លោក ម៉ាឌុយរ៉ូ ចង់ផ្ដាច់ផ្លូវមេដឹកនាំប្រឆាំង ដោយស្នើរៀបចំការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ម៉ាឌុយរ៉ូ ចង់ផ្ដាច់ផ្លូវមេដឹកនាំប្រឆាំង ដោយស្នើរៀបចំការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់
21, May 2019 , 1:01 pm        
រូបភាព
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ នៅថ្ងៃទី២០ ខែឧសភា បានស្នើរៀបចំការបោះឆ្នោតរដ្ឋសភាដែលសព្វថ្ងៃគ្រប់គ្រងដោយក្រុមប្រឆាំង។ គម្រោងបោះឆ្នោតជ្រើសរើសសមាជិកសភាមុនកំណត់នេះ ត្រូវបានលោក ម៉ាឌុយរ៉ូ អះអាងថា ជាការធ្វើឲ្យស្ថាប័នមួយនេះស្របច្បាប់ឡើងវិញ។ ប៉ុន្តែគេបារម្ភថា គោលដៅពិតរបស់លោក ម៉ាឌុយរ៉ូ គឺផ្ដាច់ផ្លូវរបស់ក្រុមប្រឆាំងប៉ុណ្ណោះ ព្រោះរដ្ឋសភាដែលមានលោក ហ័ន ក្វៃដូ ជាប្រធាននេះ ជាស្ថាប័នតែមួយគត់ទទួលស្គាល់ដោយអន្តរជាតិ។

 

រដ្ឋសភា ដែលជាស្ថាប័នប្រជាធិបតេយ្យតែមួយគត់នៅសេសសល់នៅវ៉េណេស៊ុយអេឡា កំពុងក្លាយជាមុខសញ្ញាត្រូវកម្ចាត់ពីសំណាក់ប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ រដ្ឋសភា ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមប្រឆាំងតាំងពីឆ្នាំ២០១៥ មក ហើយបានដើរតួជាមូលដ្ឋាននយោបាយសម្រាប់លោក ហ័ន ក្វៃដូ ក្នុងយុទ្ធនាការផ្ដូលរំលំលោក ម៉ាឌុយរ៉ូ ។ លោក ម៉ាឌុយរ៉ូ បានប្រកាសនៅថ្ងៃទី២០ ខែឧសភា ពីគម្រោងរៀបចំការបោះឆ្នោតរដ្ឋសភាមុនកំណត់។

ក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅឆ្នាំ២០១៥ ក្រុមប្រឆាំងបានគ្រប់គ្រងកៅអីចំនួន១០៩ ក្នុងចំណោមកៅអីសរុប១៦៩ ខណៈបក្សដែលគាំទ្រលោក ម៉ាឌុយរ៉ូ កាន់កាន់ចំនួន៥៥ កៅអី។ ការបោះឆ្នោតអាណត្តិក្រោយ គ្រោងធ្វើនៅឆ្នាំ២០២០ ឯណោះ។ ទោះជាយ៉ាងណា លោក ម៉ាឌុយរ៉ូ មិនបញ្ជាក់ឲ្យច្បាស់ពីកាលបរិច្ឆេទរៀបចំការបោះឆ្នោតដែលលោកចង់បានឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។

ត្រូវបានគ្រប់គ្រងដោយបក្សប្រឆាំង រដ្ឋសភា បានក្លាយជាឆ្អឹងទទឹងកសម្រាប់រដ្ឋបាលលោក ម៉ាឌុយរ៉ូ ។ ទីបំផុត លោក ម៉ាឌុយរូ ក៏បង្កើតសភាធម្មនុញ្ញថ្មី ដែលដើរតួជំនួសរដ្ឋសភា ហើយអំណាចរបស់រដ្ឋសភាក៏សាបរលាប។ សភាធម្មនុញ្ញថ្មីនេះដែលពោរពេញដោយមនុស្សលោក ម៉ាឌុយរ៉ូ ក្លាយជាស្ថាប័ននីតិបញ្ញត្តិជំនួសរដ្ឋសភា ហើយក្ដោបក្ដាប់អំណាចពេញដៃទៀតផង។ ប៉ុន្តែសភាធម្មនុញ្ញ គ្មានអន្តរជាតិទទួលស្គាល់ឡើយ។

លោក ម៉ាឌុយរ៉ូ ចង់ផ្ដាច់ផ្លូវលោក ក្វៃដូ?

ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនដើម្បីអបអរជ័យជម្នះការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន លោក ម៉ាឌុយរ៉ូ ចាត់ទុករដ្ឋសភាដែលមានលោក ក្វៃដូ ជាមេដឹកនាំ ជាស្ថាប័នខុសច្បាប់។ ដូចនេះ ការបោះឆ្នោតមុនកំណត់នេះ មានគោលដៅធ្វើឲ្យរដ្ឋសភាទៅជាស្របច្បាប់វិញ។ ធ្វើឲ្យស្របច្បាប់ លោក ម៉ាឌុយរ៉ូ ទំនងចង់ឲ្យស្ថាប័នមួយនេះ លែងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំងវិញ។

បើសិនជាអាចគ្រប់គ្រងរដ្ឋសភាបាននោះ លោក ម៉ាឌុយរ៉ូ ក៏អាចដកបន្លាចេញពីទ្រូងដែរ។ នេះក៏ព្រោះរដ្ឋសភាជាទីប្រមូលផ្ដុំអំណាចរបស់លោក ក្វៃដូ ។ បើបាត់បង់កៅអីសភា លោក ក្វៃដូ ក៏អស់មានអំណះអំណាងដើម្បីតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នទៀតដែរ។ មេដឹកនាំប្រឆាំងរូបនេះ អាចប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នបាន ក្នុងនាមជាប្រធានរដ្ឋសភាប៉ុណ្ណោះដែលចែងតាមរដ្ឋធម្មនុញ្ញ។

បាត់បង់តំណែងប្រធានរដ្ឋសភា លោក ក្វៃដូ ទំនងជាមិនអាចផ្ដួលរំលំលោក ម៉ាឌុយរ៉ូ បានទៀតឡើយ បន្ថែមពីលើស្ថានភាពបច្ចុប្បន្នដែលមិនល្អស្រាប់ផងនោះ។ យ៉ាងណាមិញ បើសិនជាសភាពការណ៍ដើរដល់ចំណុចនោះមែន លោក ម៉ាឌុយរ៉ូ ផ្ទាល់ក៏ទំនងជាពិបាកដែរ ព្រោះប្រាកដជារងសម្ពាធកាន់តែខ្លាំងថែមទៀត៕

Tag:
 វ៉េណេស៊ុយអេឡា
  នីកូឡាស់ ម៉ាឌុយរ៉ូ
  ហ័ន ក្វៃដូ
© រក្សាសិទ្ធិដោយ thmeythmey.com