កម្ពុជា បានសម្រេចដាក់បេក្ខភាពទីក្រុង-ខណ្ឌ ចំនួន៦ ដើម្បីចូលរួមការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទីពីរ (Asean Clean Tourist City Standart Award) ដោយលទ្ធផលនឹងត្រូវប្រកាសនាវេទិកាទេសចរណ៍អាស៊ាន (Asean Tourism Forum) នៅប្រទេសព្រុយណេ នាដើមឆ្នាំ២០២០។
ក្រុងកំពត (ខេត្តកំពត) ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពង់ចាម (ខេត្តកំពង់ចាម) ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់) ក្រុងតាខ្មៅ (ខេត្តកណ្តាល) និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង) សុទ្ធតែជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិ ដែលទទួលបានពិន្ទុខ្ពស់ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ សម្រាប់សុពលភាព២០១៨-២០២១។
ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈលិខិតមួយចុះកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដោយលោករដ្ឋលេខាធិការ ឈិត សុខុន បានឯកភាពជាគោលការណ៍តាមសំណើររដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន សម្រាប់ការដាក់បេក្ខភាពមូលដ្ឋានទាំង៦នេះ សម្រាប់ការប្រកួតប្រជែងក្របខណ្ឌអាស៊ាន។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសេចក្តីជូនដំណឹងស្តីពីនីតិវិធីវាយតម្លៃ ដើម្បីពង្រឹងកិច្ចសហការពីថ្នាក់ដឹកនាំរាជធានី-ខេត្ត និងក្រុង-ខណ្ឌ តាមរយៈការត្រៀមលក្ខណៈឲ្យរួចរាល់ និងឈានឆ្ពោះទៅរកជ័យលាភីក្នុងតំបន់។
នីតិវិធី ត្រូវឆ្លងកាត់៥ដំណាក់កាលសំខាន់ៗ ដោយផ្តើមពីការវាយតម្លៃបឋមដោយខ្លួនឯង (Pre-assessment/Self-assessment) ពីខែឧសភា ដល់ខែមិថុនា។ ពីខែកក្កដា ដល់ខែសីហា គណៈកម្មកាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវត្រួតពិនិត្យ និងវាយតម្លៃលើរបាយការណ៍ ហើយនៅខែកញ្ញា ក្រុមការងារចុះទៅទីតាំងបេក្ខភាពផ្ទាល់ ដើម្បីឈានដល់ការរៀបចំរបាយការណ៍ចុងក្រោយដាក់ជូនរដ្ឋាភិបាលពិនិត្យ និងសម្រេច។
សម្រាប់ដំណាក់ទី៤ ដែលឈានដល់ខែតុលា គណៈកម្មកាធិការជាតិវាយតម្លៃទីក្រុងស្អាតនឹងស្នើបេក្ខភាពរបស់កម្ពុជា ដាក់ជូនអាស៊ានសម្រាប់ឆ្នាំ២០២០-២០២២។ ដំណាក់កាលចុងក្រោយ នាខែមករា ឆ្នាំ២០២០ ជ័យលាភីនឹងត្រូវប្រកាសនាវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសព្រុយណេ។
កាលពីឆ្នាំ២០១៨ ក្រុងចំនួន៣របស់កម្ពុជា រួមមានបាត់ដំបង កែប និងសៀមរាប ស្ថិតក្នុងចំណោមក្រុងចំនួន២៣នៅតំបន់អាស៊ាន ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលត្រូវបានប្រកាសក្នុងវេទិកា ATF នៅខេត្តឈៀងម៉ៃ ប្រទេសថៃ។ នាពេលនោះ កម្ពុជា បានដាក់បេក្ខភាពចំនួន៧ ដោយក្រៅពីបាត់ដំបង កែប និងសៀមរាប ដែលបានជាប់ជ័យលាភី ក្រុងផ្សេងទៀតរួមមាន ភ្នំពេញ កំពត ព្រះសីហនុ និងកំពង់ចាម។
ជ័យលាភីផ្សេងទៀតនៅតំបន់អាស៊ាន ដែលបានឈ្នះពាន Asean Clean Tourist City Award កាលពីឆ្នាំ២០១៨ មានដូចជា ក្រុងបានដាស៊េរីបេហ្កាវ៉ាន់ (ព្រុយណេ), Surabaya, Bandung, Banyuwangi (ឥណ្ឌូណេស៊ី), លួងប្រាបាង្គ (ឡាវ), Bagan, Kalaw, Pyin Oo Lwin (មីយ៉ាន់ម៉ា), Davao, Pasig, San Carlos (ហ្វីលីពីន), Trang City, Muang Nan, Muang Yasothon (ថៃ) Putrajaya, George Town, Muar (ម៉ាឡេស៊ី) និង Hoi An, Hue, Da Lat (វៀតណាម) ជាដើម៕