង​ត្រូវ​ស្គាល់​ពាក្យ​ថា នយោបាយ​ជាមុនសិន​។ តើ​អ្វី​ទៅជា​នយោបាយ​?
 
​នយោបាយ គឺជា​វិធីសាស្ត្រ សិល្បៈ បច្ចេកទេស​ក្នុងការ​ដឹកនាំ​គ្រប់គ្រង​រដ្ឋ ឬ​រដ្ឋាភិបាល​។ តាមន័យ​នេះ យើង​អាច​សង្កេតឃើញថា ពាក្យនយោបាយ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​រដ្ឋ មានន័យថា នៅពេល​មាន​ព្រំសីមា ឬ​បុរី នៅពេលនោះ​ការគ្រប់គ្រង​នយោបាយ គឺជា​កិច្ច​ការដែល​ទាក់ទង​ទៅនឹង​មនុស្ស​នៅក្នុង​រដ្ឋ​ឬ​បុរី​នោះ​។ ឧទាហរណ៍​! នៅ​ដើម​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ប្រទេស​កម្ពុជា​បាន​បង្កើត​ទៅជា​រដ្ឋ ដោយមាន​ការគ្រប់គ្រង​តាមបែប​នយោបាយ ដែលមាន​ក្ស​ត្រី លីវ យី ជា​ប្រមុខ​ដឹកនាំ​។ នេះ​គឺជា​និយមន័យ​ពាក្យនយោបាយ ដែល​នៅក្នុង​សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​កា​ទូត​ខ្មែរ អង់​គ្លេ​ស បារាំង ដែល​ចង​ក្រ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​។​
 
​ប៉ុន្តែ​បើតាម​វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ ជួន ណាត វិញ ពាក្យ​ថា​នយោបាយ គឺជា​មកពី​ពាក្យ​(​បាលី​) ដែល​ស្មើនឹង​ពាក្យ​«​ន​យ​+​ឧបាយ​) ដូច្នេះ​ក្នុងន័យនេះ សម្ដេច​សង្ឃ បាន​ឲ្យ​និយមន័យ​ពាក្យ​នេះ​ថា គឺជា​ឧបាយ​ក្នុងការ​ណែនាំ​, កលល្បិច​ឬ​មេគំនិត​ដែល​គេ​ផ្ដើមឡើង ដើម្បី​ដឹកនាំ​ជន​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅរក​ទីដៅ​យ៉ាងនេះ ឬ​យ៉ាងនោះ​, កិច្ច​ការដែល​ទាក់ទង​ដោយ​ការគ្រប់គ្រង​រដ្ឋ  ,​គប្បី​ដើរ​តាម​មាគ៌ា​នយោបាយ​នៃ​រដ្ឋបុរស ។ យើង​អាច​ឲ្យ​ជា​ឧទាហរណ៍​បាន​ថា មេដឹកនាំ ឬ​អ្នកនយោបាយ​ឃោសនា ឬ​និយាយ​សន្យា​ធ្វើ​អ្វីមួយ ទៅកាន់​ពលរដ្ឋ​។ ដូច្នេះ​តើ​ការឃោសនា ឬ​ការសន្យា​នោះ យើង​អាច​ជឿជាក់​បានដែរ​ទេ ? ហើយ​វា​អាច​ក្លាយជា​ការពិត​តាម​ការនិយាយ​របស់​ពួកគេ​ដែរឬទេ​?
 
ងាក​មក​និយាយ​រឿង​នយោបាយ​កលិយុគ​វិញ នយោបាយ​នេះ គឺ​សំដៅ​ទៅលើ​ស្ថាន​ភាពវឹកវរ​ទាំងឡាយ ដែល​បង្កើតឡើង​ដោយ​អ្នកដឹកនាំ ឬ​អ្នកនយោបាយ ក្នុង​សម័យកាល​ណាមួយ ហើយ​ក្នុង​គោលបំណង​ដណ្ដើម​អំណាច ឬ​ដោះដូរ​អំណាច តាមរយៈ​មហាជន និង​តាម​មធ្យោបាយ​ផ្សេងទៀត​។ ឧទាហរណ៍​! នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០០៣ សហរដ្ឋ​អាម៉េរិក​បានធ្វើ​សង្គ្រាម​បណ្ដេញ​លោក សា​ដាំ ហូ​សេន ប្រធាន​ធិបតី​ប្រទេស​អ៊ីរ៉ាក់ ចេញពី​អំណាច ដោយ​ចោទប្រកាន់ថា បាន​ផលិត​អាវុធ​នុយក្លេអ៊ែរ អាវុធ​គីមី និង​ដឹកនាំ​ប្រទេស​ផ្ដាច់ការ​។ ផ្ទុយទៅវិញ តាមរយៈ​របាយការណ៍​អង្កេត​ជាក់ស្ដែង​របស់​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ គេ​ពុំបាន​រកឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា ប្រទេស​អ៊ីរ៉ាក់​បាន​ផលិត​អាវុធ ដូច​ការចោទប្រកាន់​នោះទេ​។​
 
​ពាក្យនយោបាយ​កលិយុគ​នេះ គឺ​ដកស្រង់​ចេញពី​សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​កា​ទូត​ខ្មែរ អង់​គ្លេ​ស បារាំង ដែល​ចង​ក្រ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​សារព័ត៌មាន​ThmeyThmey ចុះផ្សាយ​។​

Tag:
 នយោបាយ​
  កា​ទូត​
© រក្សាសិទ្ធិដោយ thmeythmey.com